ថៃ៖ អេកាឡាក់ ភាណយ ត្រូវបានបញ្ជូនទៅតុលាការក្នុងសំណុំរឿងឃាតកម្មលោក លិម គិមយ៉ា
ចេញផ្សាយថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥
នៅ ព្រឹក ថ្ងៃ ទី ១៣ ខែ មករា ឆ្នាំ ២០២៥ សមត្ថកិច្ចថៃ សម្រេច បញ្ជូន ជន សង្ស័យ អេកាឡាក់ ភាណយ (Ekkalak Pheanou) ដែល បាញ់ សម្លាប់ លោក លិម គិមយ៉ា តំ ណាង រាស្ត្រនៃ អតីត គណ បក្ស សង្គ្រោះជាតិ ទៅតុលាការ ព្រហ្ម ទណ្ឌថៃ ដើម្បី បន្ត នីតិ វិធី តាម ច្បាប់ ។ បើ តាម សារ ព័ត៌មាន ក្នុង ស្រុក របស់ ថៃ ជនល្មើស រូប នេះ ប្រឈម នឹង បទ ចោទ ឃាតកម្ម គិត ទុក ជាមុន និង បទ ល្មើស ប្រើប្រាស់ អាវុធ បាញ់ បោះ នៅ ទីសា ធារណៈ ។
យោង តាមសារព័ត៌មានក្នុងស្រុករបស់ថៃឈ្មោះ Thai Enquirer ជនសង្ស័យ អេកាឡាក់ ភាណយ (Ekkalak Pheanou) នៅតែបន្តបដិសេធមិនព្រមបង្ហាញអត្តសញ្ញាណរបស់មេក្លោងដែលនៅពីក្រោយការសម្លាប់ លោក លិម គិមយ៉ា អតីតអ្នកតំណាងរាស្រ្តខ្មែរ។ ការបន្តបដិសេធម្តងហើយម្តងទៀតនេះដោយជនសង្ស័យនិយាយថា ខ្លួនបារម្ភពីការតាមសម្លាប់បំបិទមាត់រូបគេដើម្បីបញ្ចប់ការស៊ើបអង្កេត និងការធ្វើបាបទៅលើសមាជិកគ្រួសាររបស់ខ្លួន។
ទោះជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃលោក Tawee Sodsong បានចេញមុខធានាថា នៅពេលតុលាការសម្រេចការចោទប្រកាន់ នោះការឃុំខ្លួន អេកាឡាក់ ភាណយនឹងត្រូវផ្ទេរទៅពន្ធនាគារក្រុងបាងកក។
តាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃរូបនេះដដែល កន្លែងឃុំខ្លួនទាំងអស់ត្រូវបានផ្តល់នូវសុវត្ថិភាពដល់ជនជាប់ចោទទាំងអស់ តែសម្រាប់ករណី អេកាឡាក់ ភាណយ នឹងមានការរឹតបន្តឹងខ្លាំងជាងករណីទូទៅ រួមទាំងមានទាំងការចាត់តាំងសមត្ថកិច្ចដើម្បីតាមដានជាប្រចាំ។ លោក Tawee Sodsong បានបន្ថែមថា មានការដាក់កាមេរ៉ាតាមឃ្លាំមើល ២៤ម៉ោងលើ២៤ម៉ោង នៅពេលដែលអេកាឡាក់ ភាណយត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ និងថា សន្តិសុខនៅពន្ធនាគារត្រូវធានាទៅតាមស្តង់ដារអន្តរជាតិ។
សូមរម្លឹកថា ជនសង្ស័យ អេកាឡាក់ ភាណយ ជាអតីតទាហានជើងទឹកថៃដែលត្រូវបានបណ្តេញចេញពីជួរកងទ័ពរូបនេះត្រូវបានចាប់ខ្លួននៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ពោលមួយថ្ងៃក្រោយពីមានករណីឃាតកម្មលើលោក លិម គិមយ៉ា តំណាងរាស្ត្រនៃអតីតគណបក្សប្រឆាំងរបស់កម្ពុជានៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ក្នុងទីក្រុងបាងកក ប្រទេសថៃ។ ក្រៅពីជនល្មើស អេកាឡាក់ ភាណយ ជាជនជាតិថៃ ក៏នៅមានជនសង្ស័យទី២ ជាជនជាតិខ្មែរដែលសមត្ថកិច្ចថៃថាមានឈ្មោះ ពេជ្រ និងដែលត្រូវបាននគរបាលយុត្តិធម៌ថៃចេញដីកាតាមចាប់ខ្លួនដោយបញ្ជាក់ថា បុរសរាងធាត់រូបនេះជាអ្នកបោះតម្រុយឱ្យខ្មាន់កាំភ្លើងបាញ់សម្លាប់លោក លិម គិមយ៉ា។
កាមេរ៉ាសុវត្ថិភាពបានបង្ហាញជនឈ្មោះ ពេជ្រ ជិះរថយន្តក្រុងជាមួយលោក លិម គិមយ៉ា ពីខេត្តសៀមរាបទៅក្រុងបាងកក។ តែប៉ុន្មានម៉ោងក្រោយឃាតកម្ម ជនសង្ស័យទី២ ដែលត្រូវបានអ្នកនយោបាយបក្សប្រឆាំងបញ្ជាក់ថា មានឈ្មោះ ពេជ្រ គឹមស៊្រិន បានចាកចេញពីទីក្រុងបាងកកដោយជិះយន្តហោះមកប្រទេសកម្ពុជាទាំងយប់៕