ថៃចេញ ច្បាប់ ឱ្យ បើក កាស៊ីណូ ប្រទេស ជិត ខាង គួរ ព្រួយ បារម្ភទេ?
ចេញផ្សាយថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥
ពីពេល នេះ ដល់ ឆ្នាំ ២០២៩ ថៃអាច នឹង ក្លាយ ជា វិមាន កាស៊ីណូ ប្រចាំ តំបន់ អាស៊ី។ នេះ ជា កម្មវត្ថុ របស់ រដ្ឋាភិបាល ថៃដែល ទើប អនុម័ត គម្រោង ច្បាប់ អនុញ្ញាត ឱ្យ បើក កាស៊ីណូ និង កន្លែង លេង ល្បែង ស៊ីសង ដោយ ស្រប ច្បាប់ នៅ ក្នុង រាជាណាចក្រ ថៃ។ គំនិត ផ្តួច ផ្តើម របស់ ក្រសួង ហិរញ្ញវត្ថុនេះ ធ្វើ ឡើង ក្នុង ទិសដៅ លើក ស្ទួយវិស័យ ទេសចរណ៍ និង ពង្រឹង សេដ្ឋកិច្ច ព្រម ទាំង ប្រយុទ្ធ ប្រឆាំង នឹង កាស៊ីណូ ខុស ច្បាប់។
ដោយ ដឹងថា ជា ប្រធានបទ រសើបខ្លាំង នាយករដ្ឋមន្ត្រី ថៃ លោកស្រី ភែថងថាន ស៊ីណាវ៉ាត់ បាន ប្រកាស ដោយ ប្រយ័ត្ន ប្រយែង បំផុត និងចៀស មិន ប្រើ ពាក្យ ថា “កាស៊ីណូ”ទេ។ នៅ ក្នុង គម្រោង ច្បាប់សំដៅ អនុញ្ញាត ឱ្យ បើក កាស៊ីណូ និង កន្លែង លេង ល្បែង ស៊ីសង ដោយ ស្រប ច្បាប់ ដែល ទើប អនុម័ត រួច ថៃ បាន ប្រើ ពាក្យ ថា “មណ្ឌលកម្សាន្ត”។ ធ្វើ ដូច្នេះ គេ អាច បន្ធូរ បន្ថយ កង្វល់ របស់ប្រជាជន ដែល ភាគច្រើន ជា ពុទ្ធសាសនិក ខ្វល់ ខ្វាយ ខ្លាំង នឹង ផលវិបាក បង្ក ឡើង ដោយ ល្បែង ស៊ីសង។
នៅក្នុង គម្រោង ថៃ នឹង បើក “កាស៊ីណូ” ចំនួន ៥ កន្លែង៖ ពីរ នៅ បាងកក បីទៀត នៅ ប៉ាតាយ៉ា នៅឈៀងម៉ៃ និង នៅ ភូកេត។ កាស៊ីណូ ទាំងនោះ ត្រូវ ស្ថិត នៅក្នុង មណ្ឌល កម្សាន្ត ដែលផ្គុំ ដោយ សណ្ឋាគារ សាលសន្និសីទ មជ្ឈមណ្ឌល ពាណិជ្ជកម្ម ឬ សួន ឧទ្យាន សម្រាប់ទាក់ទាញ ភ្ញៀវ ជា លក្ខណៈ គ្រួសារ។ មនុស្ស អាយុ ក្រោម ២០ ឆ្នាំ មិន អនុញ្ញាត ឱ្យ ចូល លេង កាស៊ីណូ ទេ។ ជន បរទេស អាច ចូល លេង ដោយ ឥតគិត ថ្លៃ តែ ពលរដ្ឋ ថៃ គ្រប់ អាយុ ត្រូវ បង់ សេវាចូល តម្លៃ ១៤០អឺរ៉ូ។
រដ្ឋ ថៃ ហាមឃាត់ មិន ឱ្យ បើក កន្លែង លេង ល្បែងស៊ីសង តាំងពី ឆ្នាំ ១៩៣៥ មក និងអនុញ្ញាត ឱ្យ មាន តែ ឆ្នោត ជាតិ ព្រមទាំង ល្បែង ប្រណាំង សេះ តែ ប៉ុណ្ណោះ។ រដ្ឋាភិបាល ថៃមុនៗ និង ក្នុង ចំនួន ដ៏ ច្រើន ណាស់ បាន សាកល្បងជា បន្ត បន្ទាប់ រក វិធី បើក កាស៊ីណូ ប៉ុន្តែ មិន សម្រេច ព្រោះ ប្រជាពលរដ្ឋ ប្រឆាំង ខ្លាំងពេក។ ចុះ ហេតុអ្វី រដ្ឋាភិបាល របស់ លោកស្រី ភែថងថាន ធ្វើ បាន?
ទើប ចូល កាន់ ការ នៅ ខែ កញ្ញា ២០២៤ រដ្ឋាភិបាល ថៃ របស់ លោកស្រី ភែថងថាន ស៊ីណាវ៉ាត់ បាន លើក យក ហេតុផល សេដ្ឋកិច្ច មក ដឹក មុខ។ ទេសចរណ៍ ជា ក្បាលម៉ាស៊ីននៃ សេដ្ឋកិច្ចថៃដ៏ ចម្បង ហើយ កាស៊ីណូជា ធ្នាក់ ទាញ ទេសចរ បរទេស បាន កាន់ តែ ច្រើន ឱ្យ មក លេង ប្រទេស ថៃ។ ដូច្នេះ ថៃ នឹង អាច ប្រមូល ថវិកា បាន ច្រើន សម្រាប់ បំពេញ ហិប រដ្ឋ ពីការ យក ពន្ធ លើ កាស៊ីណូ។ បើ តាម គម្រោង ច្បាប់ និង ដើម្បី មាន ភាព ទាក់ ទាញ ខ្លាំង ថៃ នឹង យក ពន្ធ លើ កាស៊ីណូ ក្នុង អត្រា ១៧% ពោល គឺ ទាប ជាង គេ បំផុត នៅអាស៊ី។ រដ្ឋាភិបាល ថៃ ចង់ ឱ្យ បាងកកយក គំរូ តាមសិង្ហបុរី ដែល ឧស្សាហកម្ម ល្បែង បាន បំប៉ន វិស័យ ទេសចរណ៍ ផង និង កំណើន សេដ្ឋកិច្ចឱ្យ ឡើង ខ្លាំង គួរ ជា ទី កត់ សម្គាល់ផង។ ហេតុ ផលសំខាន់មួយ ទៀត គឺនៅពេល មាន ច្បាប់ គ្រប់គ្រង កាស៊ីណូ រដ្ឋាភិបាល ថៃ នឹង អាច ប្រយុទ្ធ ប្រឆាំងនឹងការ លេង ល្បែង ស៊ីសង ខុស ច្បាប់ ព្រមទាំង អាច ទប់ ស្កាត់ សកម្មភាព កាស៊ីណូ ដែល កំពុង បំពុល នៅ តាម ព្រំដែន ជាមួយ កម្ពុជា ភូមា ឬឡាវ ទៀត។
ដូច្នេះ ប្រទេស ជិត ខាង ច្បាស់ ជា តាម ដាន គម្រោង ច្បាប់ ថៃ មិនលែង ឡើយ ជាពិសេស គឺ សិង្ហបុរី និង ហ្វីលីពីន តែ ម្តង ព្រោះ ប្រទេសទាំងពីរ ធ្លាប់ ទាញ ចំណូល សម្បើម ខ្លាំងណាស់ ដល់ ទៅ រាប់ ពាន់ លាន ដុល្លារ ឯណោះ ពី វិស័យកាស៊ីណូ នេះ។ ម៉ាកាវ ជើង ឯក ពិភពលោក ខាង កាស៊ីណូ ដែល ប្រមូល ចំណូលក្នុង មួយ ឆ្នាំៗ ក្បែរ ២៨ពាន់ លានដុល្លារ មិន ព្រួយ ទេនឹង ការ ប្រកួត ប្រជែង ថ្នាក់ តំបន់ ទេ។ ប៉ុន្តែ កម្ពុជា អាច រង ផល ប៉ះពាល់ ច្រើន ជាង គេ ប្រសិន បើ ថៃ អាច បើក កាស៊ីណូ បាន ដោយ ស្រប ច្បាប់។ កាស៊ីណូនៅលើ ទឹក ដី ខ្មែរ ប្រមាណ ពី ៣០ ទៅ ៤០ កន្លែង អាច នឹង ត្រូវ បិទ ទ្វារ។ បច្ចុប្បន្ន នេះ ភ្ញៀវ ចូល លេង កាស៊ីណូខ្មែរ ដែល នៅ តាម បណ្តោយ ព្រំដែន ភាគ ច្រើន ជា ជនជាតិ ថៃ។ ហ្វីលីពីន ក៏ អាច នឹង ចុះ ចំណូល ដែរ ហេតុ ដូច្នេះ ហើយ បាន ជាប្រធានាធិបតី ម៉ាកូស គ្រោង នឹង អនុញ្ញាត ឱ្យ បើក សណ្ឋាគារ មាន កាស៊ីណូ ថ្មីៗ បន្ថែម ទៀត ដើម្បី ទាក់ទាញ ទេសចរ។
ប៉ុន្តែ បើ តាម អ្នក ជំនាញ សេដ្ឋកិច្ច អ្វី ដែល ប្រាកដ ខ្លាំង គឺ កាស៊ីណូ មាន ទិសដៅ ទាក់ទាញ ភ្ញៀវ បរទេស អ្នក មាន ហើយ ការ ផ្តល់ ភាព ស្រប ច្បាប់ ដល់ ការ បើក កាស៊ីណូ មិន អាចលុប បំបាត់ ល្បែង ស៊ីសង ខុស ច្បាប់ ដែល ពលរដ្ឋ ថៃ រាប់ សិប ម៉ឺន នាក់ងប់ លេង និង មាន បំណុល វ័ណ្ឌក បាន ទេ៕
Nº.0356