គ្រោះថ្នាក់យន្តហោះដឹកអ្នកដំណើរពីថៃទៅកូរ៉េខាងត្បូង ស្លាប់មនុស្សស្ទើរទាំងស្រុង

7News

 គ្រោះថ្នាក់យន្តហោះដឹកអ្នកដំណើរពីថៃទៅកូរ៉េខាងត្បូង ស្លាប់មនុស្សស្ទើរទាំងស្រុង

ថ្ងៃអាទិត្យ ទី២៩ធ្នូ ជាសោកនាដកម្មថ្មី ចំពោះកូរ៉េខាងត្បូង ពីព្រោះតែ គ្រោះថ្នាក់យន្តហោះ១គ្រឿង ដែលដឹកអ្នកដំណើរពីប្រទេសថៃទៅកូរ៉េខាងត្បូង បណ្តាលឲ្យស្លាប់មនុស្ស ជាច្រើនសិបនាក់។ គិតត្រឹមល្ងាចថ្ងៃអាទិត្យទី២៩ធ្នូ មនុស្ស១៧៩នាក់ ស្លាប់ ក្នុងចំណោមមនុស្សទាំងអស់នៅក្នុងយន្តហោះ ចំនួន១៨១នាក់។ ក្នុងចំណោមអ្នកស្លាប់ទាំងនេះ ក៏មានអ្នកដំណើរថៃ ២នាក់ផង។

គ្រោះថ្នាក់ឆេះយន្តហោះកូរ៉េខាងត្បូងនេះ កើតឡើងនៅម៉ោង ៩ព្រឹក ម៉ោងក្នុងស្រុកកូរ៉េ ហើយទាល់តែម៉ោង ១ រសៀលទើប ភ្លើងរលត់។ ក្នុងពេលភ្លាមៗនេះ គេនៅមិនទាន់ដឹងមូលហេតុពិតប្រាកដនៅឡើយទេ។ ប្រធានក្រុមមន្ត្រីទទួលបន្ទុកសង្គ្រោះបន្ទាន់ របស់កូរ៉េខាងត្បូង លោក Lee Jung-hyun បានលើកឡើងពីបញ្ហាអាកាសធាតុមិនល្អ។ ចំណែក ក្រសួងដែនដីនិងដឹកជញ្ជូនកូរ៉េ បានបញ្ជាក់ថា នៅមុនពេលយន្តហោះបុកជញ្ជាំង ឆេះសន្ធោសន្ធៅនោះ អ្នកបើកបរក៏បានផ្ញើសារប្រកាសអាសន្ន និងសុំចុះចតជាបន្ទាន់ដែរ។ ក៏ប៉ុន្តែ យន្តហោះនោះមានបញ្ហាប្រព័ន្ធដំណើរការចុះចត។ ផ្ទុយទៅវិញ ទីភ្នាក់ងារព័ត៌មាន News1 រាយការណ៍ថា មានអ្នកដំណើរម្នាក់បានផ្ញើសារទៅបងប្អូនរបស់គេ ដោយប្រាប់ថា សត្វស្លាប១ជាប់គាំងនៅក្នុងស្លាបយន្តហោះ ដែលរូបគេកំពុងធ្វើដំណើរនោះ។

បើតាមអាជ្ញាធរកូរ៉េខាងត្បូង, មនុស្សជិះលើយន្តហោះគ្រោះថ្នាក់នោះ សរុបមានគ្នា ១៨១ នាក់។ ក្នុងនោះ អ្នកដំណើរ ១៧៥នាក់ ហើយក្រុមអ្នកបើកបរ និងបុគ្គលិកបម្រើការយន្តហោះ មានគ្នា ៦នាក់។ ពេលនេះ មនុស្សភាគច្រើនស្លាប់។ ជាបឋម គេរកឃើញមនុស្ស ២ នាក់ នៅរស់រានមានជីវិត។ ពួកគេជាបុគ្គលិកអ្នកបម្រើការលើយន្តហោះ ប្រុស១ស្រី១ បានរួចជីវិត ដ្បិតពួនសម្ងំនៅខាងកន្ទុយយន្តហោះ ដែលភ្លើងឆេះមិនទាន់ដល់។ រូបគេទាំង២ ក៏រងរបួសធ្ងន់ ត្រូវដឹកយកទៅសង្គ្រោះបន្ទាន់។

យន្តហោះជួបគ្រោះថ្នាក់អភ័ព្វស្លាប់មនុស្សនេះ ប្រភេទ Boeing ជាបក្សីស្លាបដែករបស់ក្រុមហ៊ុនកូរ៉េខាងត្បូង Jeju Air ដែលដឹកអ្នកដំណើរពីក្រុងបាងកក ហើយជួបគ្រោះថ្នាក់នៅព្រលានយន្តហោះ Muan ក្នុងស្រុកកូរ៉េខាងត្បូង ចម្ងាយប្រមាណ ២៩០ គីឡូម៉ែត្រ ពីទីក្រុងសេអ៊ូល។

ប្រធានាធិបតីស្តីទី របស់កូរ៉េខាងត្បូង លោក Choi Sung-mok បានកោះប្រជុំស្ថានការណ៍បន្ទាន់ ហើយនិងធ្វើដំណើរផ្ទាល់ទៅកន្លែងកើតហេតុ។ រីឯ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានសរសេរសាររំលែកមរណទុក្ខចំពោះគ្រួសារជនរងគ្រោះ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Jirayu Houngsub បញ្ជាក់ថា ពលរដ្ឋថៃ ២នាក់ស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង និងថា អ្នកស្លាប់ទាំង២ មានអាយុចន្លោះពី ២២ ទៅ៤៥ឆ្នាំ។
គ្រោះថ្នាក់យន្តហោះលើកនេះ ជាមហន្តរាយមហាសោកនាដកម្មធំ ក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយ នៃប្រវត្តិអាកាសចរណ៍ស៊ីវិលកូរ៉េខាងត្បូង៕

Nº.0288


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top