កូរ៉េខាងត្បូង៖ គណបក្សកាន់អំណាច ស្នើសុំឲ្យលោក យូន សុខយោល ដកខ្លួនចេញពីគណបក្ស
បន្ទាប់ពីប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកពីសំណាក់លោកប្រធានាធិបតីកូរ៉េខាងត្បូង កាលដើមសប្តាហ៍មុន ដែលធ្វើឲ្យកូរ៉េខាងត្បូងធ្លាក់ក្នុងភាពចលាចលនយោបាយ គណបក្សរបស់លោក យូន សុកយោល ស្នើសុំនៅថ្ងៃអាទិត្យ ទី៨ធ្នូនេះ ឲ្យលោកដកខ្លួនចេញពីគណបក្សតាមសម្រួល។ នៅថ្ងៃដដែលនេះ ប្រធានគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដ៏ធំជាងគេ បានឲ្យដឹងថាគណបក្សរបស់លោកនឹងព្យាយាមឲ្យរដ្ឋសភាបោះឆ្នោតទម្លាក់លោក យូន សុកយោល ម្តងទៀត នៅសប្តាហ៍ក្រោយ។
ក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងនៅទីក្រុងសេអ៊ូល នាថ្ងៃអាទិត្យ ទី៨ធ្នូ គណបក្សអំណាចប្រជាជនបានអះអាងប្រាប់អ្នកកាសែត ថាទទួលបានការសន្យាដកខ្លួនចេញពីគណបក្សរបស់ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយោល។ លោក ហាន់ តុងហ៊ូន (Han Dong-hoon) ប្រធាន គណបក្ស អំណាចប្រជាជនបានបន្តទៀតថា លោក ក៏ទទួល បាន ការ បញ្ជាក់ បន្ថែម ពី លោក យូន សុកយោល ថាលោកបាន យល់ ព្រម ប្រគល់សិទ្ធិឲ្យគណបក្ស របស់ លោកជាអ្នកសម្រេចកិច្ចការផ្សេងៗ ហើយលោកក៏នឹងមិនជ្រៀតជ្រែកក្នុងកិច្ចការរដ្ឋ និងកិច្ចការបរទេសឡើយ។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋរដ្ឋមន្រ្តី ហាន់ ទុកស៊ូ Han Duck-soo ដែលបានផ្តាច់ខ្លួនចេញពីលោកយូន សុកយោល អះអាងថារដ្ឋាភិបាលនឹងសហការជាមួយនឹងក្រុមបក្សឆាំងនៅក្នុងរដ្ឋសភា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានបារាំង AFP។
គួររម្លឹកថា នៅល្ងាចថ្ងៃសៅរិ៍ ទី៧ធ្នូ មិ្សលមិញ ក្រុម សមាជិក សភាសម្ព័ន្ធ បក្សប្រឆាំងទាំង ៦គណបក្ស បានបើកសម័យប្រជុំពិសេស ដើម្បីបោះឆ្នោត ទម្លាក់ លោក យូន សុកយោលពីតំណែង។ ក៏ប៉ុន្តែ នៅពេលចាប់ផ្តើមបើកការបោះឆ្នោត សមាជិកសភា របស់គណបក្ស លោក យូន សុក យោល ដែលមានគ្នាទាំងអស់១០៨នាក់ បាននាំគ្នាដើរចេញពីរដ្ឋសភា ដើម្បីធ្វើពហិការមិនបោះឆ្នោត ទម្លាក់ លោក យូន សុកយោល។ ក្រោយពីរងការបរាជ័យក្នុងការបោះឆ្នោតទម្លាក់លោក យូន សុកយោលពីតំណែង គណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដ៏ធំជាងគេ បានព្យាយាមដាក់សំណើឲ្យរដ្ឋសភាបោះឆ្នោតទម្លាក់លោកប្រធានាធិបតីកូរ៉េខាងត្បូងជាថ្មីម្តងទៀត នៅថ្ងៃទី ១៤ធ្នូ ខាងមុខនេះ។
បើយោងតាមចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកកូរ៉េខាងត្បូង អតីតរដ្ឋមន្ត្រីការពារជាតិ កូរ៉េខាងត្បូង លោក គីម យុងយ៉ន់ (Kim Yong-Hyun) យល់ព្រមប្រគល់ខ្លួនឲ្យប៉ូលីស នៅព្រឹកថ្ងៃអាទិត្យ ទី៨ធ្នូ ក្នុងបទចោទឃុបឃិតជាមួយលោក យូន សុកយោល ចេញច្បាប់អាជ្ញាសិក។ ចំណែកឯលោក យូន សុកយោល និងអ្នកទទួលខុសត្រូវដ៏ទៃទៀត កំពុងស្ថិតក្នុងការស៊ើបអង្កេតរបស់ប៉ូលីស ពីបទបះបោរប្រឆាំងរដ្ឋាភិបាល។ សូមបញ្ជាក់ថា នៅកូរ៉ខាងត្បូង ការបះបោរប្រឆាំងរដ្ឋាភិបាល ជាបទឧក្រិដ្ឋមួយដែលសូម្បីតែអភ័យឯកសិទ្ធិរបស់ប្រធានាធិបតីក៏មិនអាចការពារបានឡើយ ហើយអាចត្រូវទទួលទោសប្រហារជីវិត។
គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យ ទី៨ធ្នូនេះ ប្រធានគណបក្សអំណាចប្រជាជន លោក ហាន់ ទុងហ៊ូន បានសើ្នសុំឲ្យលោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក ហាន់ ទុកស៊ូ (Han Duck-soo) ឡើងកាន់តំណែងជាប្រធានាធិបតីជំនួសលោក យូន សុកយោល។ អ្នកទាំងពីរក៏បានពិភាក្សាគ្នាអំពីនិតិវិធីនៃការដកខ្លួនរបស់លោក យូន សុកយោល ចេញពីគណបក្សអំណាចប្រជាជន មុនពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលគ្រោងនឹងធ្វើឡើង នៅម៉ោង ២រសៀលនៃថ្ងៃដដែល (ពោលគឺម៉ោង ៥ល្ងាច ម៉ោងនៅទីក្រុងប៉ារីស)។ នេះបើយោងតាមបញ្ជាក់របស់ការិយាល័យនៃទីស្តីការគណៈរដ្ឋមន្រ្តី។
Nº.0223