បាតុករ ហ្វីលីពីន ជាង មួយ លាន នាក់ផ្តុំ គ្នា ប្រឆាំង នឹង គម្រោង ទម្លាក់ អនុប្រធានាធិបតី
ចេញផ្សាយថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥៖
នៅ ថ្ងៃ ចន្ទទី ១៣ មករា ២០២៥ នេះ បាតុករ ហ្វីលីពីន ជាង មួយ លាន នាក់ ដែល ជា សមាជិកសាសនា និកាយ Iglesia ni Cristo (Eglise pour le Christ) បាន ប្រមូល ផ្តុំ គ្នា ជា ច្រើន កន្លែង ក្នុង ផ្ទៃ ប្រទេស។ បុព្វហេតុ នៃ បាតុកម្ម គឺ ដើម្បីប្រឆាំង នឹង គម្រោងរៀប ចំ ទម្លាក់ លោកស្រី អនុប្រធានាធិបតី ចេញ ពី តំណែង។ លោកស្រីសារ៉ា ឌុយទែរតេ បាន ក្លាយ ជា អនុប្រធានាធិបតី នៅឆ្នាំ ២០២២។
បាតុកម្ម គាំទ្រ លោកស្រី អនុប្រធានាធិបតីហ្វីលីពីន សារ៉ា ឌុយទែរតេ មាន រៀប ចំ ធ្វើ ឡើង នៅ ស្ទើរ ទូទាំង ប្រទេស។ ជា សរុប បាតុករ ដែលសុទ្ធ សឹង ជា សមាជិក សាសនា និកាយ Iglesia ni Cristo ប្រមាណ ជាង មួយ លាន នាក់ បាន ប្រមូល ផ្តុំ គ្នា ជា ទ្រង់ទ្រាយធំ នៅ តាម ទី តាំង ផ្សេងៗ គ្នា ប្រមាណ ជាង ១០ ក្រុម ដើម្បី ស្រែក ប្រឆាំង នឹង ដំណើរបែបបទ ទម្លាក់ លោកស្រី សារ៉ា ឌុយទែរតេ ពី តំណែង។ ចំណែក អាជ្ញាធរ បាន បញ្ចេញ កម្លាំង ប៉ូលិស ជាង ៥០០០ នាក់ ដើម្បីធានា គ្រប់ គ្រង ចលនា បាតុកម្ម។សម្រាប់ ក្រុមបាតុករ នៅ ពេល ប្រទេស ប្រេះ ឆា គឺ ប្រជាពលរដ្ឋ ជា អ្នក រងគ្រោះ ។ ការ ទម្លាក់ លោកស្រី អនុប្រធានាធិបតីជា ទង្វើ អត់ ប្រយោជន៍សម្រាប់ ប្រទេស ។ នេះ បើ តាម សម្រែក បាតុករ ម្នាក់ ទៀត។ ជាចម្លើយ តប លោកស្រី សារ៉ា ឌុយទែរតេ បាន ថ្លែង អំណរ គុណ បាតុករ ទាំង អស់ចំពោះ ឆន្ទៈ បង្រួបបង្រួម ជាតិ។
ហេតុ អ្វី បានជា លោកស្រី អនុប្រធានាធិបតី ត្រូវ ប្រឈម នឹង ការ ដក តំណែង? មាន បណ្តឹង ប្រឆាំង លោកស្រី អនុប្រធានាធិបតី ចំនួន បី បាន ឡើង ទៅ ដល់ សភា សុំ ឱ្យ ដក សេចក្តីទុក ចិត្ត ពី លោកស្រី សារ៉ា ឌុយទែរតេ។ បណ្តឹង ចុងក្រោយ គេ ធ្វើ ឡើង នៅថ្ងៃ ទី ១៩ ធ្នូ ២០២៤ ដោយ ក្រុម សង្ឃ កាតូលិក ដែល ចោទ លោកស្រី សារ៉ា ឌុយទែរតេ ថា បាន ចំណាយ ថវិកា ខ្ជះខ្ជាយ អស់ ដល់ ទៅ រាប់ លាន ក្នុងនាម អនុប្រធានាធិបតី និង កាលនៅ ជា រដ្ឋមន្ត្រី ក្រសួង អប់រំ ហើយ បាន រៀប ចំ ផែនការក្បត់ គំរាម សម្លាប់ ប្រធានាធិបតី កំពុង កាន់ អំណាច លោក ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ ទៀត។ ចំណែក ឯ លោក ប្រធានាធិបតី ហ្វីលីពីន ហ្វ៊ែរឌីណង់ ម៉ាកូស ផ្ទាល់ ក៏ ធ្លាប់ បាន បញ្ចុះ បញ្ចូល ជា សាធារណៈ ឱ្យ សមាជិក សភា បោះឆ្នោត ទម្លាក់ លោក ស្រី សារ៉ា ឌុយទែរតេ ដែរ។
ដើម្បី អាច ទម្លាក់ អនុប្រធានាធិបតី ពី អំណាច បាន សភាជាន់ ទាប ត្រូវ រៀប ចំ ការ បោះឆ្នោត ដោយ មាន សំឡេង គាំទ្រ យ៉ាង ហោច មួយ ភាគ បី និង ដោយ សំឡេង គាំទ្រ យ៉ាង តិច ពីរ ភាគ បី នៅក្នុង សភា ជាន់ ខ្ពស់។ រហូត មក ទល់ នឹង ម៉ោង នេះ គណៈកម្មការ យុត្តិធម៌ របស់ សភា មិន ទាន់បាន ចាប់ ផ្តើម បើក សវនការមើល បណ្តឹង ទាំង បី នោះ ដែល ជា ដំណាក់កាល ចាំបាច់ មុននឹង ឈាន ដល់ ការ បោះឆ្នោត សម្រេច ផង។
តាមការ ពិតភាព រកាំ រកូស រវាង ប្រធានាធិបតី និង អនុប្រធានាធិបតី ហ្វីលីពីន រីក កាន់ តែ ធំឡើងៗ ដោយ ការ បោះឆ្នោត ពាក់កណ្តាល អាណត្តិ បានខិត កាន់ តែ ជិ តមក ដល់។ លោកស្រី សារ៉ា ឌុយទែរតេ ដែល ធ្លាប់ ត្រូវ បាន គេគិត ថា ជា អនាគត ប្រធានាធិបតី ហ្វីលីពីន បន្ត ពី ឪពុក លោក រ៉ូឌ្រីហ្គោ ឌុយទែរតេ បាន ដក ខ្លួន ចេញ ពីការ ប្រកួត ប្រជែង បោះឆ្នោត ប្រធានាធិបតី ហ្វីលីពីន នៅឆ្នាំ ២០២២ ហើយ ភ្ជាប់ ខ្លួន ជាមួយ លោក ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ កូន ប្រុស អតីត ប្រធានាធិបតី ហ្វីលីពីន ម៉ាកូស ដ៏ ល្បីម្នាក់ ទៀត។ សម្ព័ន្ធ ភាព បាន រុញ លោកស្រី សារ៉ា ឌុយទែរតេ ឱ្យ បាន ទទួល តំណែង ត្រឹម ជា អនុប្រធានាធិបតី៕
Nº.0345