អាជ្ញាធរហុងកុង លុបលិខិតឆ្លងដែន និងតាមចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យ ដែលនិរទេសខ្លួននៅបរទេស

7News

 អាជ្ញាធរហុងកុង លុបលិខិតឆ្លងដែន និងតាមចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យ ដែលនិរទេសខ្លួននៅបរទេស

អាជ្ញាធរហុងកុង កំពុងបន្តធ្វើទុក្ខបុកម្នេញ លើសកម្មជន ដែលទាមទារការគោរពលទ្ធិប្រជាធិបតេយ្យ ក្នុងស្រុក។ ជាក់ស្តែង អាជ្ញាធរហុងកុង បានប្រកាសនៅថ្ងៃអង្គារទី ២៤ ខែធ្នូ នេះថា នឹងជូនប្រាក់រង្វាន់ដល់ជនណា ដែលផ្តល់ព័ត៌មានដើម្បីឈានដល់ការចាប់ខ្លួនសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ៦ នាក់ ដែលនិរទេសខ្លួននៅក្រៅប្រទេស ដោយប្រើច្បាប់សន្តិសុខជាតិហុងកុង។ ចាប់តាំងពីច្បាប់ថ្មីដ៏ចម្រូងចម្រាសនេះចូលជាធរមាន អាជ្ញាធរហុងកុងដែលគាំទ្រចិនប៉េកាំង ក៏ធ្លាប់រងការចោទប្រកាន់ ថាបានលុបចោលលិខិតឆ្លងដែនរបស់សកម្មជនហុងកុងមួយចំនួនទៀត ដែលរត់ភៀសខ្លួនទៅក្រៅប្រទេស។

នេះជាលើកទី៣ហើយ ដែលអាជ្ញាធរហុងកុងបានប្រកាសផ្តល់ប្រាក់រង្វាន់ ដើម្បីតាមចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យ ដោយប្រើច្បាប់សន្តិសុខជាតិហុងកុង។ គួរបញ្ជាក់ថា ច្បាប់ថ្មីនេះបានប្រកាសឲ្យអនុវត្តជាផ្លូវការ បន្ទាប់ពីមានមហាបាតុកម្មនិស្សិត ក្នុងឆ្នាំ ២០១៩ ដើម្បី ទាមទារសេរីភាព និងស្វ័យភាព សម្រាប់ហុងកុង។ ដើម្បីបង្កា្របចលនាបះបោរនេះ អាជ្ញាធរហុងកុងបានផ្តល់ប្រាក់រង្វាន់ចំនួន ១លានដុល្លារហុងកុង ឬ ស្មើនឹងប្រមាណ ១២ម៉ឺន៥ពាន់អឺរ៉ូ ដើម្បីតាមចាប់ខ្លួនសកម្មជនហុងកុង ៥នាក់ ពីបទ “ញុះញង់ឲ្យមានអបគមន៍បំបែករដ្ឋ” និង “ឃុបឃិតជាមួយបរទេស”។

ប្រតិកម្មតបនឹងទង្វើនេះ បណ្តាប្រទេសលោកខាងលិច បានថ្កោលទោសរដ្ឋាភិបាលហុងកុង ដែលតាមធ្វើទុក្ខបុកម្នេញ លើសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ហើយក៏ថ្កោលទោសរដ្ឋាភិបាលចិន ដែលបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងហុងកុង។ ជាមួយគ្នានេះ នៅថ្ងៃអង្គារ ទី២៤ ធ្នូ អង្គការសិទ្ធិមនុស្ស Human Rights Watch ក៏បានចូលរួមថ្កោលទោស និង ចាត់ទុកទង្វើរបស់អាជ្ញាហុងកុង ថាមានចេតនាបំភិតបំភ័យ និង បំបិទសិទ្ធិ។ ដោយឡែក អង្គការសិទ្ធិមនុស្សខាងលើនេះ ក៏បានអំពាវនាវឲ្យអង់គ្លេសនិង កាណាដា ដែលជាប្រទេសមានសកម្មជនហុងកុងជាច្រើននាក់កំពុងនិរទេសខ្លួន ត្រូវប្រតិកម្ម និង តវ៉ាប្រឆាំង នឹងការប្រកាសរបស់អាជ្ញាធរហុងកុងខាងលើនេះ។

រីឯអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានលើកឡើងថា ហុងកុងគឺជាប្រទេសនីតិរដ្ឋ ហើយគ្មាននរណាម្នាក់មានសិទ្ធិជ្រៀតជ្រែកកិច្ចការរបស់តុលាការឡើយ។

យោងតាមសារព័ត៌មានហុងកុងមួយចំនួន អាជ្ញាធរហុងកុង ធ្លាប់បានលុបចោលលិខិតឆ្លងដែនរបស់សកម្មជនប្រឆាំង ៧នាក់ ដែលក្នុងនោះ មានទាំងអតីតតំណាងរាស្រ្តហុងកុងចំនួនពីររូបផង។ កាលពីចុងខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ តុលាការហុងកុង ក៏បានកាត់ទោសដាក់ពន្ធនាគារ សកម្មប្រឆាំងចំនួន ៤៥នាក់ ដែលបានចូលរួមធ្វើបាតុកម្មកាលពីឆ្នាំ ២០១៩ ឲ្យជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ។


Nº.0273

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top