ខ្មាន់កាំភ្លើង អេកាឡាក់ ភាណយ សារភាពថា ជាអ្នកបាញ់សម្លាប់លោក លិម គិមយ៉ា

7News

ខ្មាន់កាំភ្លើង អេកាឡាក់ ភាណយ សារភាពថា ជាអ្នកបាញ់សម្លាប់លោក លិម គិមយ៉ា

បន្ទាប់ពីត្រូវអាជ្ញាធរកម្ពុជាចាប់បញ្ជូនទៅឲ្យសមត្ថកិច្ចថៃ នៅថ្ងៃសៅរ៍ទី ១១មករានេះ ខ្មាន់កាំភ្លើង អេកាឡាក់ ភាណយ បានឆ្លើយសារភាពប្រាប់ប៉ូលិសថៃថា ខ្លួនពិតជាបានបាញ់សម្លាប់លោក លិម គិមយ៉ា តំណាងរាស្ត្រអតីតបក្សសង្គ្រោះជាតិ នៅកណ្តាលក្រុងបាងកក កាលពីថ្ងៃទី ៧មករា។ ជនសង្ស័យអេកាឡាក់ ភាណយបាននិយាយសារភាពនៅមុខប៉ូលិស និងអ្នកកាសែត បន្ទាប់ពីរងការចោទប្រកាន់ថា បានប្រព្រឹត្តអំពើឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធដោយគ្មានច្បាប់អនុញ្ញាត។

ខ្ញុំសូមសារភាពថា ខ្ញុំបានធ្វើខុស»។ នេះជាពាក្យសារភាពរបស់ខ្មាន់កាំភ្លើង អេកាឡាក់ ភាណយ ទៅកាន់ប៉ូលិសថៃ នៅថ្ងៃសៅរ៍ទី១១មករា។ យោងតាមការចុះផ្សាយទីភ្នាក់ងារព័ត៌មានបារាំង(AFP) ដែលបានដកស្រង់ប្រភពពីសមត្ថកិច្ចថៃ ខ្មាន់កាំភ្លើង អេកាឡាក់ ភាណយ ត្រូវចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន និងកាន់កាប់កាំភ្លើងដោយគ្មានការអនុញ្ញាត។

យ៉ាងណាមិញ លោក Somprasong Yenthuam ប៉ូលិសជាន់ខ្ពស់ថៃ បានអះអាងថា សមត្ថកិច្ចថៃនៅមិនទាន់អាចកំណត់មូលហេតុដែលអេកាឡាក់ ភាណយ បាញ់សម្លាប់លោក លិម គិមយ៉ា បាននៅឡើយ ដោយប៉ូលិសថៃស្នើសុំពេលវេលាបន្ថែមទៀតដើម្បីស៊ើបអង្កេត។

នៅព្រឹកថ្ងៃសៅរ៍ទី១១មករានេះ សមត្ថកិច្ចកម្ពុជាបានបញ្ជូនខ្មាន់កាំភ្លើង អេកាឡាក់ ភាណយ តាមច្រកអន្តរជាតិប៉ោយប៉ែត ទៅឲ្យអាជ្ញាធរថៃបន្តការស៊ើបអង្កេត។ ប៉ូលិសថៃ ឧត្តមសេនីយ៍ឯក Somprasong Yenthuam ជំនួយការស្នងការប៉ូលីសថៃ និងឧត្តមសេនីយ៍ទោ Teeradet Thammasutee មេបញ្ជាការការិយាល័យស៊ើបអង្កេតកណ្តាល បានអះអាងថា គេបានដឹកខ្មាន់កាំភ្លើង អេកាឡាក់ ភាណយ តាមឧទ្ធម្ភាគចក្រទៅកាន់ទីក្រុងបាងកក ដើម្បីបន្តនិតិវិធី។

នៅក្នុងការស៊ើបអង្កេតប៉ុន្មានថ្ងៃមកនេះ សមត្ថកិច្ចថៃបានរកឃើញថា មានប្រតិបត្តិការផ្ទេរប្រាក់ចំនួន៣ម៉ឺនបាតចូលគណនីខ្មាន់កាំភ្លើង អេកាឡាក់ ភាណយ នៅម៉ោងប្រមាណ១រសៀល ថ្ងៃអង្គារទី០៧មករា ថ្ងៃដែលមានហេតុការណ៍បាញ់សម្លាប់លោក លិម គិមយ៉ា តំណាងរាស្ត្រនៃអតីតគណបក្សសង្រ្គោះជាតិ នៅកណ្តាលទីក្រុងបាងកក។ នេះបើតាមសារព័ត៌មាន The Nation ដែលបានដកស្រង់សំដីមន្ត្រីប៉ូលិសជាន់ខ្ពស់របស់ថៃ ដោយបានបន្ថែមទៀតថា ខ្មាន់កាំភ្លើង អេកាឡាក់ ភាណយ បានប្រើប្រាស់លុយចំនួន ២ម៉ឺន២ពាន់បាត ទៅលោះកាំភ្លើងដែលខ្លួនដាក់បញ្ចាំ យកមកបាញ់សម្លាប់លោក លិម គិមយ៉ា។

លុះបាន៥នាទីក្រោយការបាញ់ប្រហារលើលោក លិម គិមយ៉ា ទឹកប្រាក់ចំនួន៣ម៉ឺនបាតបន្ថែមទៀត ត្រូវបានផ្ទេរចូលគណនីអេកាឡាក់ ភាណយ ជាលើកទី២។ សមត្ថកិច្ចថៃបានដាក់ការសង្ស័យថា ទឹកប្រាក់សរុបចំនួ៦ម៉ឺនបាតនេះជាថ្នូរនៃការស៊ីឈ្នួលបាញ់សម្លាប់អ្នកនយោបាយខ្មែរសញ្ជាតិបារាំង លោក លិម គិមយ៉ា។ សមត្ថកិច្ចថៃថា ខ្លួនកំពុងបន្តស៊ើបអង្កេតលើប្រភពលុយ ដែលក្រុមស៊ើបអង្កេតរកឃើញថា បានផ្ទេរពីបរទេស។

ក្រៅពីការចាប់ខ្លួនខ្មាន់កាំភ្លើង អេកាឡាក់ ភាណយ សមត្ថកិច្ចថៃនៅបន្តចង្អុលមុខជនសង្ស័យទី២ដែលពាក់ព័ន្ធនឹងឃាតកម្មលោក លិម គិមយ៉ា។ ជនសង្ស័យទី២គឺជាបុគ្គល ពេជ្រ គឹមស្រ៊ិន ដែលជាពលរដ្ឋខ្មែរ ត្រូវតុលាការថៃចេញដីកាចាប់ខ្លួន ដោយសង្ស័យថា ជាអ្នកសមគំនិត ផ្តល់ព័ត៌មានទៅឲ្យឃាតករ ដើម្បីធ្វើសកម្មភាព បាញ់សម្លាប់លោកលិម គិមយ៉ា។

គួរបញ្ជាក់ថា លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រមណ្ឌលកំពង់ធំនៃបក្សសង្រ្គោះជាតិត្រូវបានខ្មាន់កាំភ្លើងបាញ់ចំនួន ៣គ្រាប់បណ្ដាលឱ្យស្លាប់ភ្លាមៗនៅក្បែរវត្តបូវ័ន្តនិវិត្តក្នុងទីក្រុងបាងកក ប្រទេសថៃនាល្ងាចថ្ងៃអង្គារ ទី០៧ មករា។ លោក លិម គិមយ៉ា ជាតំណាងរាស្ត្រនៃអតីតបក្សសង្រ្គោះជាតិមណ្ឌលកំពង់ធំដែលមានសញ្ជាតិខ្មែរ និងបារាំងដោយលោកមានភរិយាជាជនជាតិបារាំង។ ក្នុងតំណែងជាតំណាងរាស្ត្រកន្លងមក លោក លិម គិមយ៉ាត្រូវបានគេស្គាល់ជាអ្នកនយោបាយហ៊ានរិះគន់មិនសំចៃមាត់ចំពោះសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជា៕

Nº.0330

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top