បាតុករកូរ៉េខាងត្បូង សម្រុកចូលតុលាការ ប្រឆាំងសេចក្តីសម្រេចបន្តឃុំខ្លួន លោក យូន ស៊ុកយោល

7News

បាតុករកូរ៉េខាងត្បូង សម្រុកចូលតុលាការ ប្រឆាំងសេចក្តីសម្រេចបន្តឃុំខ្លួន លោក យូន ស៊ុកយោល

នៅថ្ងៃអាទិត្យ ទី១៩ មករា តុលាការទីក្រុងសេអ៊ូល បានសម្រេចបន្តឃុំខ្លួនលោកប្រធានាធិបតីព្យួរតំណែង យូន ស៊ុកយោល។ សាលក្រមនេះ បានធ្វើឲ្យក្រុមបាតុករគាំទ្ររូបលោក ផ្ទុះកំហឹងយ៉ាងខ្លាំង និង បាននាំគ្នាសម្រុកចូលតុលាការ បង្កជាចលាចល។

តុលាការទីក្រុងសេអ៊ូល បានសម្រេចបន្តឃុំខ្លួនលោកប្រធានាធិបតីព្យួរតំណែង យូន ស៊ុកយោល រយៈពេល២០ថ្ងៃ។ សាលក្រមនេះបង្កចលាចល និង បង្កឲ្យមានអំពើហិង្សារវាងក្រុមបាតុករគាំទ្ររូបលោក និងកម្លាំងប៉ូលីស។ ក្រុមបាតុករកូរ៉េខាងត្បូងទាំងនោះបានបំបែកកញ្ចក់ទ្វារបង្អួច និង នាំគ្នាសម្រុកចូលក្នុងអគារតុលាការ ប្រឆាំងសេចក្តីសម្រេចនេះ បើទោះបីជាមានការរារាំងពីកម្លាំងសមត្ថកិច្ចយ៉ាងណាក្តី។ នៅក្នុងការប៉ះទង្គិចគ្នានេះ ប៉ូលីសបានឃាត់ខ្លួនបាតុកររាប់រយនាក់។ បើផ្អែកតាមអ្នកឆ្លើយឆ្លងព័ត៌មានវិទ្យុបារាំង RFI ប្រចាំនៅទីក្រុងសេអ៊ូល ក្រុមបាតុករមិនចង់ប្រើអំពើហិង្សាឡើយ ហើយការសម្រុកចូលតុលាការទៀតសោត ដើម្បីបង្ហាញពីសិទ្ធិរបស់ប្រជាជនកូរ៉េខាងត្បូង ប្រឆាំងអំពើពុករលួយក្នុងប្រព័ន្ធតុលាការ។ នគរបាលកូរ៉េខាងត្បូងបញ្ជាក់ថា ក្រុមបាតុករប្រមាណជាង ៤ម៉ឺននាក់ នាំគ្នាប្រមូលផ្តុំតវ៉ានៅពីមុខតុលាការទីក្រុងសេអ៊ូល ដោយលើកបដា «គាំទ្រ» និង «ដោះលែង» លោក យូន ស៊ុកយោល ។


សាលាជម្រះក្តីទីក្រុងសេអ៊ូលបានចេញសេចក្តីសម្រេច នៅថ្ងៃអាទិត្យ ទី១៩ មករា ដោយបន្តឃុំខ្លួនលោក យូន ស៊ុកយោល ព្រោះខ្លាចក្រែងជនសង្ស័យរូបនេះបំផ្លាញភ័ស្តុតាង។ ដូច្នេះ ក្រុម ភ្នាក់ងារអង្កេត ប្រឆាំង នឹង អំពើ ពុក រលួយ កូរ៉េខាង ត្បូង មានពេល២០ថ្ងៃបន្ថែម ដើម្បីសួរចម្លើយប្រធានាធិបតីព្យួរតំណែងរូបនេះបន្តទៀត។ បន្ទាប់មក ក្រុម ភ្នាក់ងារអង្កេត ប្រឆាំង នឹង អំពើ ពុក រលួយ ត្រូវផ្ទេរការស៊ើបអង្កេតនេះទៅអយ្យការ ក្នុងអំឡុងពេលដប់ថ្ងៃខាងមុខ ដើម្បីចោទប្រកាន់លោក យូន ស៊ុកយោល ឬ ក៏យ៉ាងណា ឲ្យបានមុនកំណត់ ២០ថ្ងៃ។ លោក យូន ស៊ុកយោល អាចត្រូវប្រឈមមុខនឹងការចោទប្រកាន់ ពីបទបះបោរក្បត់ជាតិ ដែលជា អំពើឧក្រិដ្ឋកម្ម ហើយបទល្មើសនេះអាច ប្រឈម ទោសប្រហារ ជី វិត។

ចំណែក មេធាវីម្នាក់របស់លោក យូន ស៊ុកយោល បានប្រាប់ទីភ្នាក់ព័ត៌មានបារាំង AFP ថា ការសម្រេចចិត្តបន្តឃុំខ្លួនកូនក្តីរបស់លោក បង្កឲ្យមានភាពចលាចល និង អំពើហិង្សា ដែលកូនក្តីរបស់លោក មិនចង់ឲ្យកើតមានឡើយ។ មេធាវីរូបនេះបានបន្តទៀតថា លោក យូន ស៊ុកយោល ព្រមចូលខ្លួនឆ្លើយបំភ្លឺ នៅតុលាការ ដើម្បីស្តារកិត្តិយសរបស់លោក ហើយលោកបានឆ្លើយរាល់សំណួរ និង បង្ហាញភ័ស្តុតាង នៅក្នុងសវនាការជំនុំជម្រះ រយៈពេលជិត ៥ម៉ោង។ លោកប្រធានាធិបតីព្យួរតំណែងរូបនេះ បានផ្ញើសារថ្លែងអំណរគុណដល់អ្នកគាំទ្ររូបលោក តាមរយៈមេធាវីការពារក្តីរបស់លោក។

ជាការម្លឹកថា ក្រុម ភ្នាក់ងារអង្កេត ប្រឆាំង នឹង អំពើ ពុក រលួយ កូរ៉េខាង ត្បូង បានចាប់ខ្លួនលោក យូន ស៊ុកយោល កាលពីថ្ងៃពុធ ទី១៥ មករា ហើយ ឃុំខ្លួនលោក ជា បណ្តោះ អាសន្នរយៈ ពេល ៤៨ ម៉ោង មុនបញ្ជូនទៅមន្ទីរឃុំឃាំង។ ការឈានដល់ការចាប់ខ្លួនរូបលោក ដោយហេតុ តែលោក បាន ប្រកាសចេញ ច្បាប់ អាជ្ញាសឹក កាលពី ថ្ងៃទី ៣ ធ្នូ២០២៤ ហើយ ត្រូវ សភា បោះឆ្នោត ដក សេចក្តី ទុក ចិត្ត និង សម្រេច ព្យួរ ពី តំណែងនៅ ថ្ងៃទី ១៤ ធ្នូ ២០២៤ ៕

Nº.0366

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top