លោក ម៉ាក្រុងទៅដល់ កោះម៉ាយ៉ុត ៥ថ្ងៃក្រោយ កោះនេះរងគ្រោះ ដោយ មហាព្យុះសង្ឃរាឈីដូ

7News

 លោក ម៉ាក្រុងទៅដល់ កោះម៉ាយ៉ុត ៥ថ្ងៃក្រោយ កោះនេះរងគ្រោះ ដោយ មហាព្យុះសង្ឃរាឈីដូ

កាលពីថ្ងៃព្រហស្បតិ៍ ទី ១៩ ធ្នូ លោកម៉ាក្រុង ប្រធានាធិបតី បារាំង បានទៅដល់ កោះម៉ាយ៉ុត ដែនដី បារាំង នៅ ក្នុងមហាសមុទ្រឥណ្ឌា ៥ ថ្ងៃបន្ទាប់ពី កោះនេះ បានរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុត ដោយសារខ្យល់ព្យុះ សង្ឃរា ឈីដូ ។ គិតត្រឹមពេលនេះ មានមនុស្សស្លាប់ចំនួន ៣១នាក់ តែអាជ្ញាធរព្រួយ បារម្ភថា មនុស្សស្លាប់អាចមាន ច្រើនរយនាក់ ព្រោះថា មានមនុស្ស បាត់ខ្លួន ច្រើននាក់ នៅ ក្នុងគំនរបាក់ បែក។ នៅចំពោះមុខ លោក ម៉ាក្រុង ប្រជាជនកោះម៉ាយ៉ុតបានត្អូញត្អែរអំពី ភាពយឺតយ៉ាងនៃក្រុមសង្គ្រោះ និង ការខ្វះ ខាតគ្រប់មុខ មិនថាស្បៀងអាហារ ទឹកស្អាត បណ្តាញទូរគមនាគមន៍ ប្រេងសាំងជាដើម ខណៈមន្ទីរពេទ្យ តែមួយគត់ នៃកោះនេះ បានរងនូវការ ខូចខាតយ៉ាងដំណំ។

៥ថ្ងៃបន្ទាប់ពី ខ្យល់ព្យុះ ឈីដូ (Chido) បាន បោក សង្គ្រុប លើកោះម៉ាយ៉ុត លោក ម៉ាក្រុង បានធ្វើដំណើរទៅ ដល់នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ១៩ធ្នូ ដោយ បាន ដឹកយកទៅជាមួយតាមយន្តហោះ នូវជំនួយសប្បុរស ចំនួន ៤តោន។ ចុះពីយន្តហោះភ្លាម លោក ម៉ាក្រុង បានធ្វើដំណើរទៅកាន់ មន្ទីរពេទ្យ Mamoudzou មន្ទីរពេទ្យ ធំតែមួយ គត់នៅ លើ ម៉ាយ៉ុត ហើយ ដែល បានរងការខូចខាតយ៉ាងដំណំ ដោយ សារខ្យល់ព្យុះ។ នៅទីនោះ លោក ម៉ាក្រុង បានរងនូវការស្តីបន្ទោសរិះគន់មិនសំចៃមាត់ ពីសំណាក់ ប្រជាពលរដ្ឋ ដែលត្អូញត្អែរ ថារដ្ឋបារាំងបានបោះចោល ពួកគេ ព្រោះក្រុមសង្គ្រោះមានការយឺតយ៉ាវខ្លាំង ។

លោក ម៉ាក្រុងបានធានាអះអាងថា ក្រុមសង្គ្រោះកំពុងតែប្រេញេបប្រញាប់ សស្រាក់សស្រាប់ និង ដឹកជំនួយស្បៀងអាហារព្រមទាំងសម្ភារៈប្រើប្រាស់ចំាំបាច់មកហើយ ។ លោក ម៉ាក្រុង បាន ឲ្យដឹងទៀតថា រដ្ឋបារាំងនឹង បង្កើតកញ្ចប់ថវិកាពិសេសមួយ ដើម្បីជួយ ដល់ជនរងគ្រោះដែល បាត់បង់ផ្ទះសំបែង ឬទីតាំង អាជីវកម្ម ហើយដែលពួកគេពុំមាន ចុះ កិច្ចសន្យាធានារ៉ាប់រង។ បន្ថែមពីនេះ លោកម៉ាក្រុងបានលើកឡើងថា ចាប់ពីពេលនេះទៅ រដ្ឋបារាំងនឹងពង្រឹងច្បាប់ ឲ្យ បានតឹងតែង ដើម្បី គ្រប់គ្រងអន្តោប្រវេសន៍ ខុសច្បាប់ ដែល សំរុក មករស់នៅ លើកោះម៉ាយ៉ុតរបស់បារាំង ។ ចេញពីមន្ទីរពេទ្យ ដែល លោក បានសួរសុខទុក្ខអ្នកជំងឺ និង មនុស្សរបួស លោក ម៉ាក្រុង បានឡើងឧទ្ថម្ភាគចក្រ ហោះពិនិត្យ មើល ស្ថាន ភាពរងគ្រោះ របស់ កោះម៉ាយ៉ុត ដោយសារតែខ្យល់ព្យុះ ដ៏សែនកំណាចឈីដូ ។


សូមរំលឹកថា កោះម៉ាយ៉ុត គឺជាដែនដី ក៏ក្រីក្របំផុត ជាងគេរបស់ បារាំង ស្ថិតនៅ ក្នុងមហាសមុទ្រឥណ្ឌា។ កាលពីថ្ងៃ សៅរ៍ទី ១៤ធ្នូ ខ្យល់ព្យុះ ឈីដូបាន បោក បក់ចំពីលើកោះក្រីក្រនេះ ផ្តួលរំលំដើមឈើបង្គោលភ្លើង និង សំណង់ផ្ទះឈើប្រក់សង្កសី រាប់ម៉ឺនខ្នង ។ ក្នុងចំណោម ប្រជាជនទាំងអស់ ៣២ម៉ឺននាក់ដែល រស់នៅលើកោះនេះ ដោយ ផ្អែកលើតួលេខផ្លូវការ គឺយ៉ាងហោច ៧០% បាន រងគ្រោះដោយ ផ្ទាល់ដោយសារខ្យល់ព្យុះ។ តួលេខបឋម ត្រឹមពេលនេះ គឺមាន មនុស្សស្លាប់ ចំនួន ៣១នាក់។ តែអាជ្ញាធរ បានថ្លែងការបារម្ភ ថា ចំនួនមនុស្ស ស្លាប់អាចមានច្រើនរយ ឬអាចឡើងដល់ពាន់នាក់ផង ព្រោះថាមានមនុស្ស បាត់ខ្លួនច្រើនកប់នៅក្នុងគំនរបាក់បែក ហើយ ដែលក្រុមសង្គ្រោះ មិន មានដំណឹងអ្វីទាំងអស់ ព្រោះផ្លូវត្រូវកាត់ផ្តាច់ ហើយបណ្តាញទូរស័ព្ទទំនាក់ទំនង ក៏មិនទាន់តភ្ជាប់វិញ។ ប្រជាជនខ្លះបានអះអាងថា គេបានចាប់ផ្តើម ប្រមូល សាកសព មនុស្ស កប់ក្នុងរណ្តៅរួម និង បច្ចុះសាកសពទៅតាមប្រពៃណីសាសនាអ៊ីស្លាម បើទោះបីជាមិនទាន់មានការកំណត់អត្តសញ្ញាណជាផ្លូវការ ពីអាជ្ញាធរ។

គួរបញ្ជាក់ដែរ ស្ថានការណ៍អាសន្ននៅកោះម៉ាយ៉ុត ប៉ុន្មានថ្ងៃមកនេះ បានបង្កឲ្យ មានចលាចលអសន្តិសុខ ដោយសារតែ ខ្វះទំនិញគ្រប់មុខ មិនថាស្បៀងអាហារ ទឹកស្អាតបរិភោគ ប្រេងឥន្ធនៈជាដើម។ ប្រជាជនបានប្រវាយប្រតប់គ្នា ដណ្តើមទំនិញ និងខ្លះទៀតបាន ចូលទៅលួចយកទំនិញនៅតាមហាង តាមផ្សារ ។ ដើម្បី រក្សាសណ្តាប់ធ្នាប់ ទប់ស្កាត់អំពើហិង្សា អាជ្ញាធរបារាំង បានចេញច្បាប់ បម្រាមគោចរហាមចេញដើរហើរពេលយប់ ចាប់ពីថ្ងៃអង្គារទី ១៧ធ្នូមក។

គួរកត់សំគាល់ថា សកម្មភាពដឹកជំនួយ ស្បៀងអាហារនិងសម្ភារៈប្រើប្រាស់ មានការយឺតយ៉ាវ ដោយសារតែ កោះម៉ាយ៉ុត ស្ថិតនៅឆ្ងាយ ហើយព្រលានយន្តហោះតែមួយគត់នៃកោះនេះ បានរងការខូចខាតយ៉ាងខ្លាំង ។ យន្តហោះទាហានបារាំងត្រូវដឹកស្បៀងទៅទម្លាក់នៅកោះរ៉េអ៊ុយញ៉ុងជាមុនសិន មុននឹងបែងចែកបន្ត ដឹងទៅកាន់កោះម៉ាយ៉ុត។ រដ្ឋាភិបាល បារាំង បាន បើក យន្តការប្រជាសង្គ្រោះបន្ទាន់ក្នុងក្របខណ្ឌ អឺរ៉ុប ដើម្បីទទួល បាន ក្នុងដំណាក់ កាលដំបូង ជំរកបណ្តោះអាសន្ន ចំនួន ១ម៉ឺន គ្រឿង ជួយដល់ ប្រជាជន រងគ្រោះដែលបាត់ បង់ផ្ទះសម្បែង ៕



Nº.0252

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top