លោក ពូទីន ទទួលជួបនាយករដ្ឋមន្ត្រី ស្លូវ៉ាគី ខណៈពេលដែលហ្គាសរុស្ស៊ីក្លាយជាប្រធានបទក្តៅនៅអឺរ៉ុប
ល្ងាចថ្ងៃអាទិត្យទី ២២ ខែធ្នូ ឆ្នាំ ២០២៤ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានទទួលជួប នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico មេដឹកនាំប្រទេសក្នុងសភាពអឺរ៉ុប ដ៏កម្រម្នាក់ ដែលបន្តរក្សាទំនាក់ទំនងជិតស្និទ្ធ ជាមួយលោក ពូទីន។ សូមបញ្ជាក់ថា ជំនួបរវាងថ្នាក់ដឹកនាំប្រទេស ទាំងពីរនេះ ប្រពឹត្តទៅនៅក្នុងបរិបទនៃវិបត្តិឧស្ម័នហ្គាសក្នុងតំបន់ ដោយហេតុថាអឺរ៉ុប ពឹងផ្អែកមួយភាគធំ លើឧស្ម័នហ្គាស ដែលនាំចូលពីប្រទេសរុស្ស៊ី។ យ៉ាងណាមិញ ស្លូវ៉ាគី ជាប្រទេសមួយ ក្នុងចំណោម ប្រទេសអឺរ៉ុប មួយចំនួនទៀត ដែលពឹងលើហ្គាសរុស្ស៊ី ស្ទើរទាំងស្រុង ដើម្បីផ្គត់ផ្គង់តម្រូវការ ក្នុងស្រុក។
ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើង កាលពីខែ កុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ រុស្ស៊ី បានក្លាយ ជាប្រទេសឯកា នៅលើឆាកអន្តរជាតិ ជាពិសេសនៅក្នុងចំណោមបណ្តាប្រទេស លោកខាងលិច ដែលកាត់ផ្តាច់ទំនាក់ទំនង ជាមួយរដ្ឋាភិបាលរបស់ប្រធានាធិបតីរុស្ស៊ី លោក ពូទីន។ តែ ទោះយ៉ាងណា ក៏នៅមាន ប្រទេសក្នុងសភាពអឺរ៉ុប មួយចំនួនតូច ដែលបន្តបង្ហាញភាពជិតស្និទ្ធ ជាមួយរុស្ស៊ី តួយ៉ាង ប្រទេស ស្លូវ៉ាគី ជាឧទាហរណ៍។
គួររំឭកថា លោក Robert Fico នាយករដ្ឋមន្ត្រីស្លូវ៉ាគី បានសម្រេចបញ្ឈប់ ការផ្តល់ជំនួយយោធា គ្រប់រូបភាព ទៅឲ្យអ៊ុយក្រែន និង ទទូចឲ្យមានការចរចា ស្វែងរកសន្តិភាពដើម្បី បិទបញ្ចប់សង្គ្រាម នៅ អ៊ុយក្រែន។ ពុំតែប៉ុណ្ណោះ លោក Robert Fico ក៏បានរិះគន់ ក្រុងកៀវ ថាកំពុងបង្កគ្រោះថ្នាក់ធំមួយ ចំពោះស្លូវ៉ាគី ដ្បិតថាដោយសារទង្វើរបស់អ៊ុយក្រែន ការបង្ហូរឧស្ម័នហ្គាសពីរុស្ស៊ី ចូលមកក្នុងប្រទេស ស្លូវ៉ាគី អាចនឹងត្រូវកាត់ផ្តាច់។
ជុំវិញប្រធានបទនេះ អ៊ុយក្រែន ធ្លាប់បានប្រកាស កាលពីពាក់កណ្តាលឆ្នាំ ២០២៤ ថា អ៊ុយក្រែននឹង បដិសេធ មិនពន្យារកិច្ចសន្យាពហុភាគីមួយ ដែលអនុញ្ញាតឲ្យ គេអាចបង្ហូរហ្គាសរុស្ស៊ី តាត់តាមទឹកដីខ្លួន មុននឹង យកទៅចែកតាយ នៅតាមប្រទេសអឺរ៉ុបនានា។ គួរបញ្ជាក់ថា កិច្ចសន្យាខាងលើ នឹងត្រូវ អស់សុពលភាព នៅត្រឹមដំណាច់ឆ្នាំ ២០២៤ ដែលការណ៍នេះ បង្កនូវក្តីព្រួយបារម្ភជាខ្លាំងដល់ ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយចំនួន ដែលពឹងផ្អែកខ្លាំងលើ ហ្គាសពីរុស្ស៊ី។ ជាការឆ្លើយតប លោក Robert Fico បានពោលថា ស្លូវ៉ាគី អាចនឹង ត្រូវសម្រេចចិត្តដាក់ទណ្ឌកម្មលើ ក្រុងកៀវ ចំពោះទង្វើខាងលើនេះ។
ថ្មីៗនេះដែរ ស្លូវ៉ាគី បានចុះកិច្ចព្រមព្រៀងរយៈពេលយូរ ជាមួយក្រុមហ៊ុនហ្គាសរុស្ស៊ីដ៏ធំមួយឈ្មោះ Gazprom ដោយធានាថា ការបង្ហូរហ្គាសពីរុស្ស៊ី ចូលទៅស្លូវ៉ាគី នឹងពុំចាំបាច់ត្រូវឆ្លងកាត់តាមអ៊ុយក្រែន តែកិច្ចសន្យាថ្មីនេះ តម្រូវឲ្យស្លូវ៉ាគី ចាយប្រាក់បន្ថែមរហូតដល់ទៅ ២២០ លាន អឺរ៉ូ៕
Nº.0265