អាមេរិក គ្រោងបញ្ចេញកញ្ចប់ថវិកាជាង ៣០០ លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយបក្សី H5N1
រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ ចូ បៃដិន បានប្រកាសកាលពីថ្ងៃសុក្រ ទី៣ មករា អំពីការត្រៀមបញ្ចេញកញ្ចប់ថវិការាប់រយលានដុល្លារ ដើម្បីពង្រឹងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺផ្តាសាយបក្សីប្រភេទ H5N1
កញ្ចប់ថវិកា ៣០៦ លានដុល្លារ នឹងគ្រោងចំណាយលើកម្មវិធីរៀបចំ និង ត្រួតពិនិត្យថ្នាក់ជាតិ តាមបណ្តារដ្ឋ និង មូលដ្ឋាន នានា ទូទាំងសហរដ្ឋអាមេរិក ព្រមទាំងការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយបក្សីប្រភេទ H5N1។ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលអាមេរិក លោក Xavier Becerra នាពេលថ្មីៗនេះ ក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងវ៉ាស៊ីនតោន។ រដ្ឋមន្រ្តីរូបនេះ បានបន្តទៀតថា ទោះបីជាហានិភ័យនៃជំងឺផ្តាសាយបក្សី ចំពោះមនុស្សនៅមានកម្រិតទាប តែយើងក៏ត្រូវត្រៀមខ្លួនទុកជាមុន ដើម្បីការពារសុខភាពប្រជាជនអាមេរិក និង រក្សាសុវត្ថិភាពប្រទេសជាតិ។ បើយោងតាមអាជ្ញាធរអាមេរិក នៅដើមឆ្នាំ ២០២៤ គេបានរកឃើញករណីឆ្លងជំងឺផ្តាសាយបក្សីលើមនុស្សចំនួន ៦៦នាក់ ហើយប្រហែលជាអាចមានឆ្លងលើមនុស្សជាច្រើនអ្នកផ្សេងទៀត ដែលគេពុំបានដឹង។
សូមរំឭកថា គិតមកទល់ពេលបច្ចុប្បន្ននេះ គេនៅមិនទាន់រកឃើញករណីឆ្លងជំងឺផ្តាសាយបក្សីពីមនុស្សទៅមនុស្សនៅឡើយទេ។ តែយ៉ាងណា កម្រិតនៃការចម្លងជំងឺនេះ ធ្វើឲ្យអ្នកស្រាវជ្រាវកំពុងព្រួយបារម្ភថា ជំងឺផ្តាសាយបក្សីអាចចូលទៅលាយឡំជាមួយនិងជំងឺផ្តាសាយធំធម្មតា ដែលករណីនេះនឹងបង្កឲ្យមានជំងឺរីករាលដាលដ៏កាចសាហាវពាសពេញសកលលោក ដូចមានជំងឺផ្តាសាយបក្សី នៅឆ្នាំ ១៩១៨ និង ឆ្នាំ ២០០៩ ជាឧទាហរណ៍ ដែលបានសម្លាប់ជីវិតមនុស្សរាប់ម៉ឺននាក់។ ជុំវិញបញ្ហានេះ មតិសាធារណៈមួយចំនួន កំពុងព្រួយបារម្ភថា រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ អាចនឹងខ្វះសមត្ថភាព ក្នុងការគ្រប់គ្រងស្ថានភាពអាសន្ន ដូចមានករណីជំងឺកូវីដ ១៩ ជាឧទាហរណ៍ស្រាប់។ ពុំតែប៉ុណ្ណោះ កាលពីខែមេសាកន្លងទៅ លោក ដូណាល់ ត្រាំ ធ្លាប់បានបញ្ជាក់ប្រាប់ទស្សនាវដ្តី Time ថាប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីសាជាថ្មី លោកនឹងអាចលុបចោលការិយាល័យប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅសេតវិមាន ដែលបានបង្កើតឡើង និង គ្រប់គ្រងដោយរដ្ឋបាលរបស់លោកប្រធានាធិបតីជិតផុតអាណត្តិ ចូ បៃ ដិន។ ទន្ទឹមគ្នានេះ ជម្រើសរដ្ឋមន្ត្រីសុខាភិបាលថ្មី ពីសំណាក់លោក ដូណាល់ ត្រាំ ក៏កំពុងក្លាយជាប្រធានបទក្តៅមួយ ដ្បិតថាលោក Kennedy Jr គឺជាបុគ្គលម្នាក់ ដែលមិនគាំទ្រការចាក់វ៉ាក់សាំង និង មានបំណងផ្លាស់ប្តូរស្ថាប័នសុខាភិបាលរដ្ឋ។
គួរបញ្ជាក់ថា អាមេរិកកំពុងព្រួយបារម្ភថា មេរោគផ្តាសាយបក្សីប្រភេទ H5N1 នេះ ទំនងជាបានបំប្លែងខ្លួនក្នុងរាងកាយអ្នកជំងឺអាមេរិកម្នាក់ ដើម្បីសម្របខ្លួនទៅនឹងប្រព័ន្ធផ្លូវដង្ហើមរបស់មនុស្សទូទៅ។ នេះបើតាមការប្រកាសរបស់អាជ្ញាធរសុខាភិបាលអាមេរិក កាលពីចុងខែធ្នូ។ ស្របពេលជាមួយគ្នាដែរ អាជ្ញាធរសុខាភិបាលក៏កំពុងតាមដានយ៉ាងដិតដល់ នូវការកើនឡើងនៃករណីជំងឺផ្តាសាយបក្សីក្នុងចំណោមសត្វឆ្មា ដែលអាចចម្លងបន្ត ទៅកាន់ម្ចាស់វាដែលប៉ះពាល់សត្វចញ្ចឹមប្រភេទនេះ ជាអចិន្ត្រៃយ៍។
Nº.0305