ឥណ្ឌា៖ មនុស្ស ជាង ៤០០នាក់ត្រូវចាប់ឃាត់ខ្លួន ពីបទ រៀបអាពាហ៍ពិពាហ៍ កុមារ
នៅរដ្ឋអាសាម (Assam) ភាគឦសាន្តប្រទេសឥណ្ឌា អាជ្ញាធរបានចុះទៅចាប់ឃាត់ខ្លួន មនុស្ស ជាង ៤០០នាក់ កាលពីយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ ទី ២២ធ្នូ ដោយពួកគេពាក់ ព័ន្ធ នឹងការរៀបអាពាហ៍ ពិពាហ៍ កុមារ។ គួរបញ្ជាក់ថា ថ្វី បើ អាយុ នីតិភាពអាចរៀបការបាន នៅឥណ្ឌា គឺ ១៨ឆ្នាំ តែយ៉ាងហោចណាស់ មានកុមារ មិនគ្រប់អាយុ ប្រមាណ ២២០ លាននាក់ជារៀងរាល់ឆ្នាំ ដែលត្រូវអាណាព្យាបាល ចាប់បង្ខំ ឲ្យរៀបការ ។
នៅទីក្រុង Guwahati រដ្ឋអាសាម (Assam) ភាគឦសាន្តប្រទេសឥណ្ឌា អាជ្ញាធរបានបើក ប្រតិបត្តិការ ចុះទៅ ចាប់ឃាត់ ខ្លួន មនុស្ស ចំនួន៤១៦ នាក់ កាលពីយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ ទី ២២ធ្នូ បន្ទាប់ពីមនុស្ស ទាំងនេះ បានចូលរួម រៀបចំ ពិធីរៀបអាពាហ៍ ពិពាហ៍ កុមារ។ សមត្ថកិច្ច បានកសាងសំណុំរឿងចំនួន ៣៣៥ករណី ដើម្បី បញ្ជូន មនុស្ស ទាំងនេះ ទៅកាន់តុលាការ ភ្លាមៗ។
លោក Himanta Biswa Sarma អភិបាលរដ្ឋអាសាម បានអះអាងប្រាប់អ្នកកាសែតថា រដ្ឋបាល លោក បានប្តេជ្ញាចិត្ត ប្រយុទ្ធ ប្រឆាំង ឲ្យ បានសម្រេចនៅឆ្នាំ ២០២៦ ដើម្បី លុបបំបាត់អាពាហ៍ ពិពាហ៍ កុមារ ព្រោះថាវា គឺ ជាជម្ងឺសង្គម មួយធ្ងន់ធ្ងរ។
សូមបញ្ជាក់ថា បើគិត ពី ដើមឆ្នាំ ២០២៣មក អាជ្ញាធររដ្ឋអាសាម បាន ឲ្យដឹងថា នេះគឺជា ប្រតិបត្តិការ ចុះបង្ក្រាប ដំណាក់ កាល លើក ទី ៣ហើយ ។ ដំណាក់កាលទី ១ កាលពី ខែកុម្ភៈឆ្នាំ ២០២៣ ចាប់ឃាត់ខ្លួ ន មនុស្ស ចំនួន ៣៤៨៣នាក់ ដំណាក់ កាលទី ២នៅខែតុលា ២០២៣ ចាប់ខ្លួនមនុស្ស ៩១៥នាក់ ។ សរុបទាំងអស់ ២ឆ្នាំមកនេះ សមត្ថកិច្ច រដ្ឋអាសាម បានចាប់ឃាត់ខ្លួន មនុស្សប្រមាណ ៤៨០០នាក់ ក្នុងនោះមានទាំងឪពុកម្តាយ អាណាព្យាបាល និង មន្ត្រី អត្រានុកូលដ្ឋាន ស្រុក ភូមិផង ដែលពាក់ ព័ន្ធនឹងការរៀបអាពាហ៍ពិពាហ៍កុមារ ។
គួរបញ្ជាក់ថា តាមច្បាប់ឥណ្ឌា អាយុ គ្រប់រៀបការគឺ ១៨ឆ្នាំ។ ក៍ប៉ុន្តែ យោងតាមតួលេខ ផ្លូវការ របស់ អង្គការសហប្រជាជាតិ យ៉ាងហោចណាស់ មានកុមារឥណ្ឌា ក្រោម អាយុ ចំនួន ២២០លាន នាក់ជារៀងរាល់ឆ្នាំ ដែលត្រូវអាណាព្យាបាលចាប់បង្ខំ ឲ្យរៀបអាពាហ៍ពិពាហ៍ ។ កុមាររងគ្រោះភាគច្រើន គឺជាក្មេងស្រី រស់នៅតាម ទីជនបទដាច់ស្រយាលក្រីក្រ ។ ការចាប់កូន ឲ្យរៀបការទាំងមិនទាន់គ្រប់អាយុ អាចជាមធ្យោបាយ មួយ ដែល ឪពុកម្តាយ គិតថា ដើម្បីរំដោះ បន្ទុក ថវិកាចំណាយ បានប្រាក់ ថ្លៃទឹកដោះ និងឲ្យ កូន អាចមាន សន្តិសុខ ថវិកាដោយសារគ្រួសារខាង ប្តី ។ ក្រោយ រៀបការរួច កុមារីត្រូវ បោះបង់ ចោលការសិក្សា ហើយ ត្រូវធ្វើការងារផ្ទះ ឬអាចរងអំពើហិង្សាក្លាយទាសករ ផ្លូវភេទថែមទៀត។ កុមារី ដែល ត្រូវគេបង្ខំ ឲ្យ រៀបការ ត្រូវពរពោះទាំងវ័យ ក្មេង ហើយត្រូវ ប្រឈមនឹង បញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើន មិនថាកាយសម្បទា ឬសតិស្មារតី ព្រមទាំងអាចប្រឈមគ្រោះថ្នាក់ដល់ ស្លាប់ នៅពេល សម្រាល កូន ។
កាលពីខែ តុលា ឆ្នាំ ២០១៧ តុលាការកំពូល ឥណ្ឌា បានចេញសាលក្រមជាប្រវត្តិសាស្ត្រមួយ ដោយ បាន ប្រកាស ថា ការរួមភេទជាមួយ ភរិយា ដែល មានអាយុ ក្រោម ១៨ឆ្នាំ វាត្រូវបាន ចាត់ទុកថាជា អំពើរំលោភសេពសន្ធវៈ។ ចៅក្រមតុលាការកំពូល ឥណ្ឌាបានគូសបញ្ជាក់ ថា អាពាហ៍ពិពាហ៍ កុមារ បានបំផ្លាញ ជីវិត កុមារី លើគ្រប់សណ្ឋានទាំងអស់ និង ជាការ រំលោភបំពានដ៏ធ្ងន់ធ្ងរមកលើសិទ្ធិរបស់ កុមារ ។
គួរកត់សំគាល់ បញ្ហា អាពិពាហ៍ ពិពាហ៍ កុមារ មិនមែនមានតែនៅឥណ្ឌាមួយ ទេ។ ជារៀងរាល់ ៣វិនាទី ក្នុងពិភពលោកយើង គឺមានកុមារម្នាក់ត្រូវគេចាប់បង្ខំ ឲ្យរៀបការ។ យោងតាម តួលេខឆ្នាំ ២០២៣ របស់អង្គការUnicef ក្នុងចំណោម ករណី អាពាហ៍ ពិពាហ៍ក្មេង ក្រោម អាយុទាំងអស់ គឺមាន ប្រមាណ ៤៤%នៅតំបន់អាស៊ីខាងត្បូង ដែលមានដូចជាឥណ្ឌា ប៉ាគីស្ថាន អាហ្វហ្កានីស្ថាន បង់ក្លាដែស និង ណេប៉ាល់ជាដើម។ ក្រៅពីនេះ នៅតាមបណ្តា ប្រទេសអាហ្វ្រិក ខាងត្បូងសមុទ្រខ្សាច់សាហារ៉ា គឺមាន ប្រមាណ ១៨% ខណៈនៅតាមអាស៊ីខាងកើតនិងប៉ាស៊ីហ្វិក មាន ១២% នៅអាមេរីកខាងត្បូងមាន ៩% និង អាហ្វ្រិក ខាងជើងដើមបូព៌ា មាន ប្រមាណ ៥%។ យោងតាមតួលេខនេះ ករណីអាពាហ៍ពិពាហ៍ កុមារមិនទាន់គ្រប់អាយុ បានធ្លាក់ចុះចន្លោះពី ២៣% ទៅ១៩% នៅក្នុងឆ្នាំ ២០២៣ ដោយ មានការប្រឹងប្រែងពីអាជ្ញាធររដ្ឋ និង អង្គការ ក្រៅរដ្ឋាភិបាល ក្នុងការ ផ្សព្វផ្សាយ អប់រំ ៕
Nº.0259