ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលរូបវិទ្យានិងគីមីវិទ្យា ព្រមានពីហានិភ័យនៃបច្ចេកវិទ្យាសិប្បនិម្មិត AI
ពីទីក្រុង ស្តុកខុម នៅថ្ងៃសៅរិ៍ ទី៧ ធ្នូ ម្សិលមិញ ម្ចាស់ជ័យលាភីពានររង្វាន់ណូបែលឆ្នាំ២០២៤ ពីររូប ផ្នែករូបវិទ្យានិងគីមីវិទ្យា បានទទូចឲ្យមានការគ្រប់គ្រងបច្ចេកវិទ្យាសិប្បនិម្មិត AI ឲ្យបានត្រឹមត្រូវ ដើម្បីចៀសវៀងគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយបច្ចេកវិទ្យាថ្មីនេះ។ អ្នកប្រាជ្ញទាំងពីររូប ចង់ផ្ញើសារនេះទៅកាន់មេដឹកនាំនៃប្រទេសមហាអំណាច ដែលកំពុងតែប្រើបច្ចេកវិទ្យា AI សម្រាប់បញ្ជាអាវុធដោយស្វ័យប្រវត្តិ ក្នុងការធ្វើសង្រ្គាម។
នៅក្នុងសន្និសីទកាសែតមួយ នៅទីក្រុងស្តុកខុម គីមីវិទូជនជាតិអង់គ្លេស លោក ដេមីស ហាសាប៊ីស (Demis Hassabis) បានទាញសញ្ញាអាសន្នពីហានិភ័យនៃបច្ចេកវិទ្យាបញ្ញាសិប្បិនិម្មិត AI និងបានស្នើសុំឲ្យមានការគ្រប់គ្រងបច្ចេកវិទ្យានេះ ឲ្យបានត្រឹមត្រូវនិងហ្មត់ចត់ជាបន្ទាន់។ លោក ដេមីស ហាសាប៊ីស ជាម្ចាស់ជ័យលាភីពានរង្វាន់ណូបែលដែលបានរកឃើញអាថ៌កំបាំងនៃប្រូតេអ៊ីន ដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាព័ត៌មានវិទ្យា។ អ្នកប្រាជ្ញរូបនេះបានបន្តទៀតថា នាពេលបច្ចុប្បន្ននេះ ការគ្រប់គ្រងបច្ចេកវិទ្យា AI មិនមែនជារឿងងាយស្រួលឡើយ ពីព្រោះបច្ចេកវិទ្យានេះរីកចម្រើនលឿនខ្លាំង។ លោក ដេមីស ហាសាប៊ីស ចង់ឲ្យមានការស្វែងយល់អំពីការអភិវឌ្ឍន៍បច្ចេកវិទ្យា AI ឲ្យបានស៊ីជម្រៅ និងសម្របខ្លួនទៅនឹងអ្វីដែលមានស្រាប់ ជាពិសេសក្នុងវិស័យសុខាភិបាល និងវិស័យដឹកជញ្ជូន។ បើសិនជាមានការគ្រប់គ្រង និងប្រើប្រាស់បច្ចេកវិទ្យានេះឲ្យត្រឹមត្រូវ មនុស្សជាតិទាំងអស់នឹងទទួលបានអត្ថប្រយោជន៍។
ដោយឡែក រូបវិទូជនជាតិអង់គ្លេស-កាណាដា លោក ចេហ្វ្រី ហ៊ីនតុន (Geoffrey Hinton) ដែល ត្រូវ គេ ស្គាល់ ថា ជាបិតាម្នាក់ នៃ បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត តែងតែព្រមានអំពីហានិភ័យ និងការរីកចម្រើនយ៉ាងលឿននៃបច្ចេកវិទ្យា AI។ លោក ហ៊ីនតុន បានលើកឡើងថា នៅពេលអនាគតដ៏ខ្លីខាងមុខ គ្រោះថ្នាក់មួយបណ្តាលមកពីបច្ចេកវិទ្យានេះ គឺការយកវាទៅប្រើប្រាស់ក្នុងការបញ្ជាអាវុធដោយស្វ័យប្រវត្តិ។ រូបវិទូរូបនេះបានបន្តទៀតថា រដ្ឋាភិបាលនៃប្រទេសមហាអំណាចមួយចំនួន រួមមាន អាមេរិក ចិន រុស្ស៊ី អង់គ្លេស និងអ៊ីស្រាអែល ជាដើម មិនមានឆន្ទះគ្រប់គ្រាន់ក្នុងការគ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឲ្យបានហ្មត់ចត់ឡើយ។ ប្រទេសទាំងនេះ សុទ្ធតែជាប្រទេសផលិតនិងផ្គត់ផ្គង់អាវុឌដ៏ធំជាងគេ ក្នុងពិភពលោក ហើយដែលអាចយកបច្ចេកនេះទៅប្រើក្នុងអាវុធដ៏ទំនើបរបស់ខ្លួន។
លោក ចេហ្វ្រី ហ៊ីនតុន បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថាលោកបានជួបពិភាក្សាជាមួយលោក Elon Musk ដើម្បីនិយាយអំពីគ្រោះថ្នាក់ ដែលបង្កឡើងដោយបច្ចេកវិទ្យា AI ប្រសិនបើមិនមានការប្រើប្រាស់ឲ្យបានត្រឹមត្រូវ។ លោក ហ៊ីនតុន ចង់ឲ្យលោក Elon Musk និយាយជាមួយលោក លោក ដូណាល់ ត្រាំ ដែលនឹងត្រូវចូលកាន់អំណាចនៅខែមករា ខាងមុខនេះ ឲ្យយល់អំពីហានិភ័យធ្ងន់ធ្ងរ ប្រសិនបើមិនមានការគ្រប់គ្រងបច្ចេកវិទ្យាសប្បនិម្មិតឲ្យល្អនោះទេ។