HRW៖ លោក ត្រាំ មក សេតវិមានវិញ ស្ថានភាព សិទ្ធិមនុស្សពិភពលោកនឹង កាន់ តែអាក្រក់
ចេញផ្សាយថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥
ភាព អសកម្ម របស់ រដ្ឋាភិបាល ក្នុងកិច្ច ការ ពារ ជន ទន់ ខ្សោយ បាន ធ្វើ ឱ្យខូចសណ្តាប់ ធ្នាប់ ច្បាប់ អន្តរជាតិ ។ នេះ បើ តាម ពាក្យ បរិហារ របស់ អង្គការ ការពារ សិទ្ធិមនុស្ស Human Rights Watch ដែល គិត ថា ការ វិល ត្រលប់ របស់ លោក ដូណាល់ ត្រាំ មក កាន់ សេតវិមាន នឹង ធ្វើ ឱ្យ ស្ថានភាព សិទ្ធិមនុស្ស នៅលើ ពិភពលោក ធ្លាក់ ដុនដាប កាន់ តែ ខ្លាំង។
នៅក្នុង របាយការណ៍ ប្រចាំ ឆ្នាំស្តីអំពីស្ថានភាព សិទ្ធិមនុស្ស នៅលើ ពិភពលោក ចេញ ផ្សាយ នា ថ្ងៃព្រហស្បតិ៍ទី ១៦ មករា ២០២៥ នេះ លោក ស្រី Tirana Hassan ប្រធាន អង្គការ ការពារ សិទ្ធិមនុស្ស Human Rights Watch បាន អះអាង ថា មាន ការ រំលោភ សិទ្ធិមនុស្ស យ៉ាង ខ្លាំង បំផុត នៅលើ ពិភពលោក នៅក្នុង ឆ្នាំ ២០២៤។ ជម្លោះ ប្រដាប់ អាវុធ សង្គ្រាម ការ បោះឆ្នោត នៅ តាម បណ្តា ប្រទេស ជា ច្រើន ក្នុង ឆ្នាំ កន្លង ទៅ បាន ឆ្លុះ ឱ្យ ឃើញ អំពី ស្ថានភាពអាប់ អួរ នៃ លទ្ធិប្រជាធិបតេយ្យ និង ច្បាប់ អន្តរជាតិ នៅ លើ ពិភពលោក។
ការ មិន អើ ពើ និង ភាព អសកម្ម របស់ រដ្ឋាភិបាល ជា ច្រើន ក្នុង ការ ប្រយុទ្ធ ប្រឆាំង នឹង ការ រំលោភ សិទ្ធិមនុស្ស ប៉ះពាល់ ដល់ បទ ដ្ឋាន អន្តរជាតិ នៃ ការ ការពារ ជន ស៊ីវិល និងជីវិតមនុស្ស យ៉ាង ខ្លាំង។ នេះ បើ តាម របាយការណ៍របស់ អង្គការ HRW កម្រាស់ ជាង ៥០០ ទំព័រ ដែល តាម ដាន សកម្មភាព សិទ្ធិមនុស្ស នៅ ក្នុង ជាង មួយរយប្រទេស។ អង្គការ បាន ចង្អុល មុខ ប្រទេស ជា ច្រើនថា បរាជ័យ ក្នុងបុព្វហេតុ ការ ពារសិទ្ធិមនុស្ស មាន ជា អាទិ៍ ការបិទ ខ្ទប់ និង បង្ក្រាប សេរីភាព នៅក្នុង ប្រទេស រុស្ស៊ី ឥណ្ឌា វេណេស៊ុយអេឡា ភូមា និង សង្គ្រាម ប្រដាប់ អាវុធ នៅ ហ្កាហ្សា នៅ ស៊ូដង់ ឬ នៅអ៊ុយក្រែន ព្រមទាំង វិបត្តិ មនុស្សធម៌ នៅ ហៃទី ។ល។
បើ តាម HRW ស្ថានភាព សិទ្ធិមនុស្ស កំពុង ដាំក្បាល ចុះ ដោយ ហេតុ តែ មេដឹកនាំ ផ្តាច់ការ ដូច យ៉ាង នៅរុស្ស៊ី ឬនៅ ម៉ាលី ពង្រឹង អំណាចកាន់ តែ ខ្លាំង ផង និង ដោយ ហេតុ តែ ក្រុម អ្នក ប្រជាធិបតេយ្យ សេរីនិយម មិន ការពារ សិទ្ធិមនុស្ស ក្នុង ប្រទេស ឯងផង និង នៅ បរទេសផង។ ប្រទេស ប្រជាធិបតេយ្យ មិន ការពារ សិទ្ធិមនុស្ស ដ៏ ធំ ជាង គេ គឺ សហរដ្ឋ អាមេរិក។ សម្រាប់ HRW រដ្ឋាភិបាល អាមេរិក ក្រោម ការ ដឹកនាំ របស់ លោក ចូបៃដិន បាន បន្ត បញ្ជូន អាវុធ ទៅ ឱ្យ អ៊ីស្រាអែល បើ ទោះ បី ជាមាន ភស្តុតាង បង្ហាញ ថា អាវុធ អាមេរិក បាន សម្លាប់ ជីវិត ជន ស៊ីវិល ក្នុង សង្គ្រាម នៅហ្កាហ្សា ក៏ ដោយ។ នេះ ជា ពាក្យ បរិហារ របស់ លោកស្រី ប្រធាន អង្គការ ការពារ សិទ្ធិមនុស្សHRW ដោយ ទាញ សញ្ញា អាសន្ន ថា ស្ថានភាព សិទ្ធិមនុស្ស អាច នឹង កាន់ តែ ធ្លាក់ ដុន ដាប បន្ថែម ទៀត នៅ ពេល លោក ដូណាល់ ត្រាំ ត្រលប់ មកដឹកនាំ សហរដ្ឋ អាមេរិកជា ថ្មី។ អង្គការ ព្រួយ ខ្លាច តែ លោក ប្រធានាធិបតី អាមេរិក ថ្មី លើក ទឹក ចិត្ត ឱ្យ មាន ការ រំលោភ សិទ្ធិមនុស្ស ដូច ឬ ខ្លាំង ជាង អាណត្តិ មុនទេ។ លោកស្រី បានព្រមាន ថា រដ្ឋាបាល លោក ត្រាំ បានចេញ សញ្ញាប្រឆាំង នឹង សិទ្ធិមនុស្ស សិទ្ធិ អន្តោប្រវេសន៍ សិទ្ធិស្ត្រី សិទ្ធិ ស្រលាញ់ ភេទ ដូច គ្នា នៅក្នុង ប្រទេស រួច ស្រេច ហើយ។ ហើយ សញ្ញា នេះអាច នឹង ជះ ឥទ្ធិពល ដល់ នយោបាយការបរទេស ធ្ងន់ធ្ងរណាស់។
ថ្វីបើ ស្ថានភាព សិទ្ធិមនុស្ស នៅលើ ពិភពលោក អាប់ អួរ មែន ប៉ុន្តែ ដំណឹង ល្អ ក៏ មាន។ រដ្ឋាភិបាល អសកម្ម តែមាន កម្លាំង យុត្តិធម៌ អន្តរជាតិ និង ចលនា ប្រជាជន តស៊ូ ដើម្បី សិទ្ធិ សេរីភាព ព្រោះ ខ្ពើម ភាព អយុត្តិធម៌ និង អំពើ ពុក រលួយ។ HRWបាន លើក សរសើរ អំពីករណី ប្រទេស បង់ក្លាដែស ដែល ចលនា ប្រជាជន អាច បណ្តេញ អតីត នាយករដ្ឋមន្ត្រី ផ្តាច់ការ ស្ហេក ហាស៊ីណា ចេញ ពី តំណែង បាន៕