អាល្លឺម៉ង់៖ ស្លាប់ច្រើននាក់ របួស ២០០នាក់ ដោយ ការបើករថយន្តបំបុក នៅផ្សារណូអែល ក្រុង Magdeburg
នៅប្រទេសអាល្លឺម៉ង់ កាលពីល្ងាចថ្ងៃ សុក្រទី ២០ ធ្នូ បុរសម្នាក់ បាន បើករថយន្ត សំរុកចូលទៅក្នុងផ្សារណូអែល មួយកន្លែង នៅកណ្តាល ក្រុងម៉ាកដឺបួរ (Magdeburg) បំបុក មនុស្ស ស្លាប់យ៉ាងហោច៤នាក់ និង របួសប្រមាណ ២០០ នាក់ ។ ជនដៃដល់អ្នក បើក រថយន្ត នោះ ត្រូវបាន សមត្ថកិច្ច អាល្លឺម៉ង់ ចាប់ បានភ្លាម ៗ និងត្រូវ បានកំណត់អត្តសញ្ញាណថា ជា ជនជាតិ អារ៉ាប៊ីសាអូឌីត មានអាយុ៥០ឆ្នាំ ។ សមត្ថកិច្ច កំពុង តែស្វែងរកមូលហេតុពិតប្រាកដ ដែលជំរុញឲ្យ ជននេះ ធ្វើអំពើឃោឃៅបែបនេះ ។
ប្រជាជន អាល្លឺម៉ង់ នៅទីក្រុងMagdeburg បាន ជួប នូវហេតុការណ៍ ដ៏តក់ស្លុត នៅវេលាម៉ោង ប្រមាណ៧ល្ងាច ថ្ងៃសុក្រទី ២០ធ្នូ រថយន្តមួយគ្រឿងបាន បើកក្នុងល្បឿនដ៏លឿន ឆ្លងរនាំងនគរបាល ហើយ បាន បុករះមនុស្ស ម្នាក្នុងចម្ងាយ ប្រមាណ ៤០០ម៉ែត្រ ដែលកកកុញនៅផ្សារណូអែលកណ្តាលទីក្រុង ។ សំឡេងស្រែក បាន លាន់ឮទ្រហោរឡើង ដោយ ក្តីរន្ធត់ជាពន់ពេក។ ផ្អែកតាមតួលេខផ្លូវការ របស់ អាជ្ញាធរអាល្លឺម៉ង់ គឺមានមនុស្សរបួសធ្ងន់ ជាង ៤០នាក់ និងរបួសស្រាលជាង ៧០នាក់។ គិតត្រឹមព្រឹកថ្ងៃសៅរ៍ មានមនុស្ស ៤នាក់បានស្លាប់ ក្នុងនោះគឺមានកុមារម្នាក់ ផង ។
លោក អូឡាហ្វ ស្ហុលស៍ ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ អមដំណើរដោយ លោក រដ្ឋមន្ត្រីជាច្រើននាក់ បានទៅ ដល់ ទីក្រុងMagdeburg ខណៈប្រជាជនអាល្លឺម៉ង់ នាំគ្នាយកបាច់ផ្កានិង ទៀនមកអុជ នៅទីកន្លែងកើតហេតុ និងនៅខាងមុខព្រះវិហារ ស្ថិតនៅ ក្បែរនោះ។
សមត្ថកិច្ចបានចាប់ឃាត់ខ្លួន ជនដៃដល់អ្នកបើករថយន្ត បានភ្លាមៗ នៅ ក្រោយហេតុការណ៍ នេះ ដែលជាទូទៅ គេគិតថា វាអាចជា អំពើភេរវកម្ម អ៊ីស្លាមជ្រុលនិយម ។ តែយ៉ាងណា សមត្ថកិច្ច អាល្លឺម៉ង់កំពុង តែ ស៊ើបអង្កេត លំអិត ស្តីពីមូលហេតុពិតប្រាកដ។ ផ្អែកតាមនគរបាល អាល្លឺម៉ង់ ជនដៃដល់មានភេទប្រុសអាយុ ៥០ឆ្នាំ ជាជនជាតិ អារ៉ាប៊ីសាអូឌីត ចូលមករស់នៅលើទឹកដីអាល្លឺម៉ង់ នៅឆ្នាំ ២០០៦មានលិខិតស្នាមជាជនភៀសខ្លួន។ ជននេះ មានមុខរបរជាគ្រូពេទ្យចិត្តសាស្ត្រ ។
អ្វីដែល កំពុងតែធ្វើ ឲ្យសមត្ថកិច្ចអាល្លឺម៉ង់ មានការងឿងឆ្ងល់បំផុតនោះ គឺមាន សញ្ញាណជាច្រើនបញ្ជាក់ថា ជននេះហាក់មានទំនោរ មិន គាំទ្រទ្រឹស្តីឥស្លាមជ្រុលនិយមទាល់តែសោះ។ ក្រៅតែពី ទទួលបាន ការស្រលាញ់រាប់អាន ពី សហគមន៍ ជនភៀសខ្លួនអារ៉ាប៊ីសាអូឌីតរស់នៅអាល្លឺម៉ង់ ជនដៃដល់ត្រូវគេដឹងថា បានផ្តាច់ខ្លួនចេញពីសាសនាឥស្លាម ហើយថែមទាំងតែងបានសរសេររិះគន់ អំពីចរន្តទ្រឹស្តីឥស្លាមផ្តាច់ការ ជ្រុលនិយមថែមទៀតផង នៅលើបណ្តាញសង្គម ។ ជន នេះមានទំនោរនយោបាយ គាំទ្រគណបក្សស្តាំនិយមជ្រុល អាល្លឺម៉ង់ និង ធ្លាប់ បាន លើកឡើង អំពីគ្រោះថ្នាក់ បង្កឡើងដោយ ការស្ទុះឡើងខ្លាំង នៃសាសនាអ៊ីស្លាមនៅអាល្លឺម៉ង់ ថែមទៀត។
ទោះជាយ៉ាងនេះក្តី ហេតុការណ៍ នេះ មិនអាចមិនធ្វើ ឲ្យ គេមិន នឹកឃើញ បានទេ ព្រោះវាកើតឡើងនៅថ្ងៃតែមួយ កាលពី ៨ឆ្នាំមុន គឺថ្ងៃទី ២០ ធ្នូ ឆ្នាំ ២០១៦ ដែល ភេរវជនបាន បើក រថយន្តកាមីញ៉ុង បុកសម្លាប់ មនុស្ស ចំនួន ១២នាក់ របួសរាប់សិបនាក់ នៅផ្សារណូអែលកណ្តាលទីក្រុងប៊ែរឡាំង។ យ៉ាងណាមិញ ក្នុងរដូវកាលជិតបុណ្យណូអែលនេះ និងជួនចំពេលអាល្លឺម៉ង់ កំពុងធ្វើការឃោសនាបោះឆ្នោត ផង សមត្ថកិច្ចអាល្លឺម៉ង់កំពុងតែបង្កើនការប្រុងប្រយ័ត្នសន្តិសុខខ្ពស់ ព្រោះ ការវាយប្រហារភេរវកម្ម ដោយ ប្រើរថយន្តបុករះសម្លាប់មនុស្ស នៅផ្សារណូអែល អាចជាមុខសញ្ញាដ៏គ្រោះថ្នាក់ បំផុត ៕
Nº.0254