លោក សុខ ឥសាន៖ បក្សប្រជាជនមិនការពារមន្ត្រីមានពិរុទ្ធក្នុងឃាតកម្មលោក លិម គិមយ៉ា

7News

លោក សុខ ឥសាន៖ បក្សប្រជាជនមិនការពារមន្ត្រីមានពិរុទ្ធក្នុងឃាតកម្មលោក លិម គិមយ៉ា

ចេញផ្សាយថ្ងៃទី១៧ ខែមករា​ ឆ្នាំ២០២៥៖

យោងតាមកាសែតក្នុងស្រុកថៃ សមត្ថកិច្ចថៃបានស្នើឱ្យប៉ូលិសអាំងទែប៉ូលចេញនិវេទន៍ក្រហមតាមស្វែងរក និងចាប់ខ្លួនបុគ្គលឈ្មោះ លី រតនរស្មី ជនជាតិខ្មែរដែលសង្ស័យជាអ្នកបញ្ជាផ្ទាល់ឲ្យខ្មាន់កាំភ្លើងបាញ់សម្លាប់លោក លិម គិមយ៉ា អតីត តំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិនៅក្នុងប្រទេសថៃកាលពីថ្ងៃទី ៧ មករា។ ក្រុមសំឡេងប្រឆាំងបានទម្លាយថា បុគ្គលឈ្មោះ លី រតនរស្មី ដែលថៃកំពុងរកមុខនេះមានតួនាទីជាទីប្រឹក្សា លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងចោទចំៗថា គណបក្សប្រជាជនកម្ពុជាជាប់ពាក់ព័ន្ធនឹងឃាតកម្មបាញ់សម្លាប់លោក លិម គិមយ៉ា។


 

តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមិនអាចបញ្ជាក់បានទេថា តើបុគ្គលឈ្មោះ លី រតនរស្មី ជាទីប្រឹក្សារបស់លោក ហ៊ុន សែន មែន ឬក៏យ៉ាងណាទេ។ អ្វីដែលលោកអាចធានាបានពេលនេះគឺថា គណបក្សប្រជាជនកម្ពុជាមិនការពារមន្ត្រីដែលមានពិរុទ្ធក្នុងឃាតកម្មបាញ់សម្លាប់លោក លិម គិមយ៉ា នោះឡើយ។

សូមបញ្ជាក់ថា នៅក្នុងការចុះផ្សាយរបស់កាសែតក្នុងស្រុកថៃ ថ្ងៃទី១៥ មករា មេស្នងការដ្ឋាននគរបាលជាតិថៃបានដាក់សេចក្តីសន្និដ្ឋានបឋមដោយយោងលើភស្តុតាង និងចម្លើយសារភាពរបស់ខ្មាន់កាំភ្លើងថា ឃាតកម្មលើលោក លិម គិមយ៉ា មិនមែនជារឿងនយោបាយ តែជារឿងគំនុំផ្ទាល់ខ្លួនរវាងលោក លិម គិមយ៉ា និងមេខ្លោងរៀបចំឃាតកម្ម។ គួរជ្រាបថា គិតត្រឹមថ្ងៃទី១៦ មករានេះ សមត្ថកិច្ច ថៃបានបង្ហាញមុខជនសង្ស័យចំនួន ៤នាក់ដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងរៀបចំគម្រោងបាញ់សម្លាប់លោក លិម គិមយ៉ា នៅប្រទេសថៃ កាលពីថ្ងៃទី៧ មករា។ ក្នុង ចំណោមជនសង្ស័យទាំង ៤នាក់ គឺមាន២នាក់ជាជនជាតិខ្មែរដែលសមត្ថកិច្ចថៃនៅមិនទាន់អាចចាប់ខ្លួននាំទៅសួរចម្លើយបាននៅឡើយ។

ជនសង្ស័យជាជនជាតិខ្មែរទាំង ២នាក់មានម្នាក់ឈ្មោះពេជ្រ គឹមស៊្រិនដែលបោះតម្រុយឱ្យខ្មាន់កាំភ្លើង និងដែលប៉ូលិសអាំងទែប៉ូលទើបចេញនិវេទន៍ក្រហមតាមស្វែងរក និងឃាត់ខ្លួន តាមសំណើរបស់ភាគីថៃ។ រីឯជាជនជាតិខ្មែរម្នាក់ទៀតឈ្មោះ លី រតនរស្មី និងដែលប្រើឈ្មោះថៃ ស៊ុមវ៉ាង បំរុងគីត។ បុគ្គលឈ្មោះ  លី រតនរស្មីនេះធ្លាប់ចេញចូលប្រទេសថៃជាង ១០០ដងក្នុងរយៈពេល២ឆ្នាំចុងក្រោយ និងក៏ត្រូវ បានសមត្ថកិច្ចថៃចេញដីកាតាមចាប់ខ្លួន រួមទាំងស្នើឱ្យប៉ូលិសអាំងទែប៉ូលចេញនិវេទន៍ក្រហមតាមចាប់ខ្លួនដែរ៕

Nº.0354

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top