ក្រសួងអប់រំថា គ្មានការយល់ព្រមដាក់បញ្ចូលភាសាវៀតណាមក្នុងកម្មវិធីសិក្សាទេ
ក្រសួងអប់រំនៅថ្ងៃទី១៣ ខែធ្នូ ចេញមកបដិសេធរាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើបណ្តាញសង្គមដែលថា ក្រសួងបានដាក់បញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សា។ តាមរយៈសេចក្តីប្រកាសព័ត៌មាន ក្រសួងអប់រំបំភ្លឺយ៉ាងខ្លីថា ក្រសួងពុំធ្លាប់យល់ព្រមសំណើណាមួយក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាជាផ្លូវការនោះទេ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងអប់រំបានស្នើឱ្យប្រភពព័ត៌មានដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះកែតម្រូវខ្លឹមសារជាបន្ទាន់ ព្រោះថា ព័ត៌មានទាំងនោះក្លែងក្លាយ គ្មានមូលដ្ឋានច្បាស់លាស់ និងមានចេតនាបំពុលបរិយាកាសសង្គម។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅថ្ងៃនេះថា ក្រសួងកំពុងស្វែងរកប្រភពព័ត៌មានដែលបានចុះផ្សាយព័ត៌មានមិនពិត ដើម្បីហៅមកធ្វើកិច្ចសន្យា និងកែតម្រូវព័ត៌មានដែលបានបង្ហោះផ្សាយ។
ការចេញមកបំភ្លឺរបស់ក្រសួងអប់រំនាពេលនេះ ធ្វើឡើងក្រោយពីព័ត៌មានមួយចំនួនត្រូវបានបង្ហោះផ្សាយថា ក្រសួងអប់រំបានយល់ព្រមឱ្យដាក់បញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការនៅប្រទេសកម្ពុជា និងថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញក៏ត្រៀមបើកថ្នាក់បង្រៀនភាសាវៀតណាមផងដែរ។
ក្រោយព័ត៌មានទាំងនេះត្រូវបានផ្សព្វផ្សាយ អ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញប្រតិកម្មរិះគន់ និងព្រមានក្រសួងអប់រំថា មិនត្រូវយល់ព្រមឱ្យបង្កើតមជ្ឈមណ្ឌលសិក្សាវៀតណាមនៅកម្ពុជាឡើយ។
ទាក់ទងនឹងការសិក្សាភាសាវៀតណាមនេះនាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានស្នើសុំអង្គព្រះមហាក្សត្រកម្ពុជាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ដើម្បីឱ្យទ្រង់គាំទ្រការបង្កើត និងដំណើរការមជ្ឈមណ្ឌលសិក្សាវៀតណាមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្នុងជំនួបជាមួយព្រះមហាក្សត្រកម្ពុជា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលើកឡើងថា ការបង្កើតមជ្ឈមណ្ឌលសិក្សាវៀតណាម មានគោលដៅអនុញ្ញាតឲ្យនិសិ្សតកម្ពុជា និងនិសិ្សតអន្តរជាតិអាចសិក្សាស្វែងយល់ពីភាសា វប្បធម៌ និងប្រជាជន ក៏ដូចជាទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា។
Nº.0236