ក្រសួងសាធារណៈការ និងសាលាក្រុងចុះសិក្សាដាក់កាមេរ៉ាចាប់ល្បឿន និងបន្ថែមភ្លើងស្តុបនៅផ្លូវ ៦០ម៉ែត្រ
ក្រសួងសាធារណៈការ និងសាលាក្រុងភ្នំពេញបានចុះសិក្សាពីការដំឡើងកាមេរ៉ាចាប់ល្បឿន ព្រមទាំងសិក្សាបន្ថែមពីការដាក់ស្លាកសញ្ញាចរាចរណ៍ គូសគំនូសសញ្ញាចរាចរណ៍ និងភ្លើងស្តុបនៅផ្លូវ ៦០ម៉ែត្រ រាជធានីភ្នំពេញ។ ការសិក្សានេះធ្វើឡើង បន្ទាប់ពីមានផ្ទុះប្រតិកម្ម និងក្តីបារម្ភពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលតែងកើតមានញឹកញាប់នៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រនារយៈពេលចុងក្រោយនេះ។
នៅថ្ងៃទី១២ មករា លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងលោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញបានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យស្ថានភាពផ្លូវមហាវិថីសម្ដេចតេជោ ហ៊ុន សែន ឬផ្លូវ ៦០ម៉ែត្រដើម្បីសិក្សាពីការដំឡើងកាមេរ៉ាចាប់ល្បឿន និងបន្ថែមភ្លើងស្តុប គំនូស និងស្លាកសញ្ញាចរាចរណ៍។ អ្នកនាំពាក្យក្រសួងសាធារណៈការ លោក ផន រឹម បានបញ្ជាក់បន្ថែមនៅថ្ងៃទី១៣ មករាថា ការចុះពិនិត្យស្ថានភាពផ្លូវ ៦០ម៉ែត្រនាពេលនេះជាការសិក្សាលំអិតដើម្បីបន្ថែមឧបករណ៍សុវត្ថិភាពក្នុងគោលដៅសម្រួលការធ្វើចរាចរណ៍ និងការបង្កើនសុវត្ថិភាពការធ្វើដំណើររបស់ពលរដ្ឋ។
តែអ្នកនាំពាក្យក្រសួងសាធារណៈការរូបនេះដដែលមិនបានបញ្ជាក់ទេថា តើការដំឡើងកាមេរ៉ាចាប់ល្បឿន ព្រមទាំងការបន្ថែមស្លាកសញ្ញា គំនូសសញ្ញាចរាចរណ៍ និងភ្លើងស្តុបនៅផ្លូវ ៦០ម៉ែត្រក្នុងរាជធានីភ្នំពេញនេះនឹងចេញជារូបរាងនៅពេលណានោះឡើយ។ អ្វីដែលលោក ផន រឹមអាចបញ្ជាក់បាននៅពេលនេះគឺថា ការងារនេះនឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ និងថា ក្រសួងសាធារណៈការ និងសាលាក្រុងបានសម្រេចគូសគំនូសសញ្ញាចរាចរណ៍នៅផ្លូវ ៦០ម៉ែត្រឱ្យច្បាស់សារជាថ្មី និងបានសម្រេចដាក់ភ្លើងស្តុបចរាចរណ៍បន្ថែមនៅតាមផ្លូវចេញចូលបុរី និងផ្លូវខ្វែងខ្វាត់ចេញចូលទីកន្លែងដែលមមារញឹកចរាចរណ៍ដទៃផ្សេងទៀត។
ក្នុងន័យនេះ លោក ផន រឹមបានអំពាវនាវជាថ្មីឱ្យពលរដ្ឋដែលធ្វើដំណើរតាមផ្លូវត្រូវតែគោរពច្បាប់ចរាចរណ៍ ទោះមានការបន្ថែមឧបករណ៍សុវត្ថិភាពនាពេលនេះក៏ដោយ។ គួរដឹងថា ក្នុងរយៈពេល ១សប្តាហ៍ចុងក្រោយនេះ គ្រោះថ្នាក់ចរាចរណ៍ ២ផ្សេងគ្នានៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រដែលបង្កដោយការបើកបរបញ្ច្រាស់ទិសចរាចរណ៍ និងបើកបរដោយគ្រឿងស្រវឹងបានបន្សល់ទុកនូវសោកនាដកម្មស្លាប់មនុស្ស៤នាក់ និងរបួសធ្ងន់ម្នាក់។ ករណីទី១ កើតឡើងនៅម៉ោង ១រំលងអាធ្រាតឈានចូលថ្ងៃទី៦ មករាបណ្តាលឱ្យស្លាប់តារារ៉េបម្នាក់។
រំលងបានប៉ុន្មានថ្ងៃក្រោយមក គ្រោះថ្នាក់ចរាចរណ៍ ១ករណីទៀតបានផ្តាច់ជីវិតសមាជិកគ្រួសារមួយដល់ទៅ ៣នាក់ គឺ ឪពុក និងកូនតូច ២នាក់ ខណៈម្តាយរងរបួសធ្ងន់។ សូមរម្លឹកថាកន្លងមកនៅផ្លូវ ៦០ម៉ែត្រ គឺឧស្សាហ៍កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ពិសេសនៅពេលយប់ ខណៈពលរដ្ឋដែលធ្វើដំណើរតាមផ្លូវធ្លាប់បានទទូចច្រើនដងឱ្យអាជ្ញាធរដាក់ភ្លើងបំភ្លឺនៅពេលយប់ គូសគំនូសសញ្ញាចរាចរណ៍ឱ្យច្បាស់ និងជំរុញឱ្យដាក់រនាំងខណ្ឌទ្រូងផ្លូវ។ល។
Nº.0341