ប្រមុខ ទូត ជប៉ុនបារម្ភ ពី វត្តមានយោធា ចិន នៅសមុទ្រចិន ខាង ត្បូង
រដ្ឋមន្ត្រីការបរទេស ជប៉ុន អញ្ជើញទៅដល់ រដ្ឋធានី ប៉េកាំង ថ្ងៃពុធនេះ និង បាន ជួប ប្រមុខ ការទូត ចិន លោក វ៉ាង យី។ ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ ប្រមុខ ទូត ជប៉ុន ក៏ បាន សម្តែង ក្តីបារម្ភពីសកម្មភាពយោធាចិននៅសមុទ្រចិនខាងត្បូង។
ចិន និង ជប៉ុនបាន បញ្ជាក់ ពី សុឆន្ទៈ រឹត ចំណង ទាក់ទង គ្នា ក្នុង កម្រិត ខ្ពស់ ហើយ សន្យា បន្ត មេត្រីភាព សំដៅទៅរក ផលប្រយោជន៍រួម និង ស្ថិរភាព។ នេះបើតាម ប្រព័ន្ធ ផ្សព្វ ផ្សាយ ជប៉ុន ដែល ផ្សាយ នៅក្នុង បរិបទ ភាព តានតឹង រវាង ក្រុង តូក្យូ និង ក្រុង ប៉េកាំង ។ ប៉េកាំង ជាទី ដែលរដ្ឋមន្ត្រីការបរទេសជប៉ុន លោក តាកេស្ហ៊ី អ៊ីវ៉ាយ៉ា បាន អញ្ជើញ ទៅដល់ ថ្ងៃពុធ ទី ២៥ធ្នូ និង បាន ទទួល ជួប ភ្លាម ពីសំណាក់ មេការទូត ចិន លោក វ៉ាង យី។
នៅចំពោះមុខសមភាគីចិន ប្រមុខ ទូត ជប៉ុន បាន លើកឡើងក្តីបារម្ភ ពីការ ពង្រីក សកម្មភាព យោធា ចិន កាន់តែ ច្រើន ឡើង ៗ នៅ សមុទ្រ ចិន ខាងត្បូង ហើយ និង នៅ ម្តុំជុំវិញ កោះ សែន កាគុ ។ សែនកាគុហៅតាមជប៉ុន ឯចិនថាទាវយូ ជាកោះ ដែល ជប៉ុន ត្រួតត្រា តែ ចិន បន្ត ទាមទារ ថាជារបស់ខ្លួន។ ក្នុង សំណុំ រឿង ក្រុង តៃប៉ិ វិញ, លោក តាកេស្ហ៊ី អ៊ីវ៉ាយ៉ា ក៏ ថ្លែង ថា ជប៉ុន បាន តាម ដាន យ៉ាងកៀកកិត ចំពោះ ស្ថានការណ៍កោះ តៃវ៉ាន់ ដែល ចិន អះអាង ថាជា អាណាខេត្ត របស់ខ្លួន ដ្បិត ថា ដែនកោះនោះ ក៏ឋិត ជិត ក្បែរនឹង តំបន់ សេដ្ឋកិច្ច ពិសេស របស់ ជប៉ុនដែរ។
ទោះជាយ៉ាងណាក្តី ប្រមុខទូតជប៉ុន មានប្រសាសន៍ក្នុងសម្តីបែបការទូតថា ប្រទេសរបស់ខ្លួនរំពឹងសង្ឃឹមដើររំលងឧបសគ្គ និងកាត់បន្ថយក្តីខ្វល់រំពុលទាំងឡាយ ព្រមទាំងបង្កើនកិច្ចសហការ ធ្វើការរួមគ្នាជាមួយចិន។ ភាគីចិនវិញ ក៏ អះអាងថា នឹង ពង្រឹង កិច្ចសន្ទនា និង ទំនាក់ទំនង ជាមួយ ជប៉ុន។ អ្នក នាំពាក្យ ក្រសួង ការបរទេស ចិន លោកស្រី ម៉ៅ នីង បា នធ្វើ សន្និសីទ កាសែត ដាច់ ដោយឡែក និង ប្រាប់ អ្នក សារព័ត៌មាន នៅប៉េកាំងថា រដ្ឋអំណាច ចិន ត្រៀម ខ្លួន ស្រេច ដើម្បី ធ្វើការ ជាមួយ ជប៉ុន ដោយ ផ្តោតសំខាន់ លើផលប្រយោជន៍ រួម ។
ក្រៅពី បញ្ហា សមុទ្រ ចិន និងការ ទាមទារ ដែន ទឹក, ចិន និង ជប៉ុន នៅមាន សំណុំ រឿង តាន តឹង ជាច្រើន ទៀត ដែលត្រូវដោះស្រាយ ។ ក្នុង អំលុង សង្គ្រាមលោកលើកទី២ យោធាជប៉ុន ឈ្លាន ពាន ត្រួតត្រា ដែនដី ចិន ជាច្រើន តំបន់ ហើយ មត៌ក ឈឺចាប់ពី អតីតកាល នៅតែ បន្ត លង បន្លាច ប្រជា ជាតិទាំង២។ ការ ស្អប់ ខ្ពើមគ្នា ក៏ នៅតែ មិនទាន់ ផ្សះផ្សាបាននៅឡើយទេ។
ឆ្នាំទៅមិញ ទំនាក់ទំនង ចិន -ជប៉ុន ធ្លាក់ ដុនដាបខ្លាំង រហូត ដល់ ចិន ហាមឃាត់ការនាំចូល ទំនិញជប៉ុន ដែល ផលិត ចេញពី ខេត្ត ហ៊ូគូស្ហ៊ីម៉ា ព្រោះ ខ្លាច ជាប់ សារធាតុ វិទ្យុសកម្ម ។ កាលពីខែ សីហា ពលរដ្ឋជប៉ុនម្នាក់ ត្រូវ អាជ្ញាធរ វចិន ចាប់ឃុំខ្លួន ដោយសង្ស័យ លួច ស៊ើប ការ ណ៍ សម្ងាត់ ។ ម្ល៉ោះហើយក្នុង ឱកាស ដំណើរ ទៅស្រុក ចិន លើកនេះ ប្រមុខ ទូត ជប៉ុន ក៏ អំពាវនាវឲ្យ ដោះលែង ពលរដ្ឋ ខ្លួន ដែរ។ បើតាម ភាគី ជប៉ុន, រដ្ឋមន្ត្រី ការបរទេស ចិន នឹងអញ្ជើញ ទៅរាជធានី តូក្យូ វិញម្តង នៅក្នុង ពេល ឆាប់ៗខាងមុខ ៕
Nº.0275