ភ្លើងឆេះព្រៃនៅLos Angeles កាន់តែកាចសាហាវ សម្លាប់មនុស្សនិងដុតបំផ្លាញផ្ទះថ្លៃៗរបស់ តារាHollywood
គ្រោះមហន្តរាយភ្លើងឆេះព្រៃនៅទីក្រុង Los Angeles ហាក់មិន ថមថយចុះទាល់តែសោះ។ បន្ទាប់ពីសង្ឃឹមបាន មួយភ្លែត នៅ ពេល ខ្យល់ចាប់ចុះខ្សោយ បន្តិច នៅល្ងាចថ្ងៃសុក្រ ក្រុមពន្លត់អគ្គិភ័យ ត្រូ វប្រយុទ្ធ នឹង អំណាចភ្លើងឆេះសន្ធោសន្ធៅ ដោយសារ តែ កម្លាំងខ្យល់ចាប់បក់ លឿនខ្លាំងឡើងវិញ នៅថ្ងៃសៅរ៍។ គិតត្រឹម ព្រឹកថ្ងៃអាទិត្យ ភ្លើងឆេះព្រៃ ដែលផ្ទុះឡើង ជាលើកដំបូង នៅថ្ងៃអង្គារ ទី ៧មករា បាន សម្លាប់មនុស្ស ១៦នាក់ ដុតបំផ្លាញសំណង់អគារ ប្រមាណ ១២០០០ និង បណ្តាល ឲ្យ មនុស្ស ជាង ១សែន ៥ម៉ឺននាក់ ត្រូវ ជម្លៀសចេញពី ផ្ទះសម្បែង។
អណ្តាតភ្លើងវិលគួច ភ្លើងឆេះសន្ធោសន្ធៅ លេបត្របាក់ អគារ ផ្ទះសម្បែង ដែល ក្រុមពន្លត់ភ្លើង ប្រឹង បាញ់ទឹកពន្លត់ ទាំងគ្មាន ក្តីសង្ឃឹម។ រូបភាពទាំងនេះ ត្រូវបានលោកប្រធានាធីបតីអាមេរិក ចូ បៃដិន ប្រៀបធៀប ទៅនឹង សមរភូមិសង្រ្គាម មួយ ដែលសត្រូវកំណាចបំផុត នៅពេលនេះ គឺ ព្យុះភ្លើង។
ចាប់តាំងពីអង្គារទី ៧មករា Los Angeles ទីក្រុង ធំជាងគេ ទី២ របស់ សហរដ្ឋអាមេរិក ជួបគ្រោះធម្មជាតិ ដ៏កម្រ នោះគឺ ខ្យល់ព្យុះភ្លើង ដែលបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរ ជាងភ្លើងឆេះព្រៃធម្មតា។ ផ្ទុយពីភ្លើងឆេះព្រៃនៅរដូវក្តៅ ភ្លើងឆេះព្រៃនៅរដូវ ត្រជាក់ នៅ ភាគខាងត្បូង រដ្ឋ កាលីហ្វ័នីញ៉ា កាន់តែមាន ឥទ្ធិពល រាលដាលឆេះលឿន ដោយសារខ្យល់បក់ លឿនខ្លាំង ឈ្មោះ Santa Anaដែលជាខ្យល់ស្ងួត ក្តៅបក់ចុះពីភ្នំសំដៅទៅ សមុទ្រ ពី ខែតុលា រហូត ដល់ ខែមករា។
អ្នកជំនាញឧតុនិយមពន្យល់ថា កន្លងមកខ្យល់ Santa Anaមិន បង្ក បញ្ហា ជាភ្លើងឆេះព្រៃ ដោយសារ មានភ្លៀងធ្លាក់ គួរសម មិន ស្ងួតពេក។ ប៉ុន្តែ នៅ ៨ខែ មកនេះ ទីក្រុង Los Angelesគ្មានទឹកភ្លៀងសោះ រហូតធ្វើ ឲ្យទីក្រុង ដើមឈើលើ ភ្នំស្ងួតហួតហែងខ្លាំង ដែលអំណោយផលណាស់ ដល់ ភ្លើងឆេះព្រៃ។ បូកផ្សំនឹង ខ្យល់បក់ក្នុងល្បឿន ពី ៩០ទៅ ១៦៥គីឡូម៉ែត្រក្នុងមួយម៉ោង ភ្លើងឆេះព្រៃបានប្រែក្លាយជា ព្យុះភ្លើង ដែលលេបត្របាក់ ដុតបំផ្លាញក្នុង ទំហំផ្ទៃដី ១៥០០០ហិចតា ក្នុងនោះមាន អគារ ផ្ទះ ជាង ១២០០០ ក្នុងរយៈពេល តែ ៥ថ្ងៃ។យោងតាម ក្រុមពន្លត់អគ្គិភ័យ របស់ រដ្ឋ កាលីហ្វ័នីញ៉ា ចំណុចភ្លើងឆេះ ៤កន្លែង បាន ឆេះបំផ្លាញផ្ទៃដី ១៦០គីឡូម៉ែត្រ ការ៉េ ធំជាងទីក្រុង San Franciscoនៅភាគខាងលិច អាមេរិកទៅទៀត។
គិត ត្រឹម ព្រឹកថ្ងៃអាទិត្យ ចំនួន មនុស្ស ស្លាប់ ដោយសារ ភ្លើងឆេះព្រៃបានកើនឡើង ដល់ ១៦នាក់។ មនុស្ស ជិត ២សែននាក់ ត្រូវ ជម្លៀសចេញពីតំបន់ដែលភ្លើងឆេះ ខណៈពេល ដែល មនុស្ស ជិត ៣សែននាក់ផ្សេងទៀតកំពុង ត្រៀមលក្ខណៈ ជម្លៀសចេញពីផ្ទះសម្បែង ព្រោះថា ព្យុះភ្លើងហាក់មិនចុះខ្សោយ ប៉ុន្តែ កាន់តែឆេះ សាហាវខ្លាំងឡើងៗ។
Nº.0340