កូរ៉េខាងត្បូង៖ លោក យូន សុកយោល មិនចូលខ្លួនទៅតាមការកោះហៅរបស់ ទីភ្នាក់ងារ ប្រឆាំងអំពើពុករលួយ
បន្ទាប់ពីត្រូវបាន សមាជិកសភាបោះឆ្នោត ទម្លាក់ ពីមុខតំណែង លោកប្រធានាធិបតី កូរ៉េខាងត្បូង យូន សុកសោល ត្រូវបាន ទីភ្នាក់ ងារប្រឆាំងអំពើពុករលួយ កោះហៅ ឲ្យចូលខ្លួន ទៅឆ្លើយ បំភ្លឺ ទាក់ទិននឹងសំណុំរឿងប៉ុនប៉ង់ ប្រើច្បាប់អាជ្ញាសិក ។ ក៏ប៉ុន្តែ លោក យូន សុកយោល មិនបាន មានវត្តមានបង្ហាញ ខ្លួន ទៅតាម ការកោះហៅទេ កាលពី ថ្ងៃពុធ ទី ១៨ធ្នូ ។ ករណីនេះ អាច ជាកំហុសធ្ងន់មួយបន្ថែមទៀត របស់ លោកយូន សុកយោល ។
ក្រុមការងារស៊ើបអង្កេត នៃទីភ្នាក់ងារប្រឆាំងអំពើពុករលួយកូរ៉េខាងត្បូង បាន កោះហៅ រូបលោក យូន សុកយោល ឲ្យចូលទៅបង្ហាញខ្លួន នៅទីស្នាក់ ការធំជាយទីក្រុង សេអ៊ូល កាលពីថ្ងៃពុធទី ១៨ធ្នូ ដើម្បីសាកសួរព័ត៌មាន ជុំវិញ សំណុំរឿងប៉ុនប៉ង ប្រើច្បាប់អាជ្ញាសិក។ ក៏ប៉ុន្តែដល់ម៉ោងណាត់ជួប លោក យូន សុកយោល មិនបានមានវត្តមាន ទេ។ នេះ បើផ្អែកតាម ការ បញ្ជាក់ប្រាប់អ្នកយកព័ត៌មានបារាំង AFP ពីសំណាក់ មន្ត្រី ម្នាក់ នៃទីភ្នាក់ងារប្រឆាំងអំពើពុករលួយ ។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ មុនថ្ងៃកោះហៅមួយថ្ងៃ មេធាវីរបស់ លោក យូន សុកយោល បានអះអាងប្រាប់អ្នកកាសែតថា លោក ប្រធានាធិបតី យូន សុកយោល មិន បានធ្វើ អំពើបះបោរបង្ករអស្ថិរភាពសង្គមអ្វីឡើយ ។ ហេតុដូច្នេះហើយ លោកយូន សុកយោល សូមប្រឆាំងដាច់ខាតចំពោះរាល់ការចោទប្រកាន់ទាំងនេះ ហើយ នឹង ប្តឹងទៅកាន់តុលាការ ។ នេះបើផ្អែកតាម ការផ្សាយ របស់ ទីភ្នាក់ងារព័ត៌មាន Yonhap។
សូមរំលឹកដែរថា ទីភ្នាក់ងារ ប្រឆាំងអំពើពុករលួយ ធ្លាប់ បានផ្ញើលិខិតអញ្ជើញ លោក យូន សុកយោល ឲ្យ ចូល មកបង្ហាញ ខ្លួន ដើម្បីឆ្លើយ បំភ្លឺ ក៏ប៉ុន្តែ លិខិតនេះ ត្រូវបាន គេរារាំងមិន ឲ្យ យកទៅ ដល់ខុទ្ទកាល័យ លោក ប្រធានាធិបតី ឡើយ ។ ទីភ្នាក់ងារប្រឆាំងអំពើពុករលួយ កូរ៉េខាងត្បូង បាន ចេញលិខិតប្រកាសមួយនៅថ្ងៃពុធ ថា អវត្តមាន របស់ លោក យូន សុកយោល មិនចូលខ្លួនទៅ តាមការកោះហៅជាលើកទី១នេះ វាគឺជាកំហុសឆ្គងមួយ ។ នៅចំពោះមុខអង្គសភា កាលពីថ្ងៃអង្គារ លោក ប្រធាន ទីភ្នាក់ ប្រឆាំងអំពើពុករលួយ Oh Dong-Woon បាន លើកឡើងថាស្ថាប័ន គ្រោងនឹងផ្ញើលិខិត កោះហៅជាលើកទី ២ម្តងទៀត ហើយ បើនៅតែពុំមកទៀត គឺគេអាចនឹងពិចារណាចេញដីកាតាមចាប់ខ្លួន។