ប្រអប់ខ្មៅមិនដំណើរការ៖ មូលហេតុនៃគ្រោះថ្នាក់ផ្ទុះឆេះយន្តហោះកូរ៉េខាងត្បូងនៅតែអាថ៌កំបាំង
ក្រុមអ្នកស៊ើបអង្កេតស្រងាកចិត្ត ជាខ្លាំង ព្រោះថា ប្រអប់ខ្មៅដែលផ្ទុកព័ត៌មាន សំខាន់ ជួយ ឲ្យគេដឹងពីមូលហេតុ ធ្វើ ឲ្យ យន្តហោះ កូរ៉េខាងត្បូង ផ្ទុះឆេះ កាលពី ចុងឆ្នាំមុន ត្រូវ បានគេ រកឃើញថា លែងថត មិនដំណើរការ នៅ ៤នាទីមុន គ្រោះថ្នាក់ឆេះយន្តហោះ ។ នៅថ្ងៃទី ២៩ ធ្នូ យន្តហោះ ប៊ូអ៊ីង របស់ ក្រុមហ៊ុន អាកាសចរណ៍កូរ៉េខាងត្បូង Jeju Air ដែលដឹកអ្នកដំណើរពីទីក្រុង បាងកក ប្រទេស ថៃ បាន ផ្ទុះឆេះ នៅលើ ផ្លូវចុះចត នៅព្រលានយន្តហោះ Muan ភាគខាងត្បូង កូរ៉េខាងត្បូង។ មនុស្សចំនួន ១៧៩នាក់ស្លាប់ ចំណែក មនុស្ស ២នាក់ ដែលជា បុគ្គលិកនៅលើ យន្តហោះ រួចរស់ជីវិត ប៉ុន្តែ រងរបួសធ្ងន់ធ្ងរ។ នៅថ្ងៃសៅរ៍ទី ១១ មករា អាជ្ញាធរកូរ៉េខាងត្បូង សន្យា ស្រាវជ្រាវបន្តទៀតដើម្បីរកមូលហេតុ ដែលធ្វើ ឲ្យ យន្តហោះជួបគ្រោះថ្នាក់ ផ្ទុះឆេះសម្លាប់មនុស្ស ច្រើនមិនធ្លាប់មាននៅក្នុងប្រវត្តិអាកាសចរណ៍កូរ៉េខាងត្បូង។
នៅកូរ៉េខាងត្បូង គ្រោះថ្នាក់ផ្ទុះឆេះយន្តហោះ ដែលបាន សម្លាប់មនុស្ស ១៧៩នាក់ បានកន្លងផុតទៅ ជិត ២សប្តាហ៍ ដោយ គេ នៅតែមិនទាន់រកឃើញ មូលហេតុ ពិតប្រាកដដែលធ្វើឲ្យយន្តហោះជួបគ្រោះថ្នាក់។
បន្ទាប់ពីចាប់ដៃ សហការស៊ើបអង្កេត យ៉ាងសកម្ម ជាមួយ ភាគី អាមេរិក ក្រសួងដឹកជញ្ជូន កូរ៉េខាងត្បូង បាន អះអាង នៅថ្ងៃសៅរ៍ទី ១១មករា ថា ប្រអប់ខ្មៅ ទាំងពីរ ដែល ផ្ទុកព័ត៌មាន សំខាន់ ស្តីពីទិន្នន័យ ហោះហើរ ការសន្ទនា នៅក្នុង បន្ទប់បើកបរជាដើម លែងដំណើរការ ឈប់ ថត នៅ ៤នាទី មុន គ្រោះថ្នាក់កើតឡើង។
គួរបញ្ជាក់ថា បន្ទាប់ពីរកឃើញ ប្រអប់ខ្មៅ ទាំងពីរ នៅ ៣ថ្ងៃក្រោយ គ្រោះថ្នាក់ឆេះយន្តហោះ អាជ្ញាធរ កូរ៉េខាងត្បូង បានបញ្ជូន ប្រអប់ខ្មៅមួយដែល ខូចខាតខ្លាំង ទៅសហរដ្ឋអាមេរិក ដើម្បី ឲ្យ មន្ទីរពិសោធន៍ស្តីពី សុវត្ថិភាពហោះហើរជាតិ សិក្សា វិភាគ។ ប្រអប់ខ្មៅដែលកូរ៉េខាងត្បូង បញ្ជូនទៅអាមេរិកមាន ផ្ទុកទិន្នន័យ ដូចជា រយៈកំពស់ហោះហើរ ប្រព័ន្ធបញ្ជូនសញ្ញារបស់យន្តហោះ ចំណែក ប្រអប់ខ្មៅ ដែលថតសំឡេង នៅក្នុង បន្ទប់អ្នកបើកបរ ត្រូវ កូរ៉េខាងត្បូង រក្សាទុកដើម្បីវិភាគក្នុងស្រុក។
ប៉ុន្តែ យោងតាម សេចក្តីប្រកាស របស់ ក្រសួង ដឹកជញ្ជូន កូរ៉េខាងត្បូង ជាអកុសល ការវិភាគបង្ហាញថា ទាំងប្រអប់ខ្មៅ ថតសំឡេង នៅបន្ទប់អ្នកបើកបរ និងប្រអប់ខ្មៅ ថតទិន្នន័យហោះហើរ ឈប់ថតតាំងពី ៤នាទី មុន យន្តហោះ បើកបុកទីទួលដែលមាន ថ្មបេតុង។ ក្រសួងដឹកជញ្ជូន កូរ៉េខាងត្បូង បានបន្ថែមថា បន្ថែមពីលើការ ស្រាវជ្រាវ រកមូលហេតុ ធ្វើ ឲ្យយន្តហោះជួបគ្រោះថ្នាក់បុកឆេះ នៅព្រលាន យន្តហោះ Muan អាជ្ញាធរ នឹងស៊ើបអង្កេតរកដើមហេតុដែលធ្វើ ឲ្យ ប្រអប់ខ្មៅ បាត់ទិន្នន័យ នៅក្នុងដំណាក់ កាល ស៊ើបអង្កេត យ៉ាងដូច្នេះ។
ក្រុមអ្នកស៊ើបអង្កេត និយាយ ថា ប្រអប់ខ្មៅទាំងពីរសំខាន់ណាស់សម្រាប់ស្រាវជ្រាវ រកមូលហេតុ នៃគ្រោះថ្នាក់ យន្តហោះ កូរ៉េខាងត្បូង ប៉ុន្តែ ពួកគេ មិន ចុះចាញ់ ដោយ នៅតែ បន្ត ស្វែងរកថា ហេតុអ្វីបាន ជា យន្តហោះ របស់ ក្រុមហ៊ុនអាកាសចរណ៍Jejuត្រូវ ចុះចត ជាបន្ទាន់ មុននឹងជួបគ្រោះថ្នាក់ឆេះ សម្លាប់អ្នកដំណើរសឹងទាំងអស់របស់យន្តហោះ។
អ្នកស៊ើបអង្កេត ធ្លាប់លើកឡើង ពី ចំណុច ៣ដែលធ្វើឲ្យ យន្តហោះ ជួបគ្រោះថ្នាក់ ដូចជា សត្វស្លាប់ហើរចូល ក្នុងម៉ាស៊ីនយន្តហោះ យន្តហោះជួបភាពមិនប្រក្រតី ព្រោះមិនទម្លាក់កង់ពេល ចុះដល់ដី ហើយនិងចុងក្រោយ គឺវត្តមាន របស់ទីទួល សំបូរដោយ បេតុង នៅក្បែរកៀកពេក នឹង ចុងផ្លូវចុះចត។ អ្នកជំនាញ ខាងអាកាសចរណ៍ខ្លះ លើកឡើងថា បើសិន ជា គ្មាន ទីទួល ខ្ពស់សំបូរដោយ ថ្មបេតុងដែល ដាំបង្គោលអង់តែន សម្រាប់បញ្ជូនសញ្ញាដល់យន្តហោះនៅក្បែរនោះទេ យន្តហោះ ទំនង មិន បុកប៉ះទង្គិចខ្លាំង រហូតផ្ទុះឆេះសម្លាប់មនុស្ស ដ៏ច្រើននាក់ នោះទេ។
អាជ្ញាធរកំពុងស៊ើបអង្កេត ពីរឿងនេះ ចំណែក ប្រធានក្រុមហ៊ុន ហោះហើរJejuត្រូវបាន ហាមឃាត់មិនឲ្យចាកចេញពីប្រទេស នៅក្នុង ពេល ស៊ើបអង្កេត។ លោក ប៉ាក់ សាងវូ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន កូរ៉េខាងត្បូង វិញ បាន ប្រកាស ចុះចេញពីមុខតំណែង នៅសប្តាហ៍នេះ នៅក្នុងនាមលោក ជាអ្នកដឹកនាំ ក្រសួងដែលទទួលខុសត្រូវ លើ សុវត្ថិភាពអាកាសចរណ៍ស៊ីវិល៕
Nº.0328