ក្រោយពី ដកសិទ្ធិនារីគ្រប់យ៉ាង រដ្ឋអំណាច តាលីបង់ ចង់ លុប បំបាត់ ស្រមោលស្រីៗថែមទៀត
នៅ អាហ្វហ្កានីស្ថាន, ក្រៅពីបំបិទសិទ្ធិនារីនៅ ទីសាធារណៈ ពួក តាលីបង់ នៅបន្តតាម លុប ស្រមោល ស្ត្រី នៅ តាម ផ្ទះថែម ទៀត ។ រដ្ឋអំណាច តាលីបង់ បានចេញបញ្ជា ឲ្យបិទ បង្អួច ហើយបើ ករណី សង់គេហដ្ឋានថ្មី មិនត្រូវ ធ្វើ បង្អួច តែម្តង ដើម្បី កុំឲ្យមើល ឃើញស្រីៗ ដែល កំពុង នៅក្នុង ផ្ទះ ឬ កំពុងតែ ធ្វើការងារផ្ទះ។
នៅតាម ផ្ទះនិងលំនៅដ្ឋាន នានា មេដឹកនាំ រដ្ឋអំណាចតាលីបង់ បាន ចេញបញ្ជា ឲ្យ បិទបង្អួច ត្រង់ កន្លែងណា ដែលស្ត្រី មេផ្ទះ ឧស្សាហ៍ ធ្វើការ និងចេញចូល ញឹក ដូចជា ចង្ក្រាន បាយ ជាដើម ។ ក្នុង បរិវេណផ្ទះទៀត សោត ក៏ត្រូវ ធ្វើរនាំងបិទជិត កុំឲ្យ គេ ផ្សេង ឬអ្នក ជិត ខាង អាច មើលពីខាងក្រៅ ឃើញ ឲ្យ សោះ។ នៅ កន្លែង ដងទឹក ឬ នៅ អណ្តូង ទឹក រួម ក៏ ត្រូវ រក មធ្យោបាយ បិទខ្ទប់ កុំឲ្យ ឃើញ នារី ពេល ទៅ យក ទឹក ប្រើប្រាស់ ដែរ។
ដោយឡែក ករណី សាងសង់ លំនៅដ្ឋាន ផ្ទះ សម្បែង ថ្មីៗ មេដឹកនាំតាលីបង់ ដែល កាន់ សាសនាអ៊ីស្លាម ដ៏ ជ្រុល និយម បាន ចេញ សេចក្តី ណែនាំថា ចាំបាច់ ត្រូវតែ សាងសង់ ជញ្ជាំង ឲ្យ ជិត និង កុំ ធ្វើ បង្អូច ដើម្បីឲ្យ គេ អាច អើត មើលឃើញ ស្រីៗនៅក្នុង ផ្ទះ សោះឡើយ។
ក្នុង សេចក្តីថ្លែងការណ៍ ១សរសេរ ជា ៣ ភាសា (អារ៉ាប់ Dari និង Pashto) អ្នកនាំពាក្យ រដ្ឋាភិបាល តាលីបង់ Zabihullah Mujahid បាន ពន្យល់ថា កាលណា គេ អាច មើលស្រីៗកំពុង ចម្អិន ម្ហូប ឬនៅ កន្លែង ដង ទឹក វា នាំឲ្យ ជំរុញ ឲ្យ មាន សកម្មភាព« អាសអាភាស»កើតឡើង។ ម្ល៉ោះហើយ រដ្ឋអំណាច តាលីបង់ បាន សូម អញ្ជើញ ឲ្យ ម្ចាស់ ផ្ទះនីមួយៗ ត្រូវធ្វើ ជញ្ជាំង បិទ ឲ្យ ជិត។