មេទ័ពរុស្ស៊ីម្នាក់ ស្លាប់ដោយភេរវកម្មបំផ្ទុះ នៅម៉ូស្គូ អ៊ុយក្រែនថា ជាស្នាដៃរបស់ខ្លួន
ព្រឹកថ្ងៃអង្គារទី ១៧ ធ្នូ ក្នុងក្រុងម៉ូស្គូ មេទ័ពរុស្ស៊ីម្នាក់ដែលទទួលបន្ទុកខាងការពារទល់នឹងអាវុធ នុយក្លេអ៊ែរ លោកឧត្តមសេនីយទោ Igor Kirillov បានស្លាប់នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកលាក់ក្នុង ទោចក្រយានយន្ដអគ្គិសនី នៅជាន់ទី១នៃអគារលំនៅគាត់ ដែលមាន៧ជាន់។ នេះបើតាមដំណឹងប្រកាសដោយ គណៈ កម្មាធិការរដ្ឋរុស្ស៊ីខាងស៊ើបអង្កេត។ ឃាតកម្មនេះ ត្រូវបានក្រុងកៀវចេញមុខទទួលស្គាល់ថាជា ស្នាដៃខ្លួន។
ថ្លែងទៅកាន់ ទីភ្នាក់ងារព័ត៌មានបារាំង AFP នាព្រឹកថ្ងៃ ១៧ ខែធ្នូ ឆ្នាំ ២០២៤ ស្ថាប័នសន្តិសុខអ៊ុយក្រែន SBU បានចេញមុខអះអាងថា ឃាតកម្មលើរូបលោក Igor Kirillov នៅក្រុងម៉ូស្គូ គឺជាស្នាដៃ របស់ខ្លួន។
គួររំឭកថា កាលពីថ្ងៃចន្ទទី ១៦ ខែ ធ្នូ អ៊ុយក្រែន ធ្លាប់បានចោទ រូបលោក Igor Kirillov ថាបានប្រើ អាវុធគីមី ខុសច្បាប់ ក្នុងបរិបទសង្ក្រាមនៅអ៊ុយក្រែន នេះបើយោងតាមរបាយការណ៍ ចេញផ្សាយដោយកាសែត The Kyiv Independent។ ដោយឡែក ម៉ូស្គូ បានច្រានចោលការចោទប្រកាន់នេះ យ៉ាងដាច់អហង្ការ ។
ទោះយ៉ាងណា កាលពីខែតុលា ឆ្នាំ ២០២៤ កន្លងទៅ ប្រទេសអង់គ្លេស បានដាក់ទណ្ឌកម្មលើ រូបលោក Igor Kirillov និង កងទ័ពរុស្ស៊ី ផ្សេងទៀត ក្នុងអង្គភាពតែមួយ ថាបានប្រើធាតុគីមី ប្រឆាំងក្រុមអ្នកបះបោរក្នុងស្រុក។ ពុំតែប៉ុណ្ណោះ នៅមានរបាយការណ៍ ច្រើនទៀត ដែលសឲ្យឃើញថា បុគ្គលខាងលើនេះ បានប្រើឧស្ម័នបន្ថប់ដង្ហើម នៅលើសមរភូមិប្រយុទ្ធផ្ទាល់៕