លោកកើត រិទ្ធ៖ការផ្តន្ទាទោសទណ្ឌិតស្រី ស៊ីណាជារឿងប្រវត្តិសាស្ត្រក្នុងវិស័យយុត្តិធម៌កម្ពុជា
នៅថ្ងៃទី២៥ ធ្នូនេះ លោកកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានចាត់ទុកការសម្រេចផ្តន្ទាទោសអតីតឧកញ៉ាស្រី ស៊ីណាឱ្យជាប់ក្នុងពន្ធនាគារ ៣១ឆ្នាំ និងសងជំងឺចិត្តក្រុមគ្រួសារជនរងគ្រោះ ២,៥លានដុល្លារជារឿងប្រវត្តិសាស្ត្រក្នុងវិស័យយុត្តិធម៌កម្ពុជា។ តែលោកមិនភ្លេចអះអាងថា លោកនឹងនៅតែបន្តតាមដានការអនុវត្តច្បាប់ក្នុងសំណុំរឿងនេះ និងធានាឱ្យបានថា ឧក្រិដ្ឋជនស្រី ស៊ីណានឹងត្រូវជាប់ក្នុងពន្ធនាគារដោយគ្មានការបន្ធូរបន្ថយ ឬលើកលែងទោសឡើយ។
សក្តិសមជាទីបំផុតសម្រាប់ឧកញ៉ាមានលុយដែលក្អេងក្អាងប្រមាថជីវិតអ្នកដទៃ និងបានប្រព្រឹត្តិអំពើឃាតកម្មដ៏ឃោរឃៅបែបនេះ»។ នេះជាការលើកឡើងរបស់លោកកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៅថ្ងៃទី២៥ ធ្នូ។ ការលើកឡើងយ៉ាងដូចនេះរបស់លោកកើត រិទ្ធធ្វើឡើង បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសអតីតឧកញ៉ាស្រី ស៊ីណាក្នុងករណីបាញ់សម្លាប់គូដណ្តឹង ២នាក់ និងបាញ់មនុស្ស ២នាក់ផ្សេងទៀតឱ្យរបួស។ ក្នុងសេចក្តីសម្រេចរបស់តុលាការថ្ងៃទី២៣ធ្នូ អតីតឧកញ៉ាស្រី ស៊ីណាត្រូវជាប់ពន្ធនាគារ៣១ឆ្នាំ និងសងជំងឺចិត្តក្រុមគ្រួសារជនរងគ្រោះសរុប ២,៥លានដុល្លារ។
សម្រាប់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ការសម្រេចផ្តន្ទាទោសឧក្រិដ្ឋជនស្រី ស៊ីណានេះ គឺជារឿងប្រវត្តិសាស្ត្រមួយក្នុងវិស័យយុត្តិធម៌ដែលតុលាការមិនត្រឹមតែសម្រេចដាក់ទោសពន្ធនាគារជាអតិបរមាតាមការកំណត់នៃច្បាប់នោះទេ តែថែមទាំងបានសម្រេចសំណងដល់គ្រួសារជនរងគ្រោះដែលបានបាត់បង់ជីវិតរហូតដល់ ១លានដុល្លារក្នុងមួយគ្រួសារទៀតផង។ តែលោកកើត រិទ្ធក៏បានទទួលស្គាល់ថា សំណង ១លានដុល្លារមិនអាចដោះដូរតម្លៃអាយុជីវិតរបស់យុវជនទាំង ២រូបដែលត្រូវបានសម្លាប់នៅក្នុងករណីឃាតកម្មដ៏សាហាវនេះឡើយ។
បើតាមលោកកើត រិទ្ធ អ្វីដែលប្រព័ន្ធយុត្តិធម៌ក្នុងយុគ្គសម័យបច្ចុប្បន្នអាចធ្វើបាន គឺជាការផ្តល់សំណងជំងឺចិត្តដល់គ្រួសារជនរងគ្រោះ និងអ្នករងគ្រោះបន្ថែមលើអ្វីដែលជាការផ្តន្ទាទោសដាក់ពន្ធនាគារ។ ទោះយ៉ាងណា លោកកើត រិទ្ធមិនភ្លេចបញ្ជាក់ថា លោកនឹងនៅតែតាមដានករណីនេះបន្តទៀត មិនថានៅសាលាជម្រះក្តីជាន់ខ្ពស់ក្នុងករណីមានបណ្ដឹងតវ៉ាសាលក្រម និងនៅពេលអនុវត្តទោសក្នុងពន្ធនាគារ ឬនៅពេលអនុវត្តផ្តល់សំណងដល់ជនរងគ្រោះ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌រូបនេះដដែលបានអះអាងជាថ្មីថា ទណ្ឌិតស្រី ស៊ីណាដែលត្រូវបានដាក់ចូលក្នុងបញ្ជីខ្មៅនៃឧក្រិដ្ឋជនសាហាវឃោរឃៅនឹងមិនទទួលបានការបន្ធូរបន្ថយទោស ឬលើកលែងទោសអ្វីឡើយ។
លោកអំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូបានសាទរ និងចាត់ទុកសេចក្តីសម្រេចរបស់តុលាការក្នុងសំណុំរឿងអតីតឧកញ៉ាស្រី ស៊ីណាថាជាសារព្រមានដល់អ្នកមានអំណាចយសសក្តិផ្សេងទៀតដែលក្អេងក្អាងមិនខ្លាចច្បាប់។ អ្នកវិភាគបញ្ហាសង្គមរូបនេះបានឱ្យជាយោបល់ថា ក្រសួងយុត្តិធម៌កម្ពុជាគួរធ្វើវិសោធនកម្មច្បាប់លើមាត្រាមួយចំនួន ព្រោះសម្រាប់លោកអំ សំអាត មានច្បាប់ខ្លះនៅមិនទាន់បានឆ្លើយតបនឹងការដាក់ទោសទណ្ឌលើជនល្មើសឱ្យសមស្របទៅនឹងការប្រព្រឹត្តិទង្វើដ៏សាហាវឃោរឃៅ និងអមនុស្សធម៌របស់ពួកគេនៅឡើយទេ។
ទន្ទឹមគ្នានេះ លោកអំ សំអាតក៏ចង់ឃើញដំណើរការនីតិវិធីផ្លូវច្បាប់ ឬប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមានស្តង់ដារដែលគ្រប់សំណុំរឿងទាំងអស់ត្រូវបានអនុវត្តឱ្យ បានត្រឹមត្រូវ ពោលមិនចាំបាច់ថារឿងនោះជារឿងផ្ទុះកក្រើករហូតទាល់តែមានការចាប់អារម្មណ៍ពីមហាជនទើបមានចំណាត់ការតឹងរ៉ឹងនោះឡើយ៕
Nº.0274