មន្ត្រីក្រសួងយុត្តិធម៌ថា ករណីបុកមនុស្សស្លាប់ ហើយបង់លុយរួចខ្លួន គឺមិនឱ្យមានទៀតទេ

7News

 មន្ត្រីក្រសួងយុត្តិធម៌ថា ករណីបុកមនុស្សស្លាប់ ហើយបង់លុយរួចខ្លួន គឺមិនឱ្យមានទៀតទេ

ចេញផ្សាយថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥៖

ក្រសួងយុត្តិធម៌ តាមរយៈអ្នកនាំពាក្យលោក សេង ឌីណាបានធានាពីការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ជាទីបំផុតចំពោះជនណាដែលបង់លុយដើម្បីរួចខ្លួននៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់។ ការអះអាងធានាយ៉ាងដូចនេះធ្វើឡើងនាថ្ងៃទី ១៣ មករានៅក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលរយៈពេល១ឆ្នាំនៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ»។ តាមអ្នកនាំពាក្យរូបនេះដដែល ការបង់លុយរួចខ្លួន គឺមិនឱ្យមានទៀតទេ និងថា ក្នុងក្របខណ្ឌនៃការកែទម្រង់ សំណងសម្រាប់ជនរងគ្រោះ និងទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌនៅតែមាន។


ក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃទី១៣ មករា អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក សេង ឌីណា បានលើកឡើងថា បុគ្គលណាដែលបង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ ហើយបង់លុយរួចខ្លួន គឺលែងមានតទៅទៀតហើយ។ អ្នកនាំពាក្យរូបនេះដដែលចង់បញ្ជាក់នៅក្នុងន័យថា ជនល្មើសនៅតែសងសំណងទៅកាន់គ្រួសារជនរងគ្រោះ និងនៅតែទទួលខុសត្រូវលើផ្នែកព្រហ្មទណ្ឌជាធរមានដោយមិនអាចរួចទោសបានឡើយ។

ឆ្លើយតបនឹងការរិះគន់ថា ជនបង្កដែលត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ តែបែរជាឃើញរស់នៅក្រៅឃុំត្រូវបានអ្នកនាំពាក្យបកស្រាយថា ក្រសួងយុត្តិធម៌បានបង្កើតក្រុមការងារត្រួតពិនិត្យ និងតាមដានចំពោះចំណាត់ការរបស់តុលាការជាប់ជាប្រចាំ។  រីឯពលរដ្ឋដែលឃើញពីភាពអយុត្តិធម៌ចំពោះចំណាត់ការរបស់តុលាការអាចដាក់ពាក្យបណ្តឹងទៅកាន់ក្រុមការងារយុទ្ធនាការរបស់ក្រសួងយុត្តិធម៌បាន។

ទោះបីជាមានចំណុចអសកម្មភាពខ្លះបានកើតឡើងក៏ដោយក៏អ្នកនាំពាក្យក្រសួងយុត្តិធម៌សង្កេតឃើញថា ការអនុវត្តយុទ្ធនាការរយៈពេលមួយឆ្នាំកន្លងទៅ និងការដោះស្រាយសំណងជូនជនរងគ្រោះ គឺបានគិតគូរដិតដល់ និងឆាប់រហ័ស។ ចំណែកអ្នកបើកបរល្មើសនឹងច្បាប់ចរាចរណ៍រហូតបង្កគ្រោះថ្នាក់បណ្តាលឱ្យអ្នកដទៃស្លាប់ក៏បានទទួលខុសត្រូវតាមផ្លូវច្បាប់ដោយតឹងរ៉ឹង និងម៉ឺងម៉ាត់ដែរ។

ទន្ទឹមគ្នានេះ និងបើតាមអ្នកនាំពាក្យរូបនេះដដែល អ្នកបង្កគ្រោះថ្នាក់ចរាចរណ៍មានសុឆន្ទៈក្នុងការផ្តល់សំណងជូនជនរងគ្រោះដោយឆាប់រហ័ស ថ្វីបើជនបង្កដឹងច្បាស់ថាការសងសំណងរដ្ឋប្បវេណីនឹងមិនអាចជួយឱ្យខ្លួនគេចផុតពីការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌក៏ដោយ។

សូមជម្រាបថា ក្នុងរយៈពេលមួយឆ្នាំនៃយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ សាលាដំបូងរាជធានី ខេត្តទទួលបានសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន៥ ៤៧០ សំណុំរឿង ក្នុងនោះ តុលាការបានដោះស្រាយចប់សព្វគ្រប់ចំនួន ៤ ៨០៧សំណុំរឿង ឬស្មើ ៨៧,៨៨%៕

Nº.0346

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top