អូស្ត្រាលី ត្រៀម ច្បាប់ កំហិត ឲ្យ ក្រុមហ៊ុន បច្ចេកវិទ្យា បង់ប្រាក់ ឲ្យ ប្រព័ន្ធ សារព័ត៌មាន

7News

 អូស្ត្រាលី ត្រៀម ច្បាប់ កំហិត ឲ្យ ក្រុមហ៊ុន បច្ចេកវិទ្យា បង់ប្រាក់ ឲ្យ ប្រព័ន្ធ សារព័ត៌មាន

បន្ទាប់ ពី សហភាព អឺរ៉ុប និង កាដាណា, នៅពេល នេះដល់ វេន អូស្ត្រាលី ដែល ចាប់ បង្ខំ ឲ្យ បណ្តា ក្រុម ហ៊ុន បច្ចេកវិទ្យា ព័ត៌មាន វិទ្យា ត្រូវ តែបង់ ប្រាក់ ឲ្យ បណ្តាញ ផ្សព្វផ្សាយ ព័ត៌មាន។ នេះក៏ព្រោះតែ ក្រុម ហ៊ុន យក្សទាំងនេះ យក ខ្លឹមសារ ព័ត៌មាន ពី កាសែត ឬផ្សព្វផ្សាយព័ត៌មាននានា ទៅភ្ជាប់ នឹង ប្រព័ន្ធ បណ្តាញ សង្គម របស់ខ្លួន។ វិធានការ ថ្មី របស់ អូស្ត្រាលី ត្រូវ ប្រកាសចេញដោយ រដ្ឋមន្ត្រី ទូរគមនាគមន៍ ។

ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានវិទ្យា រីកចម្រើន កើនចំនួន យ៉ាង ឆាប់ រហ័ស បាន ធ្វើ ឲ្យ ប៉ះពាល់ ដល់ ការងារ របស់ អ្នក កាសែត ហើយ និង គំរាម ដល់ ភាព ចម្រុះ ក្នុង ប្រព័ន្ធ ផ្សព្វផ្សាយ ។ ប៉ុន្មាន ឆ្នាំចុងក្រោយ នេះ អ្នក កាសែត អូស្ត្រាលី រាប់ រយនាក់ ត្រូវ បាត់បង់ ការងារធ្វើ ព្រោះ តែ ក្រុមហ៊ុន កាសែត បិទទ្វារ ឬ កាត់បន្ថយ បុគ្គលិក ។

នេះបើតាម ការ គូស បង្ហាញ របស់ លោកស្រី មីស្ហែល រូឡែន រដ្ឋមន្ត្រីប្រព័ន្ធផ្សព្វផ្សាយទូរគមនាគមន៍អូស្ត្រាលី ដោយ សង្កត់ធ្ងន់ថា ដល់ពេល ហើយ ដែល ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានវិទ្យា ត្រូវ បំពេញ តួនាទី របស់ខ្លួន ដោយ ត្រូវ គាំទ្រ ដល់ ខ្លឹមសារព័ត៌មានដែល មានគុណភាព និង ពង្រឹង លទ្ធិប្រជាធិបតេយ្យ។

ទន្ទឹម នឹង ប្រសាសន៍ ដូច្នេះ លោកស្រីរដ្ឋមន្ត្រី ត្រៀម ចេញ ចំណាត់ ការឲ្យ ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានវិទ្យា ត្រូវ បង់ ប្រាក់ ទៅ ប្រព័ន្ធ ផ្សព្វផ្សាយ ព័ត៌មាន ឲ្យ សមស្រប ទៅនឹង ខ្លឹមសារ ឬ ទំហំទិន្នន័យ ព័ត៌មាន ដែល ក្រុមហ៊ុនបច្ចេកវិទ្យា យកទៅ ផ្សាយ បន្ត នៅលើ ប្រព័ន្ធ បណ្តាញ សង្គម របស់ខ្លួន។

វិធានការ របស់ក្រសួង ទូរគមនាគមន៍អូស្ត្រាលី សំដៅទៅលើ ក្រុមហ៊ុនយក្ស បច្ចេកវិទ្យាព័ត៌មានវិទ្យា តួយ៉ាង ក្រុមហ៊ុន មេ របស់ Google, Facebook, Instagram និង Tiktok ជាដើម។

ការសិក្សា ស្រាវជ្រាវ១ របស់ សកលវិទ្យាល័យ ក្រុង កង់ប៉េរ៉ា បញ្ជាក់ថា ពលរដ្ឋអូស្ត្រាលី យ៉ាងហោច ១ភាគ៣ តាម ដាន ព័ត៌មាន តាម ប្រព័ន្ធ បណ្តាញ សង្គម។ ម្ល៉ោះហើយ ក្រុមហ៊ុនយក្ស បច្ចេកវិទ្យាព័ត៌មានវិទ្យា អាច រក បាន ប្រាក់ ចំណេញ ច្រើន រាប់ រយ លាន ដុល្លារ ក្នុង១ឆ្នាំៗ ។ តែ ផ្ទុយទៅវិញ អ្នក កាសែត និងក្រុមហ៊ុនព័ត៌មាន ដែល ផលិត ខ្លឹមសារព័ត៌មាន បែរ ជា ត្រូវ ស្វិតក្រពះ។

អាស្រ័យ ហេតុនេះ អូស្ត្រាលី ផ្តើមយកគំរូ ដើរតាម ច្បាប់ របស់ សហភាព អឺរ៉ុប ។ សហភាព អឺរ៉ុប មាន រដ្ឋ សមាជិក ២៧ប្រទេស បាន អនុម័ត ច្បាប់ចាប់ បង្ខំ ឲ្យ ក្រុម ហ៊ុនបច្ចេកវិទ្យាព័ត៌មានវិទ្យា បង់លុយ ឲ្យ ប្រព័ន្ធ ផ្សព្វផ្សាយ ព័ត៌មាន ។ ច្បាប់អឺរ៉ុប នេះ ដាក់ចេញ កាលពី ឆ្នាំ២០១៩  ហើយ ប្រទេស កាដាណា ក៏ ធ្វើ ច្បាប់ ស្រដៀងគ្នា នេះដែរ កាលពី ខែមិថុនា ឆ្នាំ ២០២៣។

ម្យ៉ាងវិញទៀត ដោយសំអាង ផលប្រយោជន៍សុខភាព សុវត្ថិភាព និង ការ លូតលាត់ វិជ្ជមាន របស់ កុមារ រដ្ឋាភិបាល អូស្ត្រាលី បាន ចេញ ច្បាប់ ថ្មី ១ កាលខែ មុន នេះ  ហាមឃាត់ ក្មេងៗ ក្រោម ១៦ឆ្នាំ មិន ឲ្យ ប្រើ បណ្តាញ សង្គម។ ដោយឡែក ចំពោះ ក្រុមហ៊ុន បច្ចេកវិទ្យា ដែល បណ្តែត បណ្តោយ ឲ្យ បណ្តាញ សង្គម បញ្ចេញ រូបភាព ស្លុតរន្ធត់ និងផ្សាយ ឃោសនា ព័ត៌មាន ក្លែងក្លាយ ក៏នឹង ត្រូវ អូស្ត្រាលី ដាក់ ពិន័យដែរ៕


Nº.0232

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top