ជនរងគ្រោះដោយគ្រាប់បែកបរិមាណូ៖ លោកពូទីនមិន យល់ថា តើគ្រាប់បែកនុយក្លេអ៊ែរជាអ្វីនោះទេ

7News

ជនរងគ្រោះដោយគ្រាប់បែកបរិមាណូ៖ លោកពូទីនមិន យល់ថា តើគ្រាប់បែកនុយក្លេអ៊ែរជាអ្វីនោះទេ

នៅទីក្រុង អូស្លូ ប្រទេស ន័រវែស ថ្នាក់ដឹកនាំ ៣រូប របស់ អង្គការ ជប៉ុន នីហុន ហ៊ីដានគ្យោ Nihon Hidankyo ដែល ធ្វើការតស៊ូមតិ ប្រឆាំង នឹង អាវុធនុយក្លេអ៊ែរ បានឡើង ទទួលរង្វាន់ណូបែលសន្តិភាព នៅក្នុងកម្មវិធី ដ៏អធិកអធម ក្រោមព្រះរាជអធិបតីភាព របស់ ព្រះរាជាន័រវែស។ ជាថ្មីម្តងទៀត ជនរងគ្រោះ និងអ្នករួចរស់ជីវិត ពី មហាសោកនាដកម្មដោយសារ គ្រាប់បែកនុយក្លេអ៊ែរ បានទទូចសុំ ឲ្យគ្រប់ប្រមុខរដ្ឋ លុបបំបាត់ កុំ ឲ្យអាវុធប្រល័យលោក មាន វត្តមាន នៅលើ ផែនដី។

ប្រជាជនជប៉ុន ១៧រូប ដែលជាជនរងគ្រោះ និង អ្នករួចរស់ជីវិត ពីការទម្លាក់គ្រាប់បែកបរិមាណូ នៅហ៊ីរ៉ូស្ហ៊ីម៉ា និង ណាហ្កាសាគី មាន វត្តមាន ក្នុងពិធីប្រគល់រង្វាន់ណូបែលសន្តិភាព ដល់ នីហុន ហ៊ីដានគ្យោ អង្គការ តស៊ូមតិ ដើម្បីលុបបំបាត់ អាវុធនុយក្លេអ៊ែរ ដែល ប្រព្រឹត្តទៅ នៅ ទីក្រុង អូស្លូ ប្រទេស ន័រវែស។

នៅក្នុងកម្មវិធី រៀបចំឡើង ក្រោមអធិបតីភាព របស់ ព្រះមហាក្សត្រ ន័រវេស សហស្ថាបនិក បីរូប របស់ អង្គការ ជប៉ុន នីហុន ហ៊ីដានគ្យោ ដែលសុទ្ធតែមានវ័យចំណាស់ ពី៨២ ដល់ ៩២ឆ្នាំ ជាអ្នកតំណាង ឡើង ទទួលរង្វាន់ ណូបែលសន្តិភាព ។

រំភើបដែល បានទទួលរង្វាន់ ពីគណៈកម្មាធិការណូបែល លោក Terumi Tanaka វ័យ ៩២ឆ្នាំ ដែលជា អគ្គលេខាធិការ អង្គការនីហុន ហ៊ីដានគ្យោ បាន ថ្លែង នៅមុខ អ្នកចូលរួម ថា លោក ពិបាកចិត្តហើយក៏ខឹងណាស់ដែរ ដែល ឃើញ មានការគំរាមកំហែង នុយក្លេអ៊ែរ ឡើងវិញ។

លោក Tanakaជាជនរងគ្រោះដោយផ្ទាល់ និងស្ថិតក្នុងចំណោម ជនជាតិ ជប៉ុន ជាង ១សែននាក់ ដែលរួចរស់ជីវិត នៅក្រោយការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ របស់អាមេរិក ទៅលើ ហ៊ីរ៉ូស្ហ៊ីម៉ា និង ណាហ្កាសាគី។ លោក បាន រៀបរាប់ថា នៅពេល យន្តហោះ អាមេរិកទម្លាក់ គ្រាប់បែកនុយក្លេអ៊ែរ ទៅលើ ទីក្រុង ណាហ្កាសាគី លោក មានអាយុ ១៣ឆ្នាំ កំពុងអាន សៀវភៅក្នុង ផ្ទះ។ ផ្ទះ របស់លោក ស្ថិតនៅ តែ ៣គីឡូម៉ែត្រ ពី កន្លែងទម្លាក់គ្រាប់។

ដោយលឺសំឡេង ផ្ទុះ និងដឹងថា គ្រោះថ្នាក់ លោកបាន រត់ចុះ មកជាន់ក្រោមផ្ទះ ប៉ុន្តែ សន្លប់បាត់ស្មារតីដោយសារ កម្លាំងផ្ទុះដែល បំប៉ើងទ្វារ មក សង្កត់ពីលើ។ លោក Tanaka និយាយថា វាជារឿងមិនគួរឲ្យជឿ ដែលលោកអាច នៅរស់ ព្រោះថា មនុស្ស ៥នាក់ ក្នុងគ្រួសារ ក៏ដូចជា ប្រជាជន ជប៉ុនជាច្រើនរយនាក់ បានស្លាប់ ភ្លាម ក្នុង ពេល ទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ។ គេ វាយតម្លៃថា ការទម្លាក់គ្រាប់បែកបរិមាណូពីរគ្រាប់របស់ អាមេរិកទៅលើ ហ៊ីរ៉ូស៊្ហីម៉ា និង ណាហ្កាសាគី នៅក្នុង សង្រ្គាម លោក លើកទី ២ បាន សម្លាប់ ជនជាតិជប៉ុន ប្រមាណ ២១៤០០០នាក់។ ចំពោះលោក Tanaka អាវុធនុយក្លេអ៊ែរ បង្កវិនាសកម្ម ជំងឺរ៉ាំរ៉ៃ និង ទុក្ខវេទនាដ៏ធំធេង ។ ដូច្នេះ ក្នុងនាមជាជនរងគ្រោះម្នាក់ លោកអំពាវនាវ ឲ្យ មនុស្ស ក្នុងពិភពលោក រួមគ្នា ជាពិសេស ថ្នាក់ដឹកនាំ ត្រូវ ចូលរួម ប្តេជ្ញា លុបបំបាត់ កុំ ឲ្យ អាវុធនុយក្លេអ៊ែរ មានវត្តមាននៅលើ ផែនដី។


Nº.0228


 

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top