ក្នុងឆ្នាំ២០២៤ ជំងឺគ្រុនចាញ់នៅកម្ពុជាបានថយចុះ៧៦%

7News

របាយការណ៍៖ ក្នុងឆ្នាំ២០២៤ ជំងឺគ្រុនចាញ់នៅកម្ពុជាបានថយចុះ៧៦%

ក្នុងឆ្នាំ២០២៤ ករណីឆ្លងជំងឺគ្រុនចាញ់នៅកម្ពុជាបានថយចុះចំនួន៧៦% បើធៀបនឹងឆ្នាំ២០២៣។ នេះបើតាមការឱ្យដឹងពីលោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៅថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២៥។ ការថយចុះនេះ បណ្ដាលមកពីពលរដ្ឋមានការយល់ដឹង ហើយរដ្ឋមានថ្នាំបង្ការ និងសម្ភារៈការពារគ្រប់គ្រាន់សម្រាប់ពលរដ្ឋក្នុងតំបន់ដែលប្រឈមជំងឺគ្រុនចាញ់ខ្លាំង។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្របានបញ្ជាក់ថា ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៤ មានត្រឹមតែ៣១២ករណីប៉ុណ្ណោះ និងមិនមានអ្នកស្លាប់នោះទេ ខណៈដែលកាលពីឆ្នាំ២០២៣ មានដល់១៣៨៤ករណី។ តួលេខឆ្នាំ២០២៤នេះ បង្ហាញថា ជំងឺគ្រុនចាញ់នៅកម្ពុជា បានថយចុះប្រមាណ ៧៦% បើធៀបឆ្នាំ២០២៣។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បញ្ជាក់ថា ការថយចុះជំងឺគ្រុនចាញ់ឆ្នាំ២០២៤ បណ្ដាលមកពីពលរដ្ឋ យល់ដឹងច្រើនពីការផ្សព្វផ្សាយ និងវិធីសាស្ដ្រការពារជំងឺគ្រុនចាញ់ពីសំណាក់ក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធ។ លើសពីនេះ រដ្ឋមានថ្នាំបង្ការការពារជំងឺគ្រុនចាញ់គ្រប់គ្រាន់សម្រាប់ពលរដ្ឋដែលរស់នៅតំបន់ប្រឈមនឹងហានិភ័យខ្លាំងនៃជំងឺគ្រុនចាញ់ ដូចជានៅស្រុកប្រតិបត្តិសែនមនោរម្យនៅខេត្តមណ្ឌលគីរី និងស្រុកប្រតិបត្តិភ្នំក្រវ៉ាញខេត្តពោធិ៍សាត់ជាដើម។

តាមប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ដដែល ការមានសម្ភារគ្រប់គ្រាន់ដូចជាឧបករណ៍ធ្វើតេស្តរកមេរោគគ្រុនចាញ់ មុង ជ្រលក់ថ្នាំការពារជំងឺគ្រុនចាញ់ និងឱសថព្យាបាលជំងឺគ្រុនចាញ់ ហើយ មានការចូលរួមពីអ្នកពាក់ព័ន្ធ នឹងធ្វើឱ្យកម្ពុជាសម្រេចបានទាំងស្រុងនៅដំណាច់ឆ្នាំ២០២៥នេះ នឹងគ្មានជំងឺគ្រុនចាញ់តទៅទៀត។


លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល អះអាងថាប្រសិនបើមិនមានវិបត្តិអ្វីមករារាំងជាឧបសគ្គទេ ឆ្នាំ២០២៥នេះ កម្ពុជានឹងអាចលុបបំបាត់បានទាំងស្រុងនូវជំងឺគ្រុនចាញ់ ដូចដែលកំណត់ក្នុងយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ ២០១១- ២០២៥។

គួរឱ្យដឹងថាកម្ពុជាបានជោគជ័យលើការយកឈ្នះជំងឺគ្រុនចាញ់ តាមរយៈការបញ្ចប់លែងមានអ្នកស្លាប់ដោយសារជំងឺនេះតាំងពីឆ្នាំ២០១៨មកម៉្លេះ។ តែមុនពេលមានយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ ២០១១- ២០២៥ ករណីជំងឺគ្រុនចាញ់ មានការឆ្លងជិត ២០ម៉ឺនករណី និងស្លាប់ចន្លោះពី ៧០០ ទៅ៨០០ នាក់ក្នុងមួយឆ្នាំៗ។ នេះបើតាម លោក ហ៊ុយ រ៉េកុល៕    

Nº.0312


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top