រដ្ឋអាជ្ញាកូរ៉េខាងត្បូង សម្រេច ចោទប្រកាន់ លោក យូន ស៊ុកយោល ជាផ្លូវការ ពីបទ បះបោរ
ចេញផ្សាយថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥
នៅ កូរ៉េខាងត្បូង លោកប្រធានាធិបតីព្យួរតំណែង យូន ស៊ុកយោល ត្រូវ ក្រុម រដ្ឋអាជ្ញាក្រុង សេអ៊ូល សម្រេច ចោទប្រកាន់ ជាផ្លូវ ពីបទល្មើស បះបោរ និង បញ្ចូន សំណុំ រឿង ទៅ ជំនុំជម្រះ ។ បើតាមច្បាប់ កូរ៉េ ខាត្បូង ក្នុង បទល្មើសបះបោរនេះ ជនជាប់ចោទ អាច ប្រឈមមុខ នឹងការផ្តន្ទា ទោស ប្រហារ ជីវិត ។ នេះ ជាលើក ទី១ក្នុង ប្រវត្តិសាស្ត្រកូរ៉េ ខាងត្បូង ដែល ប្រធានាធិបតី កំពុងតែឋិត ក្នុង មុខ តំណែង ស្របច្បាប់ ត្រូវ ជាប់ ឃុំ ក្នុង ពន្ធនាគារ។
ក្រោយ ពី បាន ពិនិត្យ ភស្តុតាង ស៊ើប អង្កេត ជាច្រើន រួច មក ក្រុមរដ្ឋអាជ្ញាកូរ៉េ ខាងត្បូង បាន សម្រេច ចោទប្រកាន់ជា ផ្លូវ ការ ជន សង្ស័យ យូន ស៊ុកយោល ពី បទល្មើស ដឹកនាំ សកម្មភាព បះបោរ ។ នេះបើតាមសេចក្តី ថ្លែងការណ៍ របស់ អយ្យការ នៅថ្ងៃអាទិត្យ ទី ២៦មករា ដោយ សង្កត់ធ្ងន់ថា អាជ្ញាធរ ចាំបាច់ ត្រូវ បន្ត ឃុំខ្លួន ជនជាប់ ចោទ រូប នេះ បន្ត ទៀត ដើម្បី បង្ការហានិភ័យ កុំឲ្យ ជនសង្ស័យ អាចឆ្លៀត បំផ្លាញ ភស្តុតាង។
គួរ ជ្រាបថា ការចោទប្រកាន់ជាផ្លូវការពេលនេះ ធ្វើឡើងបន្ទាប់ពី អង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយកូរ៉េខាងត្បូង ដែលទទួលបន្ទុកស៊ើបអង្កេតសំណុំរឿងលោក យូន ស៊ុកយោល ទាំងមូល បានស៊ើបអង្កេតអស់រយៈពេល ៥១ថ្ងៃ និងបានផ្តល់របាយការណ៍ជូនអយ្យការ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥។ អង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយកូរ៉េខាងត្បូង បានស្នើសុំឱ្យរដ្ឋអាជ្ញាក្រុងសេអ៊ូល ចោទប្រកាន់ លោក យូន ស៊ុកយោល ពីបទបះបោរក្នុងសំណុំរឿងប្រកាសប្រើច្បាប់អាជ្ញាសឹក ហើយបន្ថែមពីនេះ លោកបានរំលោភអំណាច ដោយបង្ខំឲ្យកម្លាំងយោធា បំពេញការងារហួសដែនកាតព្វកិច្ច។ បើតាម ក្រុម អ្នក ស៊ើប អង្កេតដដែល ការបញ្ជូនទាហានឲ្យចូលទៅលុកលុយរដ្ឋសភា និងប៉ុនប៉ងចាប់ខ្លួន អ្នកតំណាងរាស្ត្រ ជាការរារាំងការងារស្របច្បាប់របស់សមាជិកសភា។ លោក យូន ស៊ុកយោល ត្រូវអង្គភាពស៊ើបអង្កេតបន្ទោសទៀតថា មិនព្រមសហការជាមួយអាជ្ញាធរ និងឲ្យក្រុម អង្គរក្សរារាំងការឆែកឆេរ និងជ្រៀតជ្រែកបណ្តាញទាក់ទងសម្ងាត់របស់សមត្ថកិច្ច។
ប្រធានាធិបតីព្យួរតំណែង យូន ស៊ុកយោល បាន ជំរុញ ឲ្យ ប្រទេស ជាតិ ធ្លាក់ ក្នុង សភាព វឹកវរ ចាប់តាំងពីពេលលោក ចេញក្រឹត្យ ប្រកាស ច្បាប់ អាជ្ញាសឹក នៅថ្ងៃ ទី ៣ ខែធ្នូ ឆ្នាំ ២០២៤។ ច្បាប់ អាជ្ញាសឹកនោះ មានអាយុខ្លី ត្រឹមតែ ៦ម៉ោង ពីព្រោះតែ រដ្ឋសភាបាន កោះ ប្រជុំ ជាបន្ទាន់ ទាំង យប់ និង សម្រេច បោះឆ្នោត ជំទាស់ ហើយទីបំផុត ឈាន ទៅ បោះឆ្នោត ធ្វើ នីតិវិធី ទម្លាក់ ប្រធានាធិបតី។ លោក យូន ស៊ុកយោល ត្រូវ ព្យួរ តំណែងជា បណ្តោះអាសន្ន និង ត្រូវ រង់ចាំ ការ អនុម័ត ពី តុលាការ ធម្មនុញ្ញ ។ ដូច្នេះ ក្នុង ពេល នេះ បើទោះបី ជា កំពុង ជាប់ ឃុំ ឃាំង ក្នុង ពន្ធនាគារនិង ត្រូវ ព្យួរតំណែងក៏ពិតមែន តែ រូប លោក នៅ មាន ឈ្មោះ ជាប្រធានាធិបតី កូរ៉េ ខាង ត្បូង ស្រប ច្បាប់ នៅឡើយ ហើយ លោក ក៏ ត្រូវ មាន អភ័យ ឯក សិទ្ធិ ពិសេស ថែមទៀត ។ តែ ទោះជា យ៉ាងនេះក្តី បើតាមអយ្យការកូរ៉េ ខាងត្បូង អំពើ បះបោរជាបទល្មើស ក្បត់ ជាតិ ធ្ងន់ធ្ងរ ដែល ពុំ អាច គេច ផុត ពី ការ ចោទប្រកាន់ ផ្លូវ ច្បាប់បានទេ ហើយ សូម្បីតែ អភ័យឯកសិទ្ធិប្រធានាធិបតី ក៏គេច មិន ផុតដែរ។
ចំណែក ក្រុម គណបក្ស ប្រឆាំង កូរ៉េ ខាងត្បូង និង ជា ក្រុម ដែល មាន សំឡេង ភាគច្រើន ក្នុង សភា បាន ថ្លែង អបអរ ចំពោះ ចំណាត់ ការ របស់ រដ្ឋអាជ្ញា កូរ៉េ ខាងត្បូង ហើយ អំពាវនាវ ឲ្យ តាមស៊ើបអង្កេត និង ចោទប្រកាន់ អ្នក ពាក់ព័ន្ធផ្សេងទៀត ៕
Nº.0388