សហគមន៍អន្តរជាតិ សន្យា ជួយ ស្តារស៊ីរី និងចង់ ឃើញ ប្រទេស នេះ គោរព សិទ្ធិមនុស្ស
ស៊ីរីកំពុងតែបើកទំព័រ ប្រវត្តិសាស្ត្រ ថ្មី ក្រោយ ពីក្រុម ឧទ្ទាមប្រដាប់អាវុធ បាន ផ្តួល រំលំ របបដឹកនាំ លោក បាស្ហា អាល់អាសាដ ដែល វង្សត្រកូល ឪកូន កាន់អំណាច ផ្តាច់ការ ប្រមាណ ៥០ឆ្នាំ ។ នៅពេ លនេះ សហគមន៍ អន្តរជាតិ ជាច្រើនប្រទេស នាំគ្នា សម្តែង ឆន្ទៈ ចង់ ចូលរួម ជ្រោម ជ្រែង កសាង ស្តារ ស៊ីរី ឡើងវិញ។ ក៏ប៉ុន្តែ ប្រទេស នេះ ត្រូវតែ ផ្តាច់ ខ្លួន ពី គំនិត អ៊ីស្លាមជ្រុល និយម។
ព័ត៌មានស្តីពី ការផ្តល់សិទ្ធិជ្រកកោនដល់ ប្រធានាធិបតីស៊ីរីធ្លាក់ពីអំណាច លោក បាស្ហារ អាល់ អាសាដ នៅក្នុងទឹកដីរុស្ស៊ី បានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការរុស្ស៊ី Tass និង RIA Novosti ដោយយោងតាមសេចក្តីប្រកាសមួយ របស់វិមានក្រេមឡាំង។ ប្រភពដដែលបានអះអាងថា ការផ្តល់សិទ្ធិស្នាក់អាស្រ័យនេះ គឺធ្វើឡើ់ង ស្របតាមគោលការណ៍មនុស្សធម៌ វិមានក្រេមឡាំង បានប្រកាន់ខ្ជាប់។
ម៉ូស្គូប្រាថ្នាបន្តកិច្ចសន្ទនានយោបាយ ដើម្បីរក្សាផលប្រយោជន៍ដល់ ប្រជាជនស៊ីរី និង ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី រុស្ស៊ី-ស៊ីរី។ រុស្ស៊ីតែងខ្នះខ្នែងស្វែងរក រកដំណោះស្រាយ សម្រាប់ប្រយោជន៍ស៊ីរី បន្ទាប់ពីប្រទេសនេះបានធ្លាក់ក្នុង វិបត្តិនយោបាយធ្ងន់ធ្ងរ ក្នុងឆ្នាំ ២០១១ និង បន្តអូសបន្លាយមកទល់បច្ចុប្បន្ន។ ទាំងនេះ គឺជាសេចក្តីថ្លែងការ ស្តីអំពីគោលជំហរ របស់វិមានក្រេមឡាំង ជុំវិញបញ្ហានៅស៊ីរី។
អនុតំណាងរបស់សហព័ន្ធរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក ឌ្មីទ្រី ប៉ូលែនស្គី បានថ្លែងឲ្យដឹងថា ម៉ូស្គូ ស្នើសុំឲ្យក្រុមប្រឹក្សាសន្តិសុខ អសប ជួបប្រជុំគ្នាជាបន្ទាន់ ក្នុងលក្ខណៈបិទទ្វារ នៅរសៀលថ្ងៃចន្ទទី ៩ ធ្នូ ដើម្បីពិភាក្សាគ្នា អំពីស្ថានការណ៍នៅស៊ីរី។
សូមរំឭកថា ទន្ទឹមគ្នានិងអ៊ីរ៉ង់ រុស្ស៊ីដែលជាសម្ព័ន្ធមិត្តចម្បងមួយរបស់លោក បាស្ហារ អាល់ អាសាដ បានចូលខ្លួនធ្វើអន្តរាគមន៍ផ្លូវយោធា ក្នុងជម្លោះនៅស៊ីរី កាលពីឆ្នាំ ២០១៥។ មិនយូរប៉ុន្មាន រុស្ស៊ី ក៏បានសាងសង់ជាមូលដ្ឋានកងនាវារបស់ខ្លួន នៅកំពង់ផែ Tartous ជាប់មាត់សមុទ្រ ម៉េឌីតែរ៉ាណេ និង មូលដ្ឋានទ័ពអាកាសរបស់ខ្លួនមួយទៀត នៅ ក្រុង Hmeimim ប្រទេសស៊ីរី៕
Nº.0225