លោក ចូ បៃដិន សម្រាលទោសប្រហារជីវិត លើទណ្ឌិត ៣៧ នាក់
ដើមសប្តាហ៍ នេះ ប្រធានាធិបតី អាមេរិក បាន សម្រេច បន្ធូរ ទោសប្រហារជីវិត ចំពោះ អ្នក ទោស ៣៧នាក់ មក ត្រឹមទោស ជាប់ ពន្ធនាគារ អស់ ១ ជីវិត ទៅវិញ។ ចំណាត់ ការរបស់ លោក ចូ បៃដិន យ៉ាងដូច្នេះ ទទួលបាន ការ ស្វាគមន៍ជាខ្លាំង ពីសំណាក់ក្រុម សង្គម ស៊ីវិល និង អង្គការសិទ្ធិមនុស្ស ។
បាំង ប៉ុន្មាន តែជាង ៣សប្តាហ៍ទៀត សហរដ្ឋ អាមេរិក ត្រូវ ប្តូរមេដឹកនាំថ្មី ។ លោក ចូ បៃដិន ដែល ជិត ផុតអាណត្តិ ទៅហើយ ខំប្រឹង ប្រើ អំណាច ប្រធានាធិបតី សម្រាលទោស ចំពោះ ទណ្ឌិត ៣៧នាក់ ក្នុង ចំណោម ៤០នាក់ ដែល ត្រូវ តុលាការ សហព័ន្ធ ផ្ទន្ទាទោស ប្រហារជីវិត។ ទណ្ឌិត ទាំង ៣៧នាក់នោះ ត្រូវ បន្ធូរ បន្ថយ ទោស ពី ប្រហារជីវិត មក ត្រឹម ជាប់ គុក អស់ ១ជីវិត។ ចំណែក ៣ នាក់ទៀត គ្មាន ភ័ព្ទសំណាង បាន សម្រាលទោសទេ ព្រោះតែជាប់ ទោស ក្នុង សំណុំ រឿង ឧក្រិដ្ឋកម្ម ភេរវនិយម។
ផ្ទុយទៅវិញ លោក Mike Johnson ប្រធាន រដ្ឋ សភា មកពីគណ បក្ស សាធារណរដ្ឋ រិះគន់ យ៉ាងចាស់ដៃតាម បណ្តាញ សង្គម X ថា សេចក្តីសម្រេច របស់លោកប្រធានាធិបតី ចូ បៃដិន បាន ទះកំផ្លៀង គ្រួសារ ជន រងគ្រោះ ដែល រងទុក្ខជាទម្ងន់ ព្រោះតែ ស្នាដៃ របស់ ពួក ទណ្ឌិត ទាំង នោះ។
ក្រិត្យប្រធានាធិបតីអាមេរិកមក គណបក្ស ប្រជាធិបតេយ្យ សម្រាលទោស ប្រហារជីវិត មកត្រឹម ទោស ជាប់មន្ទីរឃុំឃាំង ១ជីវិត នេះ ទទួល បាន ការ អបអរ សាទរពី សំណាក់ ក្រុមសង្គមស៊ីវិល និងតប តាមការ ស្នើសុំ យ៉ាងទទូ ច ពី សំណាក់ អង្គការ សិទ្ធិមនុស្ស ជាច្រើន ។ ទោះជាយ៉ាងនេះ ក្តី ក្រុម អ្នក ការពារសិទ្ធិមនុស្ស នៅ មាន ក្តី បារម្ភ ជាថ្មី ចំពោះ ការ វិល ត្រឡប់ មក វិញ របស់ លោក ដូណាល់ ត្រាំ មកកាន់អំណាច សេតវិមាន អាមេរិក ។ ដ្បិតថា ក្នុង អាណត្តិ ចាស់របស់ លោ ត្រាំ, អាមេរិក បាន សម្លាប់ ទណ្ឌិត ដែលត្រូវ តុលាការ ផ្តន្ទាទោស ប្រហារជីវិត អស់ចំនួន យ៉ាងហោច ១៣ នាក់។ នេះគឺបន្ទាប់ពី អាមេរិក ខកខាន មិន បាន អនុវត្ត ទោស ផ្តាច់ ជីវិត យ៉ាង ដូច្នេះ អស់ ១៧ ឆ្នាំ ទៅហើយ។ ម្ល៉ោះហើយ ការ វិល មកធ្វើ ជា ប្រធានាធិបតី អាមេរិក ជាថ្មី របស់ លោកត្រាំ ធ្វើ ឲ្យ សង្គម ស៊ីវិល ព្រួយ ថា អាមេរិក នឹង អនុវត្ត ទោស ផ្តាច់ ជីវិត កាន់តែ ច្រើន ឡើងៗ។
ទោសផ្តាច់ ជីវិត នេះ ត្រូវ អង្គការសង្គម ស៊ីវិល ខាងការពារសិទ្ធិមនុស្ស រិះគន់ ថ្កោល ទោស អាមេរិក ជាខ្លាំង ហើយ និង តែងតែអំពាវនាវ ឲ្យ លុប បំបាត់ ទោស ប្រហារ ជីវិត ចោលទៅ។ សហរដ្ឋអាមេរិក ប្រឹង សម្តែងខ្លួន ជាប្រទេស ដែល ប្រកាន់ ប្រជាធិបតេយ្យ គោរព សិទ្ធិមនុស្ស ប៉ុន្តែ បណ្តារដ្ឋ ជាច្រើន នៅតែបន្ត អនុវត្ត ទោស ប្រហារ ជីវិត ដែល វា ផ្ទុយពី គោលការណ៍ សិទ្ធិមនុស្ស ។ ក្នុង ចំណោម ៥០រដ្ឋ មាន ២៣រដ្ឋ ប៉ុណ្ណោះ ដែល បាន ធ្វើ ច្បាប់ លុបចោល ទោស ប្រហារ ជីវិត ឯរដ្ឋ ៦ បានត្រឹមតែ សម្រេច ផ្អាក សិន តែប៉ុណ្ណោះ ។ ក្រៅពីនោះ នៅតែ អនុវត្ត ទោស ប្រហារ ជីវិត នៅឡើយ។
ក្នុង របាយការណ៍ សិក្សា ១ផ្សាយ ពីថ្ងៃទី ៩ធ្នូកន្លងទៅ អង្គការ អាមេរិក ១ ឈ្មោះ South Poverty Law Center បញ្ជាក់ថា ក្នុង ចំណោម ពលរដ្ឋអាមេរិកមនុស្ស ពេញ វ័យ មាន ពលរដ្ឋ ស្បែកខ្មៅ តំណាង ត្រឹមតែ ១២ % ប៉ុណ្ណោះ។ ក៏ប៉ុន្តែ អ្នក ទោស ស្បែក ខ្មៅ មានចំនួន រហូត ដល់ ៤០% ក្នុងចំណោម ទណ្ឌិត ជាប់ទោស ប្រហារជីវិត ៕
Nº.0269