អ៊ីស្រាអែលនិងឧទ្ទាម ហ៊ូទីយេម៉ែន បន្តបាញ់ កំញើញដាក់ គ្នា ជាថ្មី
ក្រុម ឧទ្ទាម យេម៉ែន ដែល គាំទ្រ ដោយ អ៊ីរ៉ង់ បាន បញ្ជាក់ នៅ ថ្ងៃសុក្រ ទី ២៧ ធ្នូ ២០២៤ នេះ ថា បាន បើក ការ វាយប្រហារ លើ អាកាសយានដ្ឋានក្រុង Tel-Aviv របស់ អ៊ីស្រាអែល។ ការវាយប្រហារ នេះ ប្រព្រឹត្តទៅ តែ មួយ ថ្ងៃ ក្រោយ ពី អ៊ីស្រាអែល បាន បើក ប្រតិបត្តិការ មរណៈ លើ តំបន់ គ្រប់ គ្រង ដោយ ពួក ឧទ្ទាម នៅ យេម៉ែន។
តាំងពី សង្គ្រាម នៅ ហ្កាហ្សា បាន ផ្ទុះ ឡើង ក្រុម ឧទ្ទាម ហ៊ូទី នៅយេម៉ែន តែង វាយប្រហារ ជា រឿយៗ លើ អ៊ីស្រាអែល ដើម្បី សម្តែង សាមគ្គីភាព ជាមួយ ប៉ាឡេស្ទីន។ ទង្វើ ឈ្លានពាន របស់ អ៊ីស្រាអែល បាន ធ្វើ ឱ្យ ពលរដ្ឋ យេម៉ែន មាន ឆន្ទៈកាន់ តែ មុះមុត គាំទ្រ ពលរដ្ឋ ប៉ាឡេស្ទីន។ នេះ បើតាម សេចក្តី ថ្លែងការណ៍ របស់ ពួក ឧទ្ទាម ហ៊ូទី ដោយ បាន អះអាង បន្ថែម ទៀត ថានៅ ថ្ងៃ សុក្រ ទី ២៧ ធ្នូ យេម៉ែន បាន បាញ់ មីស៊ីល ដៅ លើ អាកាសយានដ្ឋាន ក្រុងTel-Aviv របស់ អ៊ីស្រាអែល និង វាយប្រហារ ដោយ ប្រើ ដ្រូន លើ ក្រុង Tel-Avivព្រមទាំង វាយប្រហារ លើ នាវា មួយ គ្រឿងដែល មាន ពាក់ព័ន្ធ នឹង អ៊ីស្រាអែល អាមេរិក ឬ អង់គ្លេស នៅក្នុង សមុទ្ទ អារ៉ាប៊ី។
ប៉ុន្តែ យោធា អ៊ីស្រាអែល អាច ស្ទាក់ កម្ចាត់ បានមីស៊ីលដែល បាញ់ ចេញ ពី យេម៉ែន ឆ្លងចូល ដែន អាកាស អ៊ីស្រាអែល ហើយ បានចុច សញ្ញា អាសន្ន ឱ្យ រោទិ៍ ឡើង នៅ តាម តំបន់ ជា ច្រើន នៃ ប្រទេស បង្ការ ខ្លាច ក្រែង មានសល់ បំណែក មីស៊ីល ធ្លាក់ត្រូវ ជា យថាហេតុ ណា មួយ។
ការវាយប្រហារ មីស៊ីល របស់ ក្រុមឧទ្ទាម ហ៊ូទី ដែល គ្រប់ គ្រង ប្រទេស យេម៉ែន មួយភាគ ធំ រាប់ ទាំង រដ្ឋធានី សាណាផង នោះ ប្រព្រឹត្ត ទៅ តែមួយ ថ្ងៃ ក្រោយ ពី យោធា អ៊ីស្រាអែល បាន បើក ប្រតិបត្តិការ ផ្លូវ អាកាស ទម្លាក់ គ្រាប់ បែក ២៥គ្រាប់ លើ ទីតាំង ជា ច្រើន របស់ ពួកឧទ្ទាម មាន ជាអាទិ៍ អាកាសយានដ្ឋាន ក្រុង សាណា មជ្ឈមណ្ឌល អគ្គិសនី និងរចនា សម្ព័ន្ធយោធា នៅកំពង់ផែ Hodeidaភាគ ខាង លិច ប្រទេស ។ មាន ស្លាប់ យ៉ាង ហោច ណាស់ ៦ នាក់ ក្នុងនោះ បួន នាក់ នៅ អាកាសយានដ្ឋាន សាណា។ នេះ បើ តាម ការ លម្អិត របស់ ពួកឧទ្ទាម ដោយ បរិហារ ទង្វើ អ៊ីស្រាអែល ថា ជា ឧក្រិដ្ឋកម្ម។
ក្នុង ពេល រងការ វាយប្រហារ អ៊ីស្រាអែលនោះ អគ្គនាយក អង្គការ សុខភាពពិភពលោក លោក តេដ្រូស អាដានុម ហ្កេប្រេយេស៊ុស ក៏ កំពុងស្ថិត នៅក្នុង អាកាសយានដ្ឋាន សាណានោះ ដែរ។ អគ្គនាយក អង្គការ សុខភាព ពិភពលោកបាន បង្ហោះ សារ ក្នុង បណ្តាញ សង្គមX ថា អ្នក បំរើ ការក្នុង យន្តហោះ ម្នាក់ បាន រង របួស តែ សំណាង ល្អ សហការី អង្គការ សហប្រជាជាតិ និង រូប លោកផ្ទាល់ មិន ត្រូវអី ។
នាយករដ្ឋមន្ត្រី អ៊ីស្រាអែល នេតាន់យ៉ាហ៊ូ បាន ព្រមាន ថា អ៊ីស្រាអែល នឹង បន្ត វាយប្រហារ លើ ពួកឧទ្ទាម ហ៊ូទី រហូត ទាល់តែ ផ្តាច់ សរសៃ ក្រុមភេរវនិយម នេះ ពី អ៊ីរ៉ង់ បាន។ កាលពី ថ្ងៃ ចន្ទ លោក នេតាន់យ៉ាហ៊ូ បាន បញ្ជា ឱ្យ យោធា កម្ចាត់ រចនា សម្ព័ន របស់ពួក ឧទ្ទាម តែ ម្តង។
សូម រំឭក ថា ពួកឧទ្ទាម ហ៊ូទីជាផ្នែក មួយ នៃ ចលនា តស៊ូ របស់ អ៊ីរ៉ង់ ប្រឆាំង នឹង អ៊ីស្រាអែល ដូច ចលនា ហាម៉ាសនៅ ប៉ាឡេស្ទីន ឬ ចលនា ហេសបូឡា នៅលីបង់ដែរ៕
Nº.0280