Mayotte ដែនដីដ៏ក្រីក្របំផុត របស់បារាំង រងបោកបំផ្លាញ ដោយកម្លាំងខ្យល់ព្យុះដ៏កំណាចChido

7News

 Mayotte ដែនដីដ៏ក្រីក្របំផុត របស់បារាំង រងបោកបំផ្លាញ ដោយកម្លាំងខ្យល់ព្យុះដ៏កំណាចChido

អាជ្ញាធរបារាំង នៅថ្ងៃចន្ទនេះ កំពុង ញាប់ដៃជើងដើម្បីនាំយក ជំនួយបន្ទាន់ ទៅជួយ ប្រជាជន នៅលើ កោះមែយ៉ុត (Mayotte) ដែនដី នាយសមុទ្រ របស់បារាំងនៅមហាសមុទ្រ ឥណ្ឌា ដែល បានរងបោកបក់ បំផ្លិចបំផ្លាញ ដោយ ខ្យល់ព្យុះកំណាចស្ហ៊ីដូ Chido កាលពីថ្ងៃ សៅរ៍ ទី ១៤ ធ្នូ។ ក្រុមអ្នកជួយសង្រ្គោះ កំពុង បារម្ភថា ចំនួនមនុស្ស ស្លាប់ នៅក្នុង គំនរផ្ទះបាក់រលំផ្ទះ អគារនៅក្នុងគ្រោះមហន្តរាយខ្យល់ព្យុះ នៅមែយ៉ុត អាចមានច្រើនរាប់រយនាក់ ខណៈប្រជាជន នៅលើ កោះសឹងទាំងមូលគ្មានទឹក គ្មានភ្លើង និង គ្មានសេវាព្យាបាល ដោយសារតែមន្ទីរពេទ្យ រងការខូចខាតដោយសារ កម្លាំងខ្យល់ព្យុះ បក់ក្នុងល្បឿន ២២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

យន្តហោះយោធាបារាំងដឹកនាំជំនួយ និងក្រុមអ្នកជួយសង្រ្គោះ ចុះចត នៅលើ ប្រជុំដីកោះ Mayotte នៅមួយថ្ងៃ ក្រោយ ដែល ខ្យល់ព្យុះកំណាច Chidoបានបោកសង្រ្គុបទៅលើ ប្រជុំ កោះMayotte ដែលជាដែនដីនាយសមុទ្រ ដ៏ក្រីក្រជាងគេ បំផុត របស់ បារាំង។

នៅថ្ងៃសៅរ៍ កោះ Mayotte រងការបំផ្លិចបំផ្លាញ ដោយសារ ខ្យល់ព្យុះដ៏កំណាច ព្រោះវាបក់ក្នុងល្បឿន ២២០គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយ ភ្នែករបស់បាន បក់វិល នៅចំពីលើ ដីកោះMayotteតែម្តង។ រូបភាពពីលើអាកាស ដែល កងអាវុធហត្ថបារាំង បាន ថត ភ្លាមៗនៅ ក្រោយ ខ្យល់ព្យុះបាន បង្ហាញអគារ ជាពិសេស ផ្ទះសម្បែងនៅ ក្នុងសំណង់អនាធិបតេយ្យ ដែល បាក់ រលំខ្ទេចដល់ដី បង្គោលភ្លើង បង្គោលខ្សែទូរស័ព្ទ និងផ្លូវថ្នល់ កាត់ផ្តាច់ដោយសារ ដើមឈើរលំដោយសារ កម្លាំងខ្យល់ព្យុះ។

អាជ្ញាធរក្នុងស្រុក Mayotte វាយតម្លៃថា អាចមាន មនុស្ស រាប់រយនាក់ ឬ អាច ដល់ រាប់ពាន់ស្លាប់ នៅក្នុង គ្រោះមហន្តរាយខ្យល់ព្យុះChido។ ក្រុមជួយសង្រ្គោះ កំពុង ដើររក មនុស្ស រងគ្រោះ នៅក្រោម គំនរបាក់បែក នៅ សំណង់ អនាធិបតេយ្យ ជាទី ដែល គេ បារម្ភថា នឹង អាចមាន ជនរងគ្រោះច្រើន ព្រោះថា នៅទីនោះធ្លាប់ មាន មនុស្ស រស់នៅកកកុញដល់ទៅជាង ៣សែននាក់ ឬ អាច ដល់ ៥សែននាក់ បើសិន គេរាប់បញ្ចូល ជនអន្តោប្រវេសន៍ខុសច្បាប់ ដែល លួចចូលមករស់នៅ កោះ Mayotte។

ប្រភពមន្រ្តី ម្នាក់បាន ប្រាប់ ទីភ្នាក់ងារព័ត៌មាន បារាំង AFPថា គេ ខ្លាច ថា ចំនួន មនុស្ស រងគ្រោះស្លាប់ ដោយសារ ខ្យល់ព្យុះ នៅ តំបន់ សំណង់អនាធិបតេយ្យ អាច មាន ច្រើន រាប់ពាន់នាក់ ព្រោះថា នៅពេល មាន ខ្យល់ខ្យុះ ជនអន្តោប្រវេសន៍ខុសច្បាប់ មិន បាន រត់មកជ្រកពួន នៅមណ្ឌលសុវត្ថិភាព ដោយសារតែ ខ្លាច ការឆែករកក្រដាសស្នាមពីអាជ្ញាធរបារាំង ។

ដោយ បក់ក្នុងល្បឿន ២២០គីឡូម៉ែត្រ ក្នុងមួយម៉ោង ខ្យល់ព្យុះChido ជា ព្យុះកំណាច លើកដំបូង ដែល ប្រជុំកោះ Mayotte បាន ភ្លក់ស្គាល់រសជាតិក្នុងរយៈពេល ៩០ឆ្នាំចុងក្រោយនេះ។ អ្នកជំនាញអាកាសធាតុ វាយតម្លៃថា កំដៅលើ ផ្ទៃទឹកសមុទ្រ ៣០អង្សារនៅក្បែរកោះ ដែលជាលទ្ធផល នៃ កត្តាប្រែប្រួល អាកាសធាតុ អាច ជា ដើមហេតុ ជំរុញ ឲ្យ ខ្យល់ព្យុះChido កាន់តែមាន ថាមពល កម្លាំងបោកបក់ ដ៏សាហាវ ទៅលើ ប្រជុំកោះ Mayotte។

នៅថ្ងៃ ចន្ទ ប្រធានាធិបតីបារាំង កោះប្រជុំបន្ទាន់ ដើម្បី រកដំណោះស្រាយ ជួយ ប្រជាជន ដែលកំពុង ប្រឈម នឹង កង្វះស្បៀង ទឹក ភ្លើង និង ប្រព័ន្ធទូរគមនាគមន៍។ តាំង ពីថ្ងៃ អាទិត្យ យន្តហោះ និង កប៉ាល់ បារាំង បាន ដឹកជញ្ជូន យក ជំនួយ បឋម និង ក្រុមជួយសង្រ្គោះ បរ្មាណ ៨០០នាក់ ចេញពី កោះ Réunion របស់បារាំង ដែលស្ថិតនៅ ចម្ងាយ ជាង ១៤០០គីឡូម៉ែត្រ ពី កោះMayotte៕

Nº.0242


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top