បទ ឈប់បាញ់ នៅ ហ្កាហ្សាចូល ជា ធរមាន ហាម៉ាស ដោះលែង ចំណាប់ ខ្មាំងអ៊ីស្រាអែល បី នាក់ដំបូង
ទោះបី យឺត យ៉ាវ បន្តិច មែន ប៉ុន្តែ បទ ឈប់ បាញ់ រវាង អ៊ីស្រាអែល និង ចលនា ហាម៉ាស នៅ ហ្កាហ្សា បាន ជា ចូល ជា ធរមាន នៅ ថ្ងៃ អាទិត្យ ទី ១៩ មករា ២០២៥ ដូច សេចក្តី ប្រកាសក្នុង កិច្ចព្រមព្រៀង។ ប៉ុន្មាន ម៉ោង ក្រោយ ពី ចលនា ហាម៉ាស បានដោះលែង ចំណាប់ ខ្មាំងអ៊ីស្រាអែល បីនាក់ ដំបូងមក អាជ្ញាធរ អ៊ីស្រាអែល បានផ្តល់ សេរីភាព ដល់ អ្នក ទោស ប៉ាឡេស្ទីន ចំនួន ៩០ នាក់ ជា ថ្នូរ។
បទឈប់ បាញ់ រវាង យោធា អ៊ីស្រាអែល និង ចលនា ហាម៉ាស បាន ចូល ជា ធរមាន នៅ ថ្ងៃ ទី ១៩ មករា ២០២៥ វេលា ម៉ោង ៩និង ១៥ នាទី ម៉ោង សកល ដោយយឺត អស់ ជិត បី ម៉ោង និង ដោយ ត្រូវ រង់ចាំ បញ្ជី ឈ្មោះ ចំណាប់ ខ្មាំង បី នាក់ ដំបូង ដែលចលនា ហាម៉ាស ត្រូវ ដោះលែង។ ចំណែក ចលនា ហាម៉ាសបាន បក ស្រាយ ថា ភាពយឺត យ៉ាវ បណ្តាល មកពី ស្ថានភាព ស្មុគស្មាញ ខ្លាំងដោយ មាន ការផ្លោង វាយប្រហារ ជា បន្ត ពីសំណាក់ ទាហាន អ៊ីស្រាអែល។
នៅ ទី បំផុត នៅ ពេល ល្ងាច ថ្ងៃអាទិត្យ ដដែល ទើប ប្រមុខ ចលនា ហាម៉ាស ប្រកាស ថា ចំណាប់ ខ្មាំង បី នាក់ ដំបូង បាន ប្រគល់ ជូន ដល់ ដៃ គណៈកម្មាធិការ អន្តរជាតិ នៃអង្គការ កាកបាទក្រហម នៅ ក្រុង ហ្កាហ្សាហើយ។ យោធា អ៊ីស្រាអែល ក៏ បាន បញ្ជាក់ ព័ត៌មាន ថានាងEmily Damari អាយុ ២៨ ឆ្នាំ ជាតិ អ៊ីស្រាអែល អង់គ្លេស នាងDoron Steinbrecherអាយុ ៣១ ឆ្នាំ ជាតិ អ៊ីស្រាអែល រ៉ូម៉ានី ដែល ហាម៉ាស បាន ចាប់ ខ្លួន នៅ ភូមិ Kfar Azaនិង នាង Romi Gonen អាយុ ២៤ ឆ្នាំដែល ហាម៉ាស ចាប់ ខ្លួន បាន នៅ កន្លែង ប្រគុំ តន្ត្រី ថ្ងៃទី ៧ តុលា ២០២៣ ពិត ជា បាន មក ដល់ អ៊ីស្រាអែល។
ក្រោយ ពី បាន ទទួល ចំណាប់ ខ្មាំង អាជ្ញាធរ ពន្ធនាគារ អ៊ីស្រាអែល បានប្រកាស ដោះលែង អ្នក ទោស (ភេរវជន) ប៉ាឡេស្ទីន ចំនួន ៩០ នាក់ នៅ អាធ្រាត្រ ថ្ងៃ អាទិត្យ ឆ្ល ងមក ថ្ងៃ ចន្ទ ក្រោម សម្រែក អំណរ របស់ មនុស្ស ម្នាក់ រាប់ រយ នាក់ តាម ដង ផ្លូវ ។
ស្រប តាម កិច្ចព្រមព្រៀងឈប់ បាញ់ ដំណាក់កាលទី មួយ ដែល មាន រយៈ ពេល ៤២ ថ្ងៃ មាន ចំណាប់ ខ្មាំង ៣៣ នាក់ នឹងបាន ទទួល សេរីភាព វិញ។ បើ តាម អ្នក នាំពាក្យ យោធា អ៊ីស្រាអែល ចលនា ហាម៉ាស ត្រូវ ដោះលែង ចំណាប់ ខ្មាំង បី ទៅ បួន នាក់ ក្នុង មួយ សប្តាហ៍។ ការ ដោះដូរ ចំណាប់ ខ្មាំង លើក ក្រោយ នឹង ប្រព្រឹត្តទៅ នៅ ថ្ងៃ សៅរ៍ ទី ២៥ មករា។ នេះ បើ តាម ការ អះអាង របស់ អ្នក ទទួល ខុស ត្រូវ ហាម៉ាស។
ក្នុង ពេល ជាមួយ គ្នា នេះ នៅ តំបន់ ហ្កាហ្សា ប្រជាពលរដ្ឋ រាប់ ពាន់ នាក់ ចាប់ ផ្តើម ធ្វើ ដំណើរ ត្រលប់ ទៅ ផ្ទះ សម្បែង វិញ និង បាន ឃើញ ទំហំ នៃ ភាព ហិនហោចដោយ សង្គ្រាម។ ជំនួយ មនុស្សធម៌២៦០ ឡាន និង ជំនួយ ប្រេង ១៦ ឡាន ក៏ ចាប់ ផ្តើម ទៅ ដល់ ហ្កាហ្សា ដែរ នៅប៉ុន្មាន នាទី ក្រោយ បទ ឈប់ បាញ់ ចូល ជា ធរមាន ភ្លាម។ នេះ បើ តាម សេចក្តីប្រកាស របស់ អង្គការ សហប្រជាជាតិ។ តាម គម្រោង ក្នុង អំឡុង ពេល ឈប់ បាញ់ ហ្កាហ្សា នឹង ទទួល បាន ជំនួយ ៦០០ ឡាន ក្នុង មួយ ថ្ងៃៗ ៕
Nº.0368