លោកពូទីនសុំទោស ក្រោយយន្ដហោះអាស៊ែបៃហ្សង់ធ្លាក់ស្លាប់មនុស្ស នៅ កាហ្សាក់ស្ថាន
តាមព័ត៌មានប្រកាសដោយវិមានក្រេមឡាំង ថ្ងៃសៅរ៍ ទី ២៨ ធ្នូ លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានថ្លែងថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី នាថ្ងៃពុធទី ២៥ ធ្នូ បានប្រតិបត្តិការយ៉ាងសកម្ម នៅពេលយន្ដហោះស៊ីវិលអាស៊ែបៃហ្សង់មួយគ្រឿង ខិតខំចុះចតនៅអាកាសយានដ្ឋាន ក្រុង Grozny ទីរួមខេត្តឆេឆេនី ចំណុះសហព័ន្ធរុស្ស៊ី។ នៅថ្ងៃពុធ យន្តហោះ របស់ ក្រុមហ៊ុន អាកាសចរណ៍ អាស៊ែបៃហ្សង់ដែលហោះតម្រង់ ទឹកដីរុស្ស៊ី ស្រាប់តែទៅធ្លាក់ឆេះនៅឯអាកាសយានដ្ឋានមួយ នៃប្រទេសកាហ្សាក់ស្ថាន។
ពេលសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីអាស៊ែបៃហ្សង់ លោក អ៊ីលហាំ អាលីយេវ មេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន កំណត់ថា “យន្ដហោះដឹកអ្នកដំណើរអាស៊ែបៃហ្សង់ បានខិតខំ ជាច្រើនលើកចុះចត នៅអាកាសយានដ្ឋានក្រុង Grozny ទីរួមខេត្តឆេឆេនីចំណុះសហព័ន្ធរុស្ស៊ី។ នៅពេលនោះ ក្រុង Grozny ផ្ទាល់ ព្រមទាំងក្រុង Mozdok និង ក្រុង Vladikavkaz នៃ ខេត្តឯទៀតតំបន់ភ្នំកូកាស ចំណុះសហព័ន្ធរុស្ស៊ី នៅជិតខាង បានរងការវាយប្រហារនៃយានដ្រូនប្រយុទ្ធរបស់អ៊ុយក្រែន ខណៈដែលប្រព័ន្ធការពារដែន អាកាសរុស្ស៊ី បានប្រតិបត្តិការយ៉ាងសកម្ម ទល់នឹង ការវាយប្រហារទាំងនេះ។
លោកអ៊ីលហាំ អាលីយេវ ពីចំណែកគាត់ កត់សម្គាល់ថា យន្ដហោះនោះបានក្លាយជា” ទីដៅរងបាតុភូត បច្ចេកទេសនិងរូបវន្តពីក្រៅ ក្នុងលំហអាកាសរុស្ស៊ី បណ្តាលឲ្យវាបាត់បង់ភាពម្ចាស់ការណ៍លើខ្លួនឯង ទាល់ តែប្រែទិសហោះសំដៅទៅក្រុង Aktau របស់កាហ្សាក់ស្ថាន។ នេះបើតាមការផ្សាយនៃ ខុទ្ទកាល័យប្រមុខរដ្ឋ អាស៊ែបៃហ្សង់ ។
យ៉ាងណាក៏ដោយ ប្រធានាធិបតីរុស្ស៊ី មិនបានចង្អុលឲ្យឃើញឡើយ ថា តើការបាញ់នៃប្រព័ន្ធការពា រដែនអាកាស រុស្ស៊ី បាន ប៉ះពាល់ឬទេ ដល់យន្ដហោះរបស់អាសែប៊ៃហ្សង់។
តាំងពីការធ្លាក់ឆេះនៃយន្ដហោះអាស៊ែបៃហ្សង់ នាថ្ងៃពុធកន្លងទៅ មានលេចចេញមកជាក្តីសង្ស័យ ចំពោះ រុស្ស៊ីដែលអាចបាញ់ដោយចៃដន្យជាគ្រោះថ្នាក់ ប៉ះលើយន្ដហោះនោះ។
ទោះបីពេលសន្ទនាថ្ងៃសៅរ៍ លោកពូទីនមិនបានទទួលស្គាល់ នាទីទទួលខុសត្រូវរបស់រុស្ស៊ីក្តី ក៏ លោកពូទីន បានសំដែងនូវការសុំទោសទៅកាន់លោក អាលីយេវ តែម្តង។ លោកពូទីន ចាត់ទុក ការធ្លាក់ឆេះនៃ យន្ដហោះ Azerbaidjan Airlines ថាជា”ឧប្បត្តិហេតុប្រកបដោយសោកនាដកម្ម” ទាំងសំដែងជាថ្មី នូវការរួមមរណទុក្ខដ៏ស្មោះនិងយ៉ាងជ្រាលជ្រៅ ទៅកាន់បណ្តាគ្រួសារ អ្នកដែលអភ័ព្វស្លាប់ទៅ ក្នុង ឧប្បត្តិហេតុនោះ និង ជូនពរដល់រាល់អ្នករងរបួសឲ្យបានឆាប់ជាស្បើយ។ តាមវិមានក្រេមឡាំង គឺលោកពូទីន ដែលបានភ្ជាប់ខ្សែទូរស័ព្ទ សន្ទនាជាមួយ ប្រធានាធិបតីរុស្ស៊ី លោក អាលីយេវ។
មុនពេលនេះ អ្នកនាំពាក្យវិមានក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ បានប្រកែកមិនធ្វើអត្ថាធិប្បាយអ្វីណាទេ លើំ គំនិតរបស់សេតវិមានក្រុងវ៉ាស៊ីនតោន ដែលលើកឡើងអំពី ការបាញ់នៃ ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី។ ដោយឡែក អ្នកជំនាញជាច្រើននៃលោកខាងលិច នាំគ្នាប្រមាណថា តួយន្ដហោះធ្លុះសុះសាច់ដោយ រន្ធ បណ្តាលមកពីត្រូវគ្រាប់ នាំឲ្យគេគិតថា វាបានរងគ្រាប់មីស៊ីល របស់ ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី។
នៅថ្ងៃពុធទី ២៥ ធ្នូ យន្ដហោះធុន Embraer 190 ផលិតដោយប្រេស៊ីល ជា របស់ក្រុមហ៊ុនអាកាសចរណ៍ Azerbaidjan Airlines បានធ្លាក់ឆេះនៅអាកាសយានដ្ឋាន Aktau របស់ កាហ្សាក់ស្ថាន ដែលស្ថិតនៅត្រើយខាងកើត សមុទ្រ Caspienne ដែលតាមពិតទៅ វាហោះចេញពីរដ្ឋធានី បាគូ របស់ អាស៊ែបៃហ្សង់ សំដៅចុះចត នៅក្រុង Grozny ដែលស្ថិតនៅត្រើយខាងលិចនៃសមុទ្រនេះសោះ។ ក្នុង ចំណោម មនុស្ស ៦៧ នាក់ ជិះ ក្នុងយន្ដហោះនោះ អភ័ព្វស្លាប់ទៅ អស់៣៨ នាក់៕
Nº.0285