សង្គ្រាម ហ្កាហ្សា៖ ដើមឆ្នាំថ្មី អាមេរិកបន្តលក់អាវុធ ឲ្យអ៊ីស្រាអែលក្នុងតម្លៃ ៨ ពាន់លានដុល្លារ
ឆ្នាំថ្មី សង្គ្រាមនៅហ្កាហ្សាចេះតែបន្ត។ ថ្ងៃសៅរ៍ ទី៤ ខែមករា អាជ្ញាធរសុខាភិបាល ប្រចាំ តំបន់ ហ្កាហ្សា ប្រកាសថា អ៊ីស្រាអែល បាញ់ ប្លោង សម្លាប់ មនុស្ស ជាង៣០នាក់ ហើយ បើ សរុប អំលុង ៤៨ម៉ោង ចុង ក្រោយ ស្លាប់ មនុស្ស ជាង ១៣០នាក់ ។ ថ្ងៃដដែល សហរដ្ឋអាមេរិក បាន សម្រេច បន្តលក់អាវុធបន្ថែមទៀត ទៅឲ្យសម្ព័ន្ធមិត្ត អ៊ីស្រាអែល ក្នុងតម្លៃ ៨ ពាន់លានដុល្លារ។
ក្រុមប្រដាប់ ហាម៉ាស បាញ់ ប្លោង ជាប្រចាំ ថ្ងៃ បាញ់ចេញពីទឹកដីប៉ាឡេស្ទីន ទៅ លើដី អ៊ីស្រាអែល ។ ដៃជើង បក្សសម្ព័ន្ធពួក ហាម៉ាស ក្រុមឧទ្ទាម ហ៊ួទី ក៏ បន្ត ជួយ បាញ់ប្លោង ដែរ លើដីអ៊ីស្រាអែល ។ ជាការឆ្លើយតប រដ្ឋមន្ត្រី ក្រសួងការពារជាតិ អ៊ីស្រាអែល លោក Israël Katz បាន ចេញ បញ្ជាឲ្យ ទ័ព របស់ខ្លួន វាយ ប្រហារ កុំ ដកដៃនៅ តំបន់ ហ្កាហ្សា និងបង្កើន ការ បាញ់បង្ក្រាប តបត ទៅលើ ប្រភព គ្រាប់ ប្លោង គ្រាប់ រ៉ូក្កែត ផ្សេងៗទៀត ។
ថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ២០២៥ អាជ្ញាធរសុខាភិបាលរបស់ ក្រុម ហាម៉ាសប្រចាំតំបន់ហ្កាហ្សា ប្រកាសថា ៤៨ម៉ោងចុងក្រោយ ស្លាប់មនុស្ស ១៣១នាក់។ តួលេខ អ្នក ស្លាប់ នេះ អង្គការសហប្រជាជាតិ ប្រចាំ តំបន់ នោះ ក៏ បញ្ជាក់ថា គួរ ឲ្យ ជឿទុកចិត្ត បាន។
ក្នុង ថ្ងៃ ដដែល រដ្ឋបាល ទីក្រុង វ៉ាស៊ីនតោន បាន ប្រកាស លក់ អាវុធឲ្យ សម្ព័ន្ធមិត្ត អ៊ីស្រាអែល បន្ថែមទៀត រួម មាន សព្វាវុធ គ្រាប់ រំសេវ និង ខែការពារ ផ្លូវ អាកាស សរុប ជាទឹកប្រាក់ ប្រមាណ ៨ ពាន់ លាន ដុល្លារ។ ក្នុងសេចក្តីថ្លែងការណ៍ សេតវិមាន អាមេរិក បញ្ជាក់ថា ប្រធានាធិបតីអាមេរិកបង្ហាញជំហរច្បាស់លាស់ គាំទ្រអ៊ីស្រាអែល។ ប្រទេស នេះត្រូវ មាន សិទ្ធិ ការពារ ប្រជាជាតិ របស់ខ្លួន ស្រប តាម ច្បាប់ អន្តរជាតិ ហើយ ការពារខ្លួន រារាំង ទប់ ទល់ នឹងការ គំរាម កំហែង របស់ សត្រូវ អ៊ីរ៉ង់ ហើយ តទល់ នឹង ក្រុម ប្រដាប់អាវុធ ជា ដៃជើង បក្សពួក របស់ អ៊ីរ៉ង់។
ការ លក់ អាវុធអាមេរិក នេះ ត្រូវ ឆ្លងកាត់ ការ អនុម័ត ពី សភាខុនហ្ក្រេស ជាមុន សិន។ សមាជិក សភា អាមេរិក ម្នាក់ លោក Bernie Sanders សម្តែងក្តីជំទាស់ នឹងការ បន្ត លក់អាវុធ ឲ្យ រដ្ឋអ៊ីស្រាអែល។ អ្នក តំណាងរាស្ត្រ រូបនេះ លើកឡើង ក្នុងន័យ សេចក្តី ថា «សហរដ្ឋអាមេរិក បានលូក ដៃឃុបឃិត ប្រព្រឹត្ត អំពើឃោរឃៅ។ យើង ត្រូវ បញ្ចប់ ទង្វើឃោរឃៅនេះ»។
នៅ ប្រទេស កាតាវិញ អ្នក តំណាងក្រុមចរចា របស់ ពួក ហាម៉ាស បង្ហាញ ចេតនា ចង់ ចូល តុចរចាឡើងវិញ ក្រោយ ពី ខកខាន អស់ មួយ រយៈ ពេល ធំ។ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល បេនចាមិន នេតាន់យ៉ាហ៊ូ បញ្ជា ឲ្យ ប្រតិភូចរចា ចេញទៅ ក្រុង ដូហា ដើម្បី ចរចាកិច្ចព្រមព្រៀង ដោះលែង ចំណាប់ ខ្មាំងអ៊ីស្រាអែល ។ ពីថ្ងៃ សៅរ៍ ពួក ហាម៉ាស បាន បង្ហោះ វីដេអូ ១ បង្ហាញ ពី យុវតី ម្នាក់ ឈ្មោះ Liri Elbag វ័យ ១៩ឆ្នាំ ដែល អំពាវ នាវឲ្យ រដ្ឋាភិបាល អ៊ីស្រាអែល រក មធ្យោយ ជួយ ឲ្យ នាង មាន សេរីភាពឡើងវិញ ។
សង្គ្រាម រវាង ក្រុម ប្រដាប់អាវុធ ហាម៉ាសនិង អ៊ីស្រាអែល ផ្ទុះឡើងព្រោះតែ ភេរវកម្ម ថ្ងៃទី ៧តុលា ឆ្នាំ ២០២៣ ដែល បណ្តាល ឲ្យ ពលរដ្ឋអ៊ីស្រាអែល ប្រមាណជាង ១ ២០០ នាក់ត្រូវ រងរបួស ស្លាប់ និងត្រូវ ចាប់ខ្លួន ជា ចំណាប់ ខ្មាំង។ ជាការ សងសឹកនិង កម្ចាត់ ក្រុម ហា ម៉ាស អ៊ីស្រាអែល បាន បើកសមរភូមិច្រើន កន្លែង ទាំង នៅ ហ្កាហ្សា និង តំបន់ ស៊ីហ្ស័រដានី ហើយនៅ ព្រំដែន លីបង់ ។ ថ្ងៃសៅរ៍ ទី ៤ ខែមករា ឆ្នាំ ២០២៥ អាជ្ញាធរ សុខាភិបាលរបស់ ពួក ហាម៉ាស ប្រចាំតំបន់ ហ្កាហ្សា បញ្ជាក់តួលេខថា យ៉ាងហោចមនុស្ស ៤៥ ៧១៧ នាក់ ភាគច្រើន ជា ជន ស៊ីវិល បាន សម្លាប់ បាត់បង់ជីវិត នៅ ក្រោម ប្រតិបត្តិការយោធា របស់ អ៊ីស្រាអែល ៕
Nº.0311