ឃាតកម្មលោកលិម គិមយ៉ា៖ អាំងទែប៉ូលចេញនិវេទន៍ក្រហមឃាត់ខ្លួនពេជ្រ គឹមស្រ៊ិនតាមសំណើប៉ូលិសថៃ
ចេញផ្សាយថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥
ប៉ូលិសអន្តរជាតិអាំងទែប៉ូលបានចេញនិវេទន៍ក្រហមស្វែងរក និងឃាត់ខ្លួន ពេជ្រ គឹមស្រ៊ិន ជនសង្ស័យដែលឱ្យតម្រុយខ្មាន់កាំភ្លើងបាញ់សម្លាប់លោក លិម គិមយ៉ា តំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ។ និវេទន៍ក្រហមរបស់ប៉ូលិសអាំងទែប៉ូលនេះធ្វើឡើងតាមការស្នើសុំរបស់ភាគីថៃដែលជារដ្ឋសមាជិក។ ប៉ូលិសថៃជឿជាក់ថា ប៉ូលិសអន្តរជាតិអាំងទែប៉ូល និងភាគីកម្ពុជាអាចចាប់ខ្លួន ពេជ្រ គឹមស្រ៊ិន បញ្ជូនឲ្យប្រទេសថៃបាន។ នេះបើតាមការចុះផ្សាយរបស់កាសែតថ្ងៃទី១៥ មករានេះ។
តាមព័ត៌មានចុះផ្សាយដោយកាសែតបាំងកកប៉ុស្តិ៍ថ្ងៃទី១៥ មករា លោកឧត្តមសេនីយ៍ឯក សាយាម ប៊ូនសំ Sayam Boonsom ស្នងការក្រុងបាងកករបស់ថៃបានបញ្ជាក់ថា តាមការស្នើសុំរបស់ភាគីថៃ ប៉ូលិសអន្តរជាតិអាំងទែប៉ូលបានចេញនិវេទន៍ក្រហមតាមចាប់ខ្លួនបុរសជនជាតិខ្មែរវ័យ ២៤ឆ្នាំ ឈ្មោះ ពេជ្រ គឹមស្រ៊ិន ដែលជាជនសង្ស័យសមគំនិតក្នុងការរៀបចំគម្រោងបាញ់សម្លាប់លោក លិម គិមយ៉ា តំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិនៅក្រុងបាងកក ប្រទេសថៃកាលពីថ្ងៃទី៧ មករា។
លោក សាយាម ប៊ូនសំ ដាក់ក្តីរំពឹងថា ការចេញនិវេទន៍ក្រហមនេះនឹងជំរុញឱ្យភាគីកម្ពុជាសហការជាមួយប៉ូលិសអន្តរជាតិអាំងទែប៉ូលក្នុងការចាប់ខ្លួន ពេជ្រ គឹមស្រ៊ិន បញ្ជូនទៅប្រទេសថៃដើម្បីសួរចម្លើយ និងបន្តការស៊ើបអង្កេតតាមនីតិវិធីច្បាប់។ មេប៉ូលិសថៃដដែលរូបនេះក៏ជឿជាក់ដែរថា វត្តមានរបស់ជន ពេជ្រ គឹមស្រ៊ិននៅក្នុងដៃ ប៉ូលិសថៃនឹងអាចជីកឬសគល់ ឬអាចវែកមុខមេខ្លោងដែលនៅពីក្រោយឃាតកម្មលើលោក លិម គិមយ៉ា។ ជុំវិញការចេញនិវេទន៍ក្រហមតាមចាប់ខ្លួនជន ពេជ្រ គឹមស្រ៊ិនពីប៉ូលិសអាំងទែប៉ូលពេលនេះ វិទ្យុបារាំងអន្តរជាតិ RFI នៅមិនទាន់ទទួលបានការបញ្ជាក់ពីមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃកម្ពុជាបាននៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី១៥ មករានេះ។
ទន្ទឹមនឹងការចេញនិវេទន៍ក្រហមតាមចាប់ជន ពេជ្រ គឹមស្រ៊ិន ពីសំណាក់ប៉ូលិសអន្តរជាតិអាំងទែប៉ូល តុលាការព្រហ្មទណ្ឌថៃក៏ទើបសម្រេចចេញដីកាចាប់ខ្លួនជនជាតិខ្មែរម្នាក់ទៀត គឺលោក លី រតនរស្មី ដែលប្រើឈ្មោះថៃ ស៊ុមវ៉ាង បំរុងគិត។ ដីកាចាប់ខ្លួនលោក លី រតនរស្មី ដែលបច្ចុប្បន្នជាទីប្រឹក្សាប្រធានគណបក្សកាន់អំណាចកម្ពុជា លោក ហ៊ុន សែនពីសំណាក់តុលាការព្រហ្មទណ្ឌថៃពេលនេះធ្វើឡើង បន្ទាប់ពីសមត្ថកិច្ចថៃរកឃើញភស្តុតាងមួយចំនួនដែលសង្ស័យថា លោក លី រតនរស្មី ជាអ្នកបញ្ជាផ្ទាល់ឱ្យខ្មាន់កាំភ្លើងបាញ់សម្លាប់លោក លិម គិមយ៉ា។
ដោយឡែក សារព័ត៌មានថៃមួយទៀតឈ្មោះ The Nation ចេញថ្ងៃទី១៥ មករានេះបានឲ្យដឹងថា តុលាការព្រហ្មទណ្ឌថៃសម្រេចចោទប្រកាន់លោក លី រតនរស្មី ក្រោមបទចោទជួលអ្នកដទៃឱ្យប្រព្រឹត្តអំពើឃាតកម្មគិតទុកជាមុន និងការប្រើប្រាស់កាំភ្លើងខុសច្បាប់នៅទីសាធារណៈ។ គួរជម្រាបថា គិតត្រឹមថ្ងៃទី១៤ មករានេះ សមត្ថកិច្ចថៃបានបង្ហាញមុខជនសង្ស័យពាក់ព័ន្ធនឹងឃាតកម្មលោកលិម គិមយ៉ាដល់ទៅចំនួន ៤នាក់ហើយ។ ជនសង្ស័យទី១ ជាខ្មាន់កាំភ្លើងជនជាតិថៃឈ្មោះ អេកាឡាក់ ភាណយ ជនសង្ស័យទី២ ជាអ្នកបោះតម្រុយជនជាតិខ្មែរឈ្មោះ ពេជ្រ និងជនសង្ស័យទី៣ អ្នកបើកឡានជនជាតិថៃឈ្មោះឆាគីត ប៊ួភ្លេ ដែលបានដឹកខ្មាន់កាំភ្លើងគេចខ្លួនចូលទឹកដីកម្ពុជា និងចុងក្រោយ គឺលោក លី រតនរស្មី ជនជាតិខ្មែរដែលប្រើឈ្មោះថៃ ស៊ុមវ៉ាង បំរុងគិត។
មេប៉ូលិសក្រុងបាងកកបានប្រាប់កាសែតក្នុងស្រុកថៃនៅថ្ងៃទី១៤ ខែមករានេះថា សមត្ថកិច្ចកំពុងស៊ើបអង្កេតប្រតិបត្តិការហិរញ្ញវត្ថុរបស់ជនសង្ស័យជាខ្មាន់កាំភ្លើងដែលបច្ចុប្បន្នកំពុងជាប់ឃុំនៅក្នុងពន្ធនាគារក្រុងបាងកកដោយមានការយាមកាម និងការពារសុវត្ថិភាពដ៏តឹងតែងបំផុត៕
Nº.350