រុស្ស៊ីថា បានរារាំងទាន់ពេល គម្រោងសម្លាប់មេទាហានរុស្ស៊ីច្រើ់នរូប ពីសំណាក់អ៊ុយក្រែន
ថ្ងៃព្រហស្បតិ៍ទី ២៦ ខែធ្នូ ស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ី FSB ថ្លែងថា បានទប់ស្កាត់ទាន់ពេលវេលា គម្រោងប៉ុនប៉ង
ធ្វើឃាតនាយទាហាជាន់ខ្ពស់រុស្ស៊ីមួយចំនួន ព្រមទាំងបណ្តាសមាជិកគ្រួសាររបស់ពួកគេ ក្នុងទីក្រុង ម៉ូស្គូ។ ស្ថាប័ន FSB បញ្ជាក់ច្បាស់ថា ក្រុមស៊ើបការសម្ងាត់របស់អ៊ុយក្រែន គឺជាអ្នករៀបចំ គម្រោងនេះឡើង។ គួររំឭកថា កាលពីថ្ងៃទី ១៧ ខែ ធ្នូ លោកឧត្តមសេនីយទោរុស្ស៊ី Igor Kirillov ដែលជាមេទ័ពរុស្ស៊ី ទទួលបន្ទុកផ្នែក ការពារទល់នឹងអាវុធនុយក្លេអ៊ែរ និង អាវុធគីមី បានបាត់បង់ជីវិត ក្នុងអំពើភេរវកម្មបំផ្ទុះគ្រាប់បែក លាក់ក្នុង electronic scooter (trotinette électrique) ដែលចតនៅក្បែរច្រកចេញចូលនៃអគារជាលំនៅដ្ឋានរបស់គាត់។ មិនដល់ ១០ ថ្ងៃផង ក្រោយឃាតកម្មខាងលើ ស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ី FSB ប្រកាសថា បានចាប់ខ្លួន ពលរដ្ឋរុស្ស៊ី ៤ នាក់ ដែលជាប់ពាក់ព័ន្ធក្នុងគម្រោងប៉ុនប៉ងសម្លាប់ នាយទាហានជាន់ខ្ពស់ នៃក្រសួងការពារជាតិរុស្ស៊ី។ FSB លំអិតថា ជនជាប់សង្ស័យទាំង ៤ នាក់នេះ ត្រូវបានក្រុម ស៊ើបការសម្ងាត់អ៊ុយក្រែន ជួលដើម្បើប្រព្រឹត្តអំពើឃាតកម្មខាងលើ។ ក្នុងនោះ ជនសង្ស័យម្នាក់ បានផ្សំគ្រឿងផលិតគ្រាប់បែក ក្នុងទម្រង់ជា ថ្មពិលអគ្គិសនី ដែលត្រូវយកទៅផ្អោបជាប់នឹងរថយន្ដរបស់មន្ត្រីជាន់ខ្ពស់ម្នាក់ នៃក្រសួងការពារជាតិរុស្ស៊ី នេះបើតាមការទម្លាយឲ្យដឹងពីសំណាក់ FSB៕Nº.0277