មេដឹកនាំ កំពូល ថ្មី ២នាក់របស់ សហភាព អឺរ៉ុប អញ្ជើញ ទៅអ៊ុយក្រែន បង្ហាញ ការ គាំទ្រ ឥតងាករេ
ក្នុង ថ្ងៃ ទី១នៃ ការ ចូលកាន់មុខ តំណែងថ្មី ថ្នាក់ដឹកនាំ កំពូល ៗ២នាក់របស់ សហភាព អឺរ៉ុប បានអញ្ជើញ ធ្វើ ដំណើរ ជានិមិត្តរូប ទៅ កាន់ រដ្ឋធានី កៀវ ដើម្បី សម្តែង ការ គាំទ្រ ឥត ងាករេ របស់ សហភាព អឺរ៉ុប ចំពោះ អ៊ុយក្រែន។ ក្នុង ឱកាស នេះ ការ ចរចា រំលត់ភ្លើង សង្គ្រាម ជាប្រធានរឿង ក្តៅ។
ប្រមុខការទូតអឺរ៉ុបថ្មី លោកស្រី Kaja Kallas អតីត នាយករដ្ឋមន្ត្រី អេស្តូនី និងប្រធានក្រុមប្រឹក្សាអឺរ៉ុបថ្មី លោក Antonio Costa អតីត នាយករដ្ឋមន្ត្រីព័រទុយហ្កាល អញ្ជើញ ទៅដល់ រដ្ឋធានី កៀវ ថ្ងៃអាទិត្យ ទី ១ធ្នូ ក្នុង ថ្ងៃទី១ នៃការ ឡើង កាន់ មុខ តំណែង កៅអី ថ្មី របស់ ពួក គេ ។ នៅ ចំពោះ មុខ អ្នក កាសែត មេដឹកនាំកំពូលៗ ថ្មី ទាំង ២របស់ សហភាព អឺរ៉ុប បញ្ជាក់ថា ដំណើរ ទស្សនកិច្ច ទៅក្រុង កៀវ ជើង នេះ បង្ហាញ សារ នយោបាយ យ៉ាងច្បាស់ថា សហភាព អឺរ៉ុប នៅ ខាង អ៊ុយក្រែន និង បន្ត ជួយ គាំទ្រ អ៊ុយក្រែន ជានិច្ច។
ប្រមុខការទូតអឺរ៉ុបថ្មី លោកស្រី Kaja Kallas ធ្លាប់ មាន និន្នាការ ប្រឆាំងរុស្ស៊ី បានអះអាងថា ការ ជួយ គាំទ្រ អ៊ុយក្រែន មិនមែនត្រឹមតែ ជា កិច្ចការ មនុស្សធម៌ ប៉ុណ្ណោះទេ តែ ជារឿងសន្តិសុខ សុវត្ថិភាព ទ្វីប អឺរ៉ុប និងពិភពលោកទាំងមូល ពីព្រោះថា ប្រសិន បើ រុស្ស៊ី ឈ្នះសង្គ្រាម នោះ បក្ស ពួក រុស្ស៊ី ដូចជា ចិន អ៊ីរ៉ង់ និង កូរ៉េខាងជើង ក៏ នឹងកាន់តែ បាន ចិត្ត អាច បង្កបញ្ហា ជម្លោះ និង ធ្វើ ព្យុះ ធ្វើភ្លៀង ពេញ ពិភពលោក តែម្តង។
ដំណើរ ទស្សន កិច្ចថ្នាក់ដឹកនាំអឺរ៉ុប នៅក្រុង កៀវគ្រា នេះ ឋិត ក្នុង បរិបទ សង្គ្រាម អ៊ុយក្រែនដែល កាន់ តែ កើន សន្ទុះ ខ្លាំង ។ ដ្បិត ថា កងទ័ព ក្រុងកៀវ បាញ់ ប្រហារ មីស៊ីល ចូលជ្រៅក្នុងដែនដីរុស្ស៊ី ដោយប្រើមីស៊ីលអាមេរិក ធុន ATACMS និង មីស៊ីលអង់គ្លេសធុន Storm Shadow។ ជាចម្លើយតប រុស្ស៊ី បាញ់ផ្លោង មីស៊ីល បាលីស្ទិក អ៊ីពែរសូនិក ប្រភេទ Oreshnik។ កាំជ្រួច មីស៊ីលរុស្ស៊ី នេះ រត់លឿនជាងសំឡេង ១០ដង ហើយ ហោះចម្ងាយប្រមាណ ៥.៥០០ គីឡូ ម៉ែត្រ ។ បរិបទ ១ទៀត គឺ ការ ឡើង ក្តាប់ អំណាច សេតវិមាន អាមេរិក របស់ លោក ដូណាល់ ត្រាំ កាន់តែកៀកខិត ចូល មកដល់។ លោក ត្រាំ ធ្លាប់ សន្យា បញ្ចប់ សង្គ្រាម អ៊ុយក្រែន។
ប្រឈម មុខ នឹង បរិបទពិភពលោកដូច្នេះ លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ប្រធានាធិបតី អ៊ុយ ក្រែន បាន ផ្តល់ បទសម្ភាស ន៍១ ទៅទូរទស្សន៍ អង់គ្លេស Skynews ចាក់ផ្សាយពីថ្ងៃ សុក្រទី ២៩ វិច្ឆិកា ដោយ លើកឡើងពី លទ្ធភាព ចរចា បញ្ចប់ ជម្លោះ ។ លក្ខខណ្ឌ របស់ លោក ហ្សេឡេនស្គី គឺគេ អាច និយាយ ពី បញ្ចប់ សង្គ្រាម បាន ល្គឹកណាតែ លោក វ្ល៉ាឌីមៀរ ពូទីន មិន ត្រឡប់ មក ឈ្លានពាន អ៊ុយក្រែន ជាថ្មី ហើយ លុះណាតែ ដែនដី អ៊ុយក្រែន ដែល នៅសេស សល់ ទាំង ប៉ុន្មាន ត្រូវ ឋិត ក្រោម ការ ធានាសន្តិសុខ សុវត្ថិភាព ជាដាច់ ខាត ពី សំណាក់ អង្គការ សម្ព័ន្ធ យោធា អូ តង់ ។ បានសេចក្តីថា អ៊ុយក្រែន ត្រូវចូល ជា សមាជិក អូតង់ ។ នេះជាគោល ជំហររបស់ លោក ហ្សេឡេន ស្គី។
ការទាមទារ នេះ ទំនង ជាលំបាកខ្លាំង។ បើតាម ទីភ្នាក់ងារព័ត៌មាន បារាំង អាអែហ្វប៉េ ដែល បានប្រភព ពីអ្នក ការទូត អូតង់ និង ថ្នាក់ដឹកនាំអឺរ៉ុប, ប្រទេស ជាច្រើន នៅជំទាស់ មិន ចង់ឲ្យ អ៊ុយក្រែន ចូល សមាជិក អូតង់ ទេ ព្រោះ ពួក គេ មិន ចង់ ត្រូវប្រឈមមុខ នឹង សង្គ្រាម ដោយ ផ្ទាល់ ជាមួយ រុស្ស៊ី។ នោះគឺតាម រយៈ មាត្រា ៥ របស់ អូតង់ ដែលចែង ពីកិច្ច ការពារ ជាតិ រួម ។
ចំណែក លោក វ្ល៉ាឌីមៀរ ពូទីន, នាពេល កន្លងទៅ លក្ខខណ្ឌ របស់ថ្នាក់ដឹកនាំរុស្ស៊ី ក៏ ដាច់ខាត មិនឲ្យ អ៊ុយក្រែន ចូលសមាជិក អូតង់ នោះដែរ ហើយ ចៅហ្វាយវិមានក្រេមឡាំង ក៏ ទាមទារ គ្រប់គ្រង ដែន ដី ខាងត្បូង និង កើត អ៊ុយ ក្រែន ជាអាទិ៍ តំបន់ ទាំង ៤ Donetsk, Kherson, Lougansk និង Zaporijjia ព្រមទាំង ទឹកដី គ្រីមេ ដែល រុស្ស៊ី បាន លេបត្របាក់ តាំងពី ឆ្នាំ២០១៤ នោះ ផង ៕
Nº.0201