តៃវ៉ាន់ បានទទួលរថក្រោះ Abrams ចំនួន៣៨គ្រឿង ពីអាមេរិក
ក្រសួងការពារជាតិតៃវ៉ាន់ បានប្រកាសនៅថ្ងៃចន្ទ ទី១៦ ធ្នូ ពីការទទួលរថក្រោះ Abrams ពីអាមេរិក ចំនួន ៣៨គ្រឿង ដើម្បីពង្រឹងសមត្ថភាពយោធារបស់ខ្លួន ទប់ទល់នឹងការគំរាមកំហែងនិងឈ្លានពាន របស់ចិនឥតឈប់ឈរ។ សកម្មភាពរបស់អាមេរិកនេះ បានធ្វើឲ្យចិនប្រតិកម្មភ្លាមៗ និងបានទទូចឲ្យអាមេរិកបញ្ឈប់ការលក់អាវុធឲ្យតៃវ៉ាន់។
យោងតាមក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃអាទិត្យ ទី១៥ ធ្នូ រថក្រោះមេរិកប្រភេទ M1A2 Abrams ជាច្រើនគ្រឿង បានមកដល់មូលដ្ឋានទ័ពតៃវ៉ាន់ ដែលស្ថិតនៅខេត្ត Hsinchu ភាគខាងត្បូងនៃទីក្រុងតៃប៉ិ។ រថក្រោះ Abrams នេះ គឺជារថក្រោះថ្មីដំបូងគេ ដែលអាមេរិកបានបញ្ជូនឲ្យតៃវ៉ាន់ ចាប់តាំងពី៣០ ឆ្នាំ កន្លងមកនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានតៃវ៉ាន់ Central News Agency។
អ្នកទទួលខុសត្រូវយោធាតៃវ៉ាន់មួយរូប បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថានៅឆ្នាំ២០១៩ រដ្ឋាភិបាលតៃវ៉ាន់បានបញ្ជាទិញរថក្រោះពីអាមេរិក សរុបចំនួន ១០៩គ្រឿង ក្នុងតម្លៃប្រមាណ ១២០០លានដុល្លារ។ ដូច្នេះ បន្ទាប់ពីរថក្រោះ ៣៨ គ្រឿងខាងលើ អាមេរិកនឹងត្រូវបញ្ជូនរថក្រោះដែលនៅសេះសល់ផ្សេងទៀតឲ្យតៃវ៉ាន់ នៅឆ្នាំ២០២៥ និងឆ្នាំ២០២៦។
គួរបញ្ជាក់ថា អាមេរិកជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិច និងជាអ្នកផ្គត់ផ្គង់អាវុធនិងគ្រាប់ផ្ទុះដ៏ធំជាងគេឲ្យតៃវ៉ាន់ ដែលជាទង្វើមួយ នាំឲ្យចិនខឹងសម្បារយ៉ាងខ្លាំង។ ជាក់ស្តែង ឆ្លើយតបនឹងការបញ្ជូនរថក្រោះអាមេរិកខាងលើនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន Lin Jian បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃចន្ទ ទី១៦ធ្នូនេះ ថាចិនទទូចឲ្យអាមេរិកបញ្ឈប់ការលក់អាវុធ និង គាំទ្រក្រុមទាមទារបំបែកទឹកដីតៃវ៉ាន់ ជាបន្ទាន់។ អ្នកនាំពាក្យរូបនេះ បានបន្តទៀតថា ការព្យាយាមចង់ប្រកាសឯករាជ្យកោះតៃវ៉ាន់ ដោយប្រើប្រាស់យោធា និងជំនួយពីបរទេស នឹងមិនអាចទទួលជោគជ័យជាដាច់ខាត។ ចិនប្តេជ្ញាការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងបូរណភាពទឹកដីរបស់ខ្លួន ដោយប្រើគ្រប់មធ្យោបាយទាំងអស់។
បើគិតមកដល់ពេលបច្ចុប្បន្ននេះ តៃវ៉ាន់មានរថក្រោះសរុបទាំងអស់ ចំនួនប្រមាណ ១០០០គ្រឿង តួយ៉ាងរថក្រោះប្រភេទ CM Brave Tiger ដែលផលិតក្នុងស្រុក ព្រមទាំងរថក្រោះអាមេរិកប្រភេទ M60A3 ដែលបំពាក់បច្ចេកវិទ្យា ចាស់ហួសសម័យ។ កាលពីដើមខែវិច្ឆិកាកន្លងមកនេះ តៃវ៉ាន់ក៏ធ្លាប់បានទទួលពីអាមេរិក នូវជើងទ្រសម្រាប់បាញ់រ៉ូកែត HIMARS ជាច្រើនដើម ទៀតផង។ គូរបញ្ជាក់ថា ជើងទ្រគ្រាប់រ៉ូកែតប្រភេទនេះ ក៏ត្រូវអ៊ុយក្រែនយកទៅប្រើប្រាស់ ក្នុងសមរភូមិសង្រ្គាមជាមួយនឹងរុស្ស៊ី ដូចគ្នាដែរ។
គួរម្លឹកថា នៅប៉ុន្មាន ៥ ទសវត្សរិ៍ចុងក្រោយនេះ អាមេរិកបានលក់គ្រឿងសព្វាវុធ និង គ្រាប់ផ្ទុះឲ្យតៃវ៉ាន់ ដែលគិតជាទឹកប្រាក់សរុប រាប់ពាន់លានដុល្លារ រួមមាន យន្តហោះចម្បាំង F-16 និង នាវា ចម្បាំង ជាច្រើនគ្រឿងទៀត។ គិតត្រឹមឆ្នាំ ២០២៤ តៃវ៉ាន់បានចំណាយប្រាក់លើវិស័យការពារជាតិ ចំនួនប្រមាណ ១៩ពាន់លានដុល្លារ ហើយតៃវ៉ាន់អាចនឹងចំណាយប្រាក់រាប់ពាន់លានដុល្លារបន្ថែមទៀត នៅឆ្នាំ២០២៥ ខាងមុខនេះ។
Nº.0243