ជំនួបត្រីភាគីលើកទី១ រវាងលោក ត្រាំ លោក ម៉ាក្រុង និងលោក ហ្សេឡេនស្គី នៅវិមានអេលីហ្សេ

7News

 ជំនួបត្រីភាគីលើកទី១ រវាងលោក ត្រាំ លោក ម៉ាក្រុង និងលោក ហ្សេឡេនស្គី នៅវិមានអេលីហ្សេ

ក្នុងឱកាសសម្ពោធបើកទ្វារព្រះវិហារ Notre Dame ទីក្រុងប៉ារីស ឡើងវិញ កាលពីថ្ងៃសៅរិ៍ ទី៧ធ្នូ ម្សិលមិញ លោក ដូណាល់ ត្រាំ និងលោកប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី បានជួបពិភាក្សាគ្នា ជាមួយនឹងលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅវិមានអេលីហ្សេ។ នេះគឺជាជំនួបត្រីភាគីលើកទី១ រវាងប្រមុខដឹកនាំទាំងបីរូប ដើម្បីនិយាយគ្នាពីអនាគតនៃសង្គ្រាមនៅអ៊ុយក្រែន។

ជំនួបត្រីភាគីលើកទី១ រវាងលោក ដូណាល់ ត្រាំ លោក វ្លូឌីមៀរ ហ្សេឡេនស្គី និងលោក អេម៉ានុយអែល ម៉ាក្រុង ប្រព្រឹត្តទៅនៅវិមានប្រធានាធិបតីបារាំង អេលីហ្សេ កាលពីថ្ងៃសៅរិ៍ ទី៧ធ្នូ មិ្សលមិញ។ លោក ហ្សេឡេនស្គី បានសរសេរសារ នៅលើបណ្តាញសង្គម X ថាជំនួបនេះទទួលបានផ្លែផ្កាល្អ។ ប្រមុខរដ្ឋរូបនេះ បានបន្តទៀតថាលោកបានជជែកគ្នាអំពីប្រជាជន បច្ចុប្បន្នភាព និងសន្តិភាពនៅអ៊ុយក្រែន ហើយអ៊ុយក្រែននិងអាមេរិកយល់ព្រមបន្តធ្វើការរួមគ្នា និងរក្សាទំនាក់ទំនងជាមួយគ្នា។ ចំណែកឯលោក ម៉ាក្រុងវិញ បានប្រាប់ទូរទស្សន៍បារាំង France Télévisions យ៉ាងខ្លីថាការសន្ទនារវាងមេដឹកនាំទាំងពីរទទួលបានលទ្ធផលល្អ។ នៅចុងបញ្ចប់នេះនៃកិច្ចប្រជុំនេះ លោក ត្រាំ និងលោក ហ្សេឡេនស្គី បានចាប់ដៃគ្នា ក្នុងទឹកមុខញញឹម។ គួរកត់សំគាល់ថា ជំនួបត្រីភាគីនេះមានរយៈពេលខ្លី តែទទួលបានផ្លែផ្កាល្អ។ ជាធម្មតា លោក ត្រាំ តែងតែពាក់ក្រវ៉ាត់កពណ៌ក្រហម តែលើកនេះលោកពាក់ក្រវ៉ាត់កពណ៌លឿង ដែលជាពណ៌មួយនៅលើទង់ជាតិអ៊ុយក្រែន។ នេះមានន័យថា លោក ត្រាំ ទំនងជាចង់បង្ហាញពីការគាំទ្រអ៊ុយក្រែន។
នៅថ្ងៃអាទិត្យ ទី៨ ធ្នូ លោក ដូណាល់ ត្រាំ លោក ត្រាំ បានសរសេរសារនៅលើបណ្តាញសង្គម Truth Social ថាលោកប្រាកាសឲ្យមានបទឈប់បាញ់ជាបន្ទាន់ រវាងរុស្ស៊ីនិងអ៊ុយក្រែន និងចាប់ផ្តើមចចារគ្នា ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ពីព្រោះថាទាហាននិងប្រជាជនស៊ីវិលរាប់ម៉ឺននាក់បានបាត់បង់ជីវិតដោយសារសង្គ្រាមនេះ។ នៅក្នុងសាររបស់លោក ត្រាំ នេះ ក៏ចង់បញ្ជាក់ថាលោក ហ្សេឡេនស្គី ក៏យល់ព្រមចង់បិទបញ្ចប់សង្គ្រាមនេះដែរ។ គួរបញ្ជាក់ថា នៅថ្ងៃសៅរិ៍ ទី៧ធ្នូ រដ្ឋមន្រ្តីការពារជាតិអាមេរិក បានប្រកាសពីជំនួយយោធាជាថ្មី ដល់អ៊ុយក្រែន ដែលមានទំហំទឹក ប្រាក់សរុបចំនួន ប្រមាណ ១ពាន់លានដុល្លា។ នៅប៉ុន្មានខែចុងក្រោយនេះ លោក ត្រាំ តែងតែរិះគន់លោក ចូ បៃដិនយ៉ាងចាស់ដៃ ពីជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ អ៊ុយក្រែន ក្នុងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។

គួរកត់សំគាល់ថា ក្នុងឱកាសសម្ពោធបើទ្វារព្រះវិហារ Notre Dame ទីក្រុងប៉ារីស ឡើងវិញ កាលពីយប់ថ្ងៃសៅរិ៍ ទី៧ធ្នូ មិ្សលមិញ នៅពេលដែលលោក ហ្សេឡែនស្គី ដើរចូលក្នុងព្រះវិហារ Notre Dame អ្នកចូលរួមទាំងអស់ ក្នុងនោះមានវត្តមានប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលជាង ៤០ប្រទេស បានងើបឈរឡើងទះដៃយ៉ាងខ្លាំង ដែលហាក់ចង់បង្ហាញពីការលើកទឹកចិត្តនិងគាំទ្រដល់អ៊ុយក្រែន។ ក្នុងកម្មវិធីនេះ មានការចាក់បញ្ចាំងកុនអំពីការជួសជុលព្រះវិហារ Notre Dame ការដើរក្បួនរបស់អ្នកពន្លត់អគ្គីភ័យចំនួន ១៦០នាក់និងអ្នកជំនាញជួសជុល និងមានការសម្តែងតន្ត្រីពីសំណាក់តន្រ្តីករបារាំងល្បីៗ។

Nº.0222

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top