ជនសង្ស័យសម្លាប់លោក លិម គិមយ៉ា នៅថៃត្រូវបានអាជ្ញាធរខ្មែរឃាត់ខ្លួនក្នុងខេត្តបាត់ដំបង
អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានភ្លាមៗមួយនៅយប់ថ្ងៃពុធទី០៨ មករានេះដោយបញ្ជាក់ពីការចាប់ខ្លួនជនសង្ស័យជាឃាតករបាញ់សម្លាប់លោក លិម គិមយ៉ា តំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិនៅក្នុងក្រុងបាងកក ប្រទេសកាលពីយប់ថ្ងៃទី៧ មករា។ សេចក្តីប្រកាសរបស់អគ្គស្នងការដ្ឋានបានឲ្យដឹងថា ជនសង្ស័យជាខ្មាន់កាំភ្លើងឈ្មោះ អេកាឡាក់ ភាណយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ក្រោយរូបគេបានព្យាយាមរត់គេចពីការតាមចាប់របស់សមត្ថកិច្ចថៃ។
អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបានបញ្ជាក់នៅសេចក្តីប្រកាសព័ត៌មានភ្លាមៗក្នុងយប់ថ្ងៃពុធ ទី០៨ មករានេះថា ជនសង្ស័យជាខ្មាន់កាំភ្លើងឈ្មោះ អេកាឡាក់ ភាណយ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅកម្ពុជាត្រង់ចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបងនាវេលាម៉ោង ១ និង៥០នាទីរសៀល ហើយថា ការឃាត់ខ្លួននេះធ្វើឡើងតាមការស្នើសុំកិច្ចសហការរបស់សមត្ថកិច្ចថៃ។ តាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរកម្ពុជាដដែល ជនសង្ស័យ អេកាឡាក់ ភាណយត្រូវបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីសាកសួរ រួចនឹងបញ្ចូនត្រលប់ទៅប្រទេសថៃដើម្បីបន្តការស៊ើបអង្កេតជុំវិញករណីសង្ស័យបាញ់សម្លាប់លោក លិម គិមយ៉ា តំណាងរាស្ត្រនៃអតីតបក្សសង្គ្រោះជាតិមណ្ឌលកំពង់ធំ។
សូមរម្លឹកថា លោក លិម គិមយ៉ាត្រូវបានខ្មាន់កាំភ្លើងបាញ់ចំនួន៣គ្រាប់បណ្តាលឲ្យដេកដួលនឹងដី និងផុតដង្ហើមភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃអង្គារ ទី០៧ មករានៅក្បែរវត្តបូវ័ន្តនិវិត្ត ក្នុងទីក្រុងបាងកក ប្រទេសថៃ។ តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ គេឃើញវត្តមានខ្មាន់កាំភ្លើងក្នុងសម្លៀកបំពាក់អាវយឺតពណ៌ប្រផេះ ខោខូវប៊យ និងមានស្ពាយកាបូបចំហៀងជិះម៉ូតូហុងដាវ៉េវមកឈប់ចាំវត្តមានលោក លិម គិមយ៉ាដើម្បីបាញ់តែម្តង។ ភ្លាមៗក្រោយហេតុការណ៍បាញ់នោះ ជនសង្ស័យត្រូវបានអាជ្ញាធរថៃកំណត់មុខសញ្ញា គឺអេកាឡាក់ ភាណយដែលជាអតីតទាហានជើងទឹកថៃ និងបច្ចុប្បន្នជាអ្នករត់ម៉ូតូឌុប។
ដោយឡែក ព័ត៌មានចុងក្រោយពីប្រទេសថៃតាមរយៈកាសែត The Nation បានឲ្យដឹងថា លោក លិម គិមយ៉ា និងភរិយា រួមទាំងឪពុកមាបានធ្វើដំណើរចេញពីខេត្តសៀមរាបឆ្ពោះទៅទីក្រុងបាងកកតាមរថយន្តក្រុងដើម្បីដើរកម្សាន្តវិស្សមកាល។ ប៉ុន្តែនៅពេលដល់ទីក្រុងបាងកកត្រង់ចំណុចកើតហេតុ លោកលិម គិមយ៉ាក៏ត្រូវខ្មាន់កាំភ្លើងដើរសំដៅទៅបាញ់ភ្លាមៗ។ ក្រៅពីខ្មាន់កាំភ្លើងឈ្មោះ អេកាឡាក់ ភាណយ សមត្ថកិច្ចថៃក៏បានដាក់ការសង្ស័យទៅលើបុរសមានមាឌធាត់ក្រអាញម្នាក់ទៀត ឈ្មោះ ពេជ្រ ជាជនសង្ស័យទី២នៃការបោះតម្រុយឲ្យខ្មាន់កាំភ្លើងបាញ់លើលោក លិម គិមយ៉ា។
ចំណែកសារព័ត៌មាន Khoasad ជាភាសាអង់គ្លេសក៏បានដាក់សេចក្តីសង្ស័យដូចគ្នានេះដោយសំអាងលើតឹកតាងដែលសមត្ថកិច្ចថៃរកឃើញថា បុគ្គលឈ្មោះ ពេជ្រ បានធ្វើដំណើរតាមរថយន្តក្រុងពីខេត្តសៀមរាបទៅកាន់ទីក្រុងបាងកកជាមួយលោក លិម គិមយ៉ាដែរ។ តែអ្វីដែលធ្វើឲ្យសមត្ថកិច្ចថៃដាក់ការសង្ស័យកាន់តែខ្លាំងបំផុតនោះ គឺបុគ្គលឈ្មោះ ពេជ្រ បានចាកចេញពីប្រទេសថៃភ្លាមៗនៅយប់ថ្ងៃទី០៧មករាវេលាម៉ោង ៩យប់តាមជើងហោះហើរពីក្រុងបាងកកមកកាន់ក្រុងភ្នំពេញ។
ទោះយ៉ាងណា សមត្ថកិច្ចកម្ពុជានៅមិនទាន់បានបង្ហាញលម្អិតបន្ថែមយ៉ាងម៉េចជុំវិញការដាក់ក្តីសង្ស័យរបស់សមត្ថកិច្ចថៃទៅលើបុគ្គលឈ្មោះ ពេជ្រ នៅឡើយទេ។ គួរបញ្ជាក់ថា លោក លិម គិមយ៉ា ជាតំណាងរាស្ត្រនៃអតីតបក្សសង្រ្គោះជាតិមណ្ឌលកំពង់ធំដែលមានសញ្ជាតិខ្មែរ និងបារាំង ហើយមានភរិយាជាជនជាតិបារាំង។ ក្នុងតំណែងជាតំណាងរាស្ត្រកន្លងមក លោក លិម គិមយ៉ាត្រូវបានគេស្គាល់ជាអ្នកនយោបាយហ៊ានរិះគន់មិនសំចៃមាត់ចំពោះសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជា។ ថ្មីៗមុនត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ លោក លិម គិមយ៉ាបានសរសេររិះគន់ចំពោះការរៀបចំព្រឹត្តិការណ៍សាទរកម្ពុជាដែលលោកយល់ថា ជាព្រឹត្តិការណ៍មួយពេលខ្លី គ្មានស្ថិរភាព និងមិនបានផ្តល់ប្រយោជន៍អ្វីដល់ប្រជាពលរដ្ឋ៕
Nº.0319