សាលាក្រុងភ្នំពេញហាមមិនឱ្យដុតផាវ ដុតកាំជ្រួចក្នុងឱកាសបុណ្យចូលឆ្នាំចិន និងវៀតណាម

7News

សាលាក្រុងភ្នំពេញហាមមិនឱ្យដុតផាវ ដុតកាំជ្រួចក្នុងឱកាសបុណ្យចូលឆ្នាំចិន និងវៀតណាម

ចេញផ្សាយថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ សាលាក្រុងភ្នំពេញបានចេញសេចក្ដីណែនាំដោយហាមដាច់ខាតមិនឱ្យមានការដុតផាវ ដុតកាំជ្រួច ឬឧបករណ៍ដែលបង្កជាសំឡេងផ្ទុះនាឱកាសចូលឆ្នាំចិន និងវៀតណាមដែលឈានចូលមកដល់នៅចុងខែមករានេះ។ តាមសាលាក្រុង បើជនណានៅតែបំពាន ឬល្មើសមិនគោរពតាមការណែនាំនឹងត្រូវទទួលទោសទណ្ឌតាមផ្លូវច្បាប់។

រដ្ឋបាលសាលាក្រុងភ្នំពេញបានបញ្ជាក់នៅក្នុងលិខិតណែនាំរបស់ខ្លួន ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា គឺហាមដាច់ខាតមិនឱ្យមានការដុតផាវ ដុតកាំជ្រួច ឬបង្កជាសំឡេងផ្ទុះគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ ។ ជាមួយគ្នា រដ្ឋបាលសាលាក្រុងក៏បានហាមដាច់ខាតមិនឱ្យមានការលេងល្បែងស៊ីសង និងហែក្បួនផ្សេងៗ ទាំងបែបសាសនា និងប្រពៃណី បើសិនគ្មានការអនុញ្ញាត។ តាមលិខិតណែនាំដដែល លោក ឃួង ស្រង អភិបាលក្រុងភ្នំពេញបានឱ្យអាជ្ញាធរមានសមត្ថកិច្ចក្នុងរាជធានីត្រូវចាត់វិធានការម៉ឹងម៉ាត់បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច និងជាតិផ្ទុះគ្រប់ប្រភេទចូលក្នុងទីក្រុងភ្នំពេញ។

បើរកឃើញវត្ថុជាតិផ្ទុះទាំងនោះមានដាក់លក់តាមទីផ្សារ និងគ្រប់កន្លែងក្នុងរាជធានីភ្នំពេញ គឺត្រូវតែដកហូតចាប់ពីថ្ងៃទី១៧ មករា នេះតទៅ។ តាមលោកអភិបាលក្រុង បើជនណានៅតែបំពាន ឬប្រព្រឹត្តល្មើសមិនគោរពតាមការណែនាំ ហើយបង្កចលាចលក្នុងសង្គម ប៉ះពាល់ដល់សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយក្នុងក្រុងនឹងត្រូវទទួលទោសទណ្ឌតាមផ្លូវច្បាប់។ លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI នាថ្ងៃទី១៧ មករានេះថា សាលាក្រុងភ្នំពេញតែងតែណែនាំ និងហាមប្រាមបែបនេះជារៀងរាល់ឆ្នាំ តែការអនុវត្តមិនសូវមានប្រសិទ្ធភាពទេ។

មិនមានប្រសិទ្ធភាពដោយ លោកយង់ គឹមអេង ពន្យល់ថា នៅមានពលរដ្ឋដែលជាប់ខ្សែស្រឡាយទាំងចិន និងវៀតណាមនៅតែអុជកាំជ្រួច និងផាវដដែល។ តែយ៉ាងណា ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពរូបនេះ សម្លឹងឃើញថាក្នុងឆ្នាំ២០២៥ សាលាក្រុងមានការប្ដេជ្ញាចិត្តខ្លាំងក្នុងការគ្រប់គ្រងបញ្ហាដុតផាវ ដុតកាំជ្រួចនេះ ហើយសង្ឃឹមថា សាលាក្រុងនឹងអាចអនុវត្តតាមសេចក្ដីណែនាំរបស់ខ្លួនដោយមានប្រសិទ្ធិភាពក្នុងឆ្នាំនេះ។ តាម លោក យង់ គឹមអេង ការអុជផាវ និងកាំជ្រួច ក្នុងទីក្រុងមានហានិភ័យខ្ពស់ ព្រោះតែស្ថានភាពចង្អៀតដែលងាយបង្កជាអគ្គិភ័យឆាបឆេះផ្ទះសម្បែង៕

Nº.0359

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top