គណបក្សកាន់អំណាចកូរ៉េខាងត្បូង ដោះដៃចោលប្រធានាធិបតី លោក យូន សុកយោល
សភាពការណ៍ នៅ កូរ៉េ ខាងត្បូង វិវឌ្ឍផ្លាស់ប្តូរ យ៉ាង ឆាប់រហ័ស។ ទីបំផុត ទៅ នៅថ្ងៃសុក្រនេះ គណបក្សកាន់អំណាចកូរ៉េខាងត្បូង បាន សម្រេច ដោះដៃចោល ប្រធានាធិបតី លោក យូន សុកយោល និងទាមទារឲ្យលោកប្រមុខរដ្ឋ ចុះចេញពីអំណាច។ នៅពេល បាន ការ គាំទ្រ ពី គណបក្សកាន់អំណាចដូច្នេះហើយ បើទោះបីជា លោក យូន សុកយោល នៅតែរឹងទទឹង មិន ព្រម លាឈប់ពី តំណែង ដោយ ខ្លួន ឯងក្តី ក៏ សភា មាន សំឡេង ច្រើន លើសលប់ និងគ្រប់គ្រាន់ ដើម្បី បើកនីតិវិធី ទម្លាក់ ប្រធានាធិបតី ជាផ្លូវការ ។ ជំហរ ថ្មីនេះ ផ្ទុយស្រឡះ ពី ដំណឹង ពីម្សិលមិញ ដែលគណបក្សកាន់អំណាច បាន ការពារ ថា មិន បោះឆ្នោត គាំទ្រ ញត្តិ ទម្លាក់ ប្រធានាធិបតី នោះ ឡើយ ។
ប្រសិន បើ ប្រធានាធិបតី លោក យូន សុកយោល នៅតែបន្ត កាន់ អំណាចទៀត យើង ខ្លាច ក្រែង តែលោក ប្រកាស ដាក់ ច្បាប់ អាជ្ញាសឹក ជាថ្មី ម្តងទៀត ហើយ នឹង អាច ធ្វើ ឲ្យ ប្រទេស ជាតិ និង ប្រជាជន កូរ៉េ ខាងត្បូង ធ្លាក់ ក្នុង សភាព គ្រោះថ្នាក់ ធ្ងន់ធ្ងរ។ ដូច្នេះហើយ ការ ព្យួរ តំណែង ប្រធានាធិបតី ជាករណី ចាំបាច់ ។ នេះបើតាម ប្រធាន បក្ស កាន់អំណាចកូរ៉េខាងត្បូង លោក Han Dong-hoon ដែល ប្រកាស ផ្សាយ តាម កញ្ចក់ ទូរទស្សន៍ ថ្ងៃសុក្រ ទី ៦ធ្នូ ។
ប្រធាន គណបក្សអំណាច ប្រជាជន PPP ក៏ បញ្ជាក់ ទៀតថា ច្បាប់អាជ្ញាសឹក ប្រកាស ចេញ ពីថ្ងៃ អង្គារ ធ្វើឡើងដោយ ខុស ច្បាប់ ហើយ លោក ក៏មាន ភស្តុតាង ច្បាស់លាស់ គួរ ឲ្យ ជឿទុកចិត្ត បាន ថា ប្រធានា ធិបតី លោក យូន សុកយោល បាន ចេញ បញ្ជា ឲ្យពួក យោធាប្រមាណ ២៨០នាក់ សម្រុក ចូល លុកលុយ សភា ព្រម ទាំង តាមរក ចាប់ខ្លួន បុគ្គលនយោបាយ សំខាន់ៗ និង បណ្តាប្រមុខដឹកនាំ គណបក្ស នៅ សភា ។
ការ ប្រកាស របស់ ប្រមុខ បក្ស កាន់អំណាច យ៉ាងដូច្នេះ បាន បង្ហាញ ជំហរ យ៉ាងច្បាស់ ថា បក្ស កាន់អំណាច សម្រេច ដោះដៃចោលប្រធានាធិបតី និង ក៏ បើកភ្លើងខៀវឲ្យ សមាជិក សភា របស់ខ្លួន ចូលរួម ក្នុង នីតិវិធី បោះឆ្នោត ទម្លាក់ ប្រធានាធិបតី។ គួរ បញ្ជាក់ថា ញត្តិ ទម្លាក់ ប្រធានាធិបតី ផ្តួច ផ្តើម ពី សំណាក់ គណ បក្ស ប្រឆាំង ៦ បក្ស ពីព្រហស្បតិ៍ និង ត្រូវ យកទៅ ជជែក ពិភាក្សា ក្នុង សភា ថ្ងៃ សុក្រ ហើយ គេត្រូវ បោះឆ្នោត សម្រេច ថ្ងៃ សៅរ៍ ។ បើតាម ច្បាប់ កូរ៉េខាងត្បូង ដើម្បីចេញ នីតិវិធី ទម្លាក់ ប្រធានាធិបតីបាន គេត្រូវការ សំឡេងសភា ២ភាគ៣។ ក្រុម សភា បក្ស ប្រឆាំង ដែល មាន សំឡេង សរុប ១៩២ លើ អាសនៈ សភា ៣០០ ចាំបាច់ ត្រូវតែ សំឡេង តែ យ៉ាង តិច ៨ សំឡេង ទៀត តែប៉ុណ្ណោះ ពី សមាជិកសភា របស់ បក្ស កាន់ អំណាច ។ នៅពេល បាន ភ្លើងខៀវ ពី បក្ស កាន់អំណាច នីតិវិធី ទម្លាក់ ប្រមុខរដ្ឋ នេះ អាច នឹង ធ្វើ ទៅដោយ រលូន។
នៅលើដងផ្លូវវិញ ប្រជាជន កូរ៉េ ខាងត្បូង ច្រើន ពាន់នាក់ ធ្វើបាតុកម្ម បីថ្ងៃ ជាប់ៗគ្នា។ បើ តាម ប្រភព ពី នគរបាល មនុស្ស រាប់ពាន់ នាក់ ចុះផ្លូវ សម្តែង មតិ ដើម្បី ទាមទារ ទម្លាក់ ប្រធានាធិបតី កូរ៉េ ខាងត្បូង។ ក្រុម អ្ន ក រៀប ចំ បាតុកម្ម បញ្ជាក់ថា បាតុករ មិនតិច ជាង ២ សែន នាក់ នោះឡើយ។ ចំណែក ក្រុមសមាជិក សភា វិញ សម្រេច បោះតង់ ដេក ចាំ នៅសភា តែម្តង រហូត ទាល់តែ បោះឆ្នោតសម្រេច ញត្តិ ទម្លាក់ ប្រធានាធិបតី ចប់ រួច រាល់ ។ ប្រធានាធិបតីវិញ ស្ងាត់ ដំណឹងឈឹងសូន្យ។ លោក យូន សុកយោល បាន លាក់ ខ្លួនគេចមុខ ពី សាធារណៈ តាំងពី ព្រលឹម ថ្ងៃ ពុធ មកម្ល៉េះ ។ ពោលគឺ លោក លាក់ មុខ តាំងពី ការ ប្រកាសលុប ចោល ច្បាប់ អាជ្ញា សឹក។
អ្នក ទទួល ខុស ត្រូវ ជាន់ ខ្ពស់ នៃ នគរបាល ជាតិ កូរ៉េ ខាងត្បូង លោក Woo Kong-suu បាន បញ្ជាក់ នៅចំពោះ មុខ អ្នក តំណាង រាស្ត្រ កូរ៉េ ពី ថ្ងៃព្រហស្បតិ៍ ថាបាន បើកនីតិវិធីសើបអង្កេតពីបទល្មើស បះបោរ ប្រឆាំងនឹ ង លោក យូន សុកយោល ជា មេខ្លោង ។
ទន្ទឹម នឹងគ្នា នេះ រដ្ឋមន្ត្រី ការពារជាតិ សុំ លាឈប់ ពីតំណែង ហើយ កំពុង ត្រូវ ជាប់ បណ្តឹង ព្រហ្មទណ្ឌ ។ រដ្ឋអាជ្ញា បាន ហាម ឃាត់ មិនឲ្យ អតីត រដ្ឋមន្ត្រី រូប នេះ ចាកចេញពី ប្រទេស នោះឡើយ។ ជាសរុប មន្ត្រី អ្នកមុខ អ្ន កការ កំពូលៗ នៃ ក្រសួង ការពារជាតិ ចំនួន ៣ នាក់ ត្រូវ ព្យួរពីមុខ តំណែង។ ទីបញ្ជាការ យោធា កងកម្លាំងប្រតិបត្តិការ ពិសេស ហើយ និង កម្លាំង ប្រឆាំង ចារកម្ម ដែល ជាប់ ពាក់ព័ន្ធ ក្នុង សកម្មភាព លុកលុយសភា ពីថ្ងៃអង្គារ ត្រូវ ព្យួរ សកម្មភាព បញ្ឈរជើង រហូត ដល់មាន បទបញ្ជាថ្មី។ នេះបើតាម អនុ រដ្ឋមន្ត្រី ការពារ ជាតិ លោក Kim Soeun-ho ដែលទើប តែ មក កាន់តំណែង រដ្ឋមន្ត្រី បណ្តោះ អាសន្ន។ លោករដ្ឋមន្ត្រីការពារ ជាតិបណ្តោះអាសន្ន ក៏ បាន អះអាងច្រាន ចោល ដំណឹង អំពីការ ចង់ ប្រកាស ច្បាប់ អាជ្ញាសឹក ជាលើកទី២ និង បញ្ជាក់ថា ទោះបី ជាមានច្បាប់ អាជ្ញាសឹក ថ្មី ក៏ ខាងយោធា ក្រោមបង្គាប់ ក្រសួង ការពារជាតិ ពុំ ព្រមអនុវត្ត តាម ទៀត នោះឡើយ៕