អតីតមេបាតុករក្រុមអាវលឿង ដាក់ថ្ងៃឱសានវាទឱ្យរដ្ឋាភិបាលថៃលុបចោលMOUស្តីពីតំបន់ត្រួតស៊ីគ្នាជាមួយកម្ពុជា
អតីតមេដឹកនាំក្រុមអាវលឿងថៃ លោក Sondhi Limthongkul នៅថ្ងៃទី០៩ ខែធ្នូ បានប្រកាសដាក់ឱសានវាទឱ្យរដ្ឋាភិបាលថៃត្រូវតែលុបចោលអនុស្សារណៈនៃការយោគយល់(MOU) ស្តីពីការអភិវឌ្ឍរួមគ្នា នៅតំបន់OCA កាលពីឆ្នាំ២០០១ រវាងកម្ពុជា និងថៃ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Bangkok Post អតីតមេដឹកនាំបាតុករក្រុមអាវលឿងរូបនេះតម្រូវឱ្យរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សភឿថៃ ត្រូវឆ្លើយតបនឹងសំណើទាមទារនេះក្នុងរយៈពេល១៥ថ្ងៃ។ បើមិនដូច្នេះទេ រដ្ឋាភិបាលរបស់លោកស្រីផេ ថងថាន ស៊ីណាវ៉ាត់នឹងអាចប្រឈមនឹងបាតុកម្មប្រឆាំងរបស់ក្រុមអាវលឿង ដូចឪពុកលោកស្រី។
លោក Sondhi Limthongkul ដែលគេស្គាល់ថា ជាអតីតមេដឹកនាំបាតុករក្រុមអាវលឿងថៃ ប្រឆាំងនឹងលោកថាក់ស៊ីន រហូតធ្វើឲ្យយោធាធ្វើរដ្ឋប្រហារទម្លាក់លោកថាក់ស៊ីននៅឆ្នាំ ២០០៦ បានចេញមុខព្រមានធ្វើបាតុកម្មសាជាថ្មី ប្រសិនបើរដ្ឋាភិបាលថៃដែលដឹកនាំដោយកូនស្រីរបស់លោកថាក់ស៊ីន គឺលោកស្រី ផេថងថាន ស៊ីណាវ៉ាត់មិនព្រមលុបចោលអនុស្សារណៈនៃការយោគយល់(MOU) ស្តីពីការអភិវឌ្ឍរួមគ្នានៅតំបន់OCA ឆ្នាំ២០០១ជាមួយកម្ពុជា។
យោងតាមខ្លឹមសារចុះផ្សាយដោយសារព័ត៌មានថៃ Bangkok Post នាថ្ងៃទី០៩ ខែធ្នូ អតីតមេដឹកនាំក្រុមអាវលឿងរូបនេះ ទាមទារឱ្យរដ្ឋាភិបាលថៃដាក់សំណើឱ្យតុលាការធម្មនុញ្ញថៃពិនិត្យ សម្រេចលុបចោល MOUឆ្នាំ២០០១ជាបន្ទាន់ ដោយលោកទុកពេលឲ្យចំនួន១៥ថ្ងៃ។ បើតាមលោក Sondhi Limthongkul ការលុបចោលMOUឆ្នាំ២០០១ជាមួយកម្ពុជា មិនត្រូវការចំណាយពេលយូរឡើយ ដ្បិតថា អនុស្សារណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃស្តីពីការអភិវឌ្ឍរួមគ្នានៅតំបន់OCA ពុំបានទទួលការអនុម័តយល់ព្រមពីសភាថៃនោះទេ។
ពាក់ព័ន្ធនឹងរឿងនេះ វិទ្យុបារាំងអន្តរជាតិនៅពុំទាន់អាចសុំការឆ្លើយតបពីលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបាននៅឡើយទេ។ ចំណែក លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលវិញបញ្ជាក់យ៉ាងខ្លីថា នេះជារឿងផ្ទៃក្នុងរបស់ថៃ និងថា កន្លងមករដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ពីជំហរជុំវិញបញ្ហានេះរួចហើយ។