បណ្តាញសង្គមចិន TikTok ប្រឈមនឹងបិទទ្វារ នៅអាមេរិក
ចេញផ្សាយថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥៖
តុលាការកំពូលអាមេរិក បានដាក់ឱសានវាទឲ្យបណ្តាញសង្គមចិន TikTok ដែលមានប្រជាជន អាមេរិក ប្រើប្រាស់ប្រមាណជា១៤០លាននាក់ ត្រូវ ផ្តាច់ខ្លួនចេញពី ក្រុមហ៊ុនចិន ByteDance និងត្រូវ លក់ឲ្យក្រុមហ៊ុនអាមេរិក នៅត្រឹម ថ្ងៃអាទិត្យ ទី១៩ មករា នេះ។ បើមិនដូច្នោះទេ ក្រុមហ៊ុន TikTok នឹងត្រូវបិទទ្វារ ហើយត្រូវ ហាមឃាត់ឈប់ឲ្យប្រើប្រាស់នៅលើទឹកដីសហរដ្ឋអាមេរិក។
នៅប៉ុន្មានម៉ោងខាងមុខនេះ បណ្តាញសង្គ មចិន TikTok អាចប្រឈមនឹងបិទទ្វារនៅលើទឹកដីសហរដ្ឋអាមេរិក បន្ទាប់ពីតុលាការកំពូលអាមេរិកបានអនុម័តច្បាប់ហាមឃាត់ឈប់ឲ្យប្រើប្រាស់បណ្តាញសង្គម TikTok។ សភាអាមេរិកបានបោះឆ្នោតគាំទ្រច្បាប់ នេះ កាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅ ក្រោមហេតុផលសន្តិសុខជាតិ។ ទន្ទឹមនឹងគ្នា នេះដែរ បណ្តាញសង្គម TikTok ក៏បានប្រកាសបញ្ជាក់ អំពីការ បិទទ្វារក្រុមហ៊ុនរបស់ខ្លួន នៅថ្ងៃអាទិត្យ ទី១៩ មករា នេះ។
ចំណែក ក្រសួងយុត្តិធម៌អាមេរិក បានអបអរ សាទរចំពោះការសម្រេចចិត្តរបស់តុលាការកំពូលអាមេរិក ពីព្រោះថា ការប្រើប្រាស់បណ្តាញសង្គម TikTok បានប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខជាតិអាមេរិក និង ថា ច្បាប់នេះនឹងអាចកាត់ផ្តាច់ទំនាក់ទំនងរវាងក្រុមហ៊ុន TikTok និងរដ្ឋាភិបាលកុម្មុយនិស្តចិន។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងយុត្តិធម៌អាមេរិក ក្នុងសន្និសីទសារព័ត៌មានមួយ។
ដោយឡែក លោក ដូណាល់ ត្រាំ បានស្នើឱ្យតុលាការកំពូលអាមេរិកពន្យារពេលអនុវត្ត ច្បា ប់ នេះសិន ដើម្បីផ្តល់ឱកាសឲ្យរូប លោកដោះស្រាយបញ្ហាខាងលើ នៅពេលដែលលោកត្រាំចូលកាន់អំណាចប្រធានាធិបតីជាផ្លូវការ នៅថ្ងៃចន្ទ ទី២០ មករា ខាងមុខ។ ក៏ប៉ុន្តែ សំណើនេះត្រូវតុលាការកំពូលអាមេរិកច្រានចោល នៅថ្ងៃសុក្រ ទី១៧ មករា។ ស្របគ្នា នេះដែរ លោក Mike Waltz ទីប្រឹក្សាសន្តិសុខជាតិដែលតែងតាំងដោយរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានប្រាប់ទូរទស្សន៍អាមេរិក Fox News ថា ក្រុមការងាររបស់ខ្លួនកំពុងរិះរកគ្រប់មធ្យោបាយ ដើម្បីទប់ស្កាត់ការបិទទ្វាររបស់ ក្រុមហ៊ុន TikTok។ រីឯ រដ្ឋបាលរបស់ប្រធានាធិបតីជិតផុតអាណត្តិ ចូ បៃឌិន វិញ បានលើកឡើងថា រដ្ឋបាលរបស់លោកនឹងទុកកិច្ចការនេះឲ្យលោក ដូណាល់ ត្រាំ ជាអ្នកជ្រើសរើសថា តើត្រូវអនុវត្តច្បាប់នេះ ឬក៏យ៉ាងណា។
ឆ្លើយតបនឹងសំណើបស់លោកត្រាំទៅតុលាការកំពូលអាមេរិក អគ្គនាយកក្រុមហ៊ុន TikTok លោក Shou Chew បានបង្ហោះវីដេអូនៅលើបណ្តាញសង្គមរបស់ខ្លួន នៅថ្ងៃសុក្រ ទី១៧ មករា ថ្លែងអំណរគុណចំពោះ លោក ដូណាល់ ត្រាំ ដែលបានព្យាយាមស្វែងរកដំណោះស្រាយ ដើម្បីឲ្យបណ្តាញសង្គម TikTok បន្តវត្តមានរបស់ខ្លួននៅលើទឹកដីសហរដ្ឋអាមេរិក។
ដំណោះស្រាយដើម្បីជៀសវាងការបិទទ្វាររបស់បណ្តាញសង្គមចិន TikTok នៅអាមេរិក គឺក្រុមហ៊ុន TikTok ត្រូវតែផ្តាច់ខ្លួនពីក្រុមហ៊ុនចិន ByteDance និងលក់ឲ្យក្រុមហ៊ុនអាមេរិក។ ជាក់ស្តែង អ្នក ជំនួញ អាមេរិក លោកមហាសេដ្ឋី Frank McCourt បានដាក់សំណើទិញក្រុមហ៊ុន TikTok ក្នុងតម្លៃប្រមាណជា ២០ពាន់លានដុល្លារ ក៏ ប៉ុន្តែ ក្រុមហ៊ុន ByteDance បានបដិសេធ។
គួរបញ្ជាក់ថា ការបិទទ្វារក្រុមហ៊ុន TikTok នៅអាមេរិក នឹងអាចប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់អាមេរិកប្រមាណជា ១៤០លាននាក់។ ក្នុងនោះ វាក៏ ប៉ះពាល់ ដល់ ៧លានក្រុមហ៊ុនសហគ្រាស និង អ្នកប្រើប្រាស់អាមេរិកជាច្រើនលាននាក់ ដែលរំពឹងចំណូលពី TikTok។ ក្នុង មួយឆ្នាំៗ TikTok អាច ចូលរួម ចំណែក រកប្រាក់ ចំណូល ប្រមាណ ២៤ ពាន់ លាន ដុល្លារ ដល់ សេដ្ឋកិច្ច អាមេរិក៕
Nº.0361