ឆេះ សណ្ឋាគារ កណ្តាល ក្រុង បាងកក ស្លាប់ ភ្ញៀវ បរទេស ៣ នាក់
នៅ ប្រទេស ថៃ យ៉ាងហោចភ្ញៀវ ទេសចរបរទេស ៣ នាក់ ស្លាប់ និង មនុស្ស យ៉ាងតិច ៧ នាក់ រងរបួស នៅក្នុងហេតុការណ៍ អគ្គិភ័យឆេះ សណ្ឋាគារ១ កណ្តាលរាជធានីបាងកក។ រដ្ឋាភិបាល ថៃ បាន ណែនាំ ឲ្យ ពង្រឹង សន្តិសុខ សុវត្ថិភាព ខណៈ ពេលអាជ្ញាធរថៃត្រៀម រៀបចំពិធី បុណ្យ អបអរ ឆ្លងឆ្នាំថ្មី ដែលត្រូវទទួលស្វាគមន៍ ភ្ញៀវ បរទេស រាប់លាន នាក់ ។
ភ្លើងឆេះ សណ្ឋាគារថៃ នៅក្រុង បាងកក កើតឡើង នៅ យប់ ថ្ងៃ អាទិត្យ។ គ្រាន់តែ ៥នាទីក្រោយ ដឹងថាមាន ភ្លើងឆេះ ក្រុម អន្លត់អគ្គិភ័យបានប្រញាប់ប្រញាល់ ទៅដល់ កន្លែង កើតហេតុ ហើយ ចាត់ចែង ពន្លត់ ភ្លើង ។ នេះបើតាម អភិបាល ក្រុង បាងកក លោក Chadchart Sittipunt ដោយ បញ្ជាក់ថា អគ្គិភ័យ បាន ត្របាក់ បន្ទប់ ១ ឆេះ ខ្ទេច នៅ ជាន់ ទី ៦ របស់ សណ្ឋាគារឈ្មោះ The Ember ហើយ ភ្ញៀវ ទេសចរ និង បុគ្គលិកធ្វើការ ទីនោះ សរុប ជាង ១០០ នាក់ ត្រូវ អាជ្ញាធរ បាន ជម្លៀសចេញ រកន្លែងសុវត្ថិភាព ។
ជា អកុសល មនុស្ស ៧ នាក់ រងរបួស ហើយ ៣ នាក់ ស្លាប់។ ក្នុង ចំណោម អ្នក ស្លាប់ មាន ស្រីម្នាក់ ជនជាតិ ប្រេស៊ីល វ័យ ២៤ ឆ្នាំ ដែលទទួល មរណភាព នៅ កន្លែង កើត ហេតុ ។ ប្រុស ២នាក់ទៀត ជា ជនជាតិ អ៊ុយក្រែន ម្នាក់វ័យ ២៧ ឆ្នាំ និង អាមេរិកម្នាក់ អាយុ ៣៥ ឆ្នាំ ។ បុរស ទាំង២ ស្លាប់ នៅ មន្ទីរពេទ្យ ២ផ្សេងគ្នា ។
បើកដំណើរការ ក្នុង ឆ្នាំ ២០២២ សណ្ឋាគារ ងគ្រោះអគ្គិភ័យ នេះ ជា អូតែលខ្នាត តូច និងគ្មាន ប្រព័ន្ធទឹក ពន្លត់ អគ្គិភ័យ ស្រួលបួល ឬជា ស្វ័យប្រ វត្តិ ទេ។ វាឋិត នៅ ក្បែរផ្លូវ តានី និងផ្លូវ ខាវសាន (ពីមុន ផ្លូវអង្ករ) កណ្តាល ក្រុង បាកកក ដែល ពួកភ្ញៀវទេសចរក្មេងៗ និយមច្រើនទៅលេងកម្សាន្ត នៅ ម្តុំ នោះ សន្ធឹក ណាស់ ។ បើតាម ប្រភព ពីកាសែត Bangkok Post, តម្រួតនគរបាលថៃ បញ្ជាក់ដែរថា បន្ទប់១ដែល នៅក្បែរ បន្ទប់ ឆេះខ្ទេចនោះ មានជន ជាតិ កូរ៉េ ៣ នាក់ស្នាក់នៅ។ ប៉ុន្តែ ពេលកើតហេតុ ពួក គេ ទាំង ៣ គ្មាន វត្តមាន ទេ។ ម្ល៉ោះហើយ តម្រួត ប៉ូលិសថៃ កំពុងតែ ស្វែងរក ពួក គេ ៣ ដើម្បី យក មកសាកសួរ បំភ្លឺ ក្រែង បាន តម្រុយ ថ្មីបន្ថែម អំពី មូលហេតុ ភ្លើង ឆេះ។