Washinton Post ថាលោកត្រាំព្រមានលោកពូទីនក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ រឿងសង្រ្គាមនៅអ៊ុយក្រែន
ប្រធានាធិបតីអាមេរិកជាប់ថ្មីឆ្នោតលោក ដូណាល់ ត្រាំ និងលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានជួបសន្ទនាគ្នាតាមទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍ ទី០៧ វិច្ឆិកា។ នៅក្នុងកិច្ចសន្ទនានេះលោកត្រាំ បានព្រមានលោកពូទីន ក្នុងសំណុំរឿងសង្រ្គាមនៅប្រទេសអ៊ុយក្រែន។ នេះបើយោងតាមកាសែត Washinton Post។ តែក្នុងថ្ងៃចន្ទ ទី១១វិច្ឆិកានេះ រុស្ស៊ីតាមរយៈអ្នកនាំពាក្យវិមានក្រែមឡាំង លោកប៉េស្កូវ បានច្រានចោលភ្លាមៗលើព័ត៌មានរបស់ Washinton Post។
កិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកប្រធានាធិបតីអាមេរិកជាប់ឆ្នោតថ្មី លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន គឺផ្តោតសំខាន់លើសន្តិភាពនៅទ្វីបអឺរ៉ុប។ ក្នុងន័យនេះ លោក ដូណាល់ ត្រាំ បានលើកឡើងពីកិច្ចពិភាក្សាស្វែងរកដំណោះស្រាយដើម្បីឈានទៅបិទបញ្ចប់សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ក្នុងពេលឆាប់ៗខាងមុខ។ នេះបើយោងតាមកាសែតអាមរិក Washinton Post ចេញផ្សាយនៅថ្ងៃអាទិត្យ ទី១០ វិច្ឆិកា។ តាមកាសែតអាមេរិកដដែលមួយនេះ លោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យរុស្ស៊ី កុំឲ្យធ្វើសង្រ្គាមកាន់តែខ្លាំងនៅអ៊ុយក្រែន និងបានរំលឹកពីវត្តមានយោធាអាមេរិកនៅទ្វីបអឺរ៉ុប។ តែមនុស្សជំនិតរបស់លោកត្រាំ ដែល APF បានចោទសួរមិនបានបញ្ជាក់លើព័ត៌មានដែលចុះផ្សាយដោយកាសែត Washinton Post។
ចំណែកអ្នកនាំពាក្យវិមានក្រែមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងមូស្គូ ក្នុងថ្ងៃចន្ទ ទី១១ វិច្ឆិកានេះ ថាគ្មានកិច្ចសន្ទនារវាងលោកត្រាំ និងលោកពូទីនទេ និងថាព័ត៌មានដែលចុះផ្សាយដោយកាសែត Washinton Post ជារឿងប្រឌិតទាំងស្រុង។ តាមលោកប៉េស្កូវ សព្វថ្ងៃនេះ រុស្ស៊ីពុំមានផែនការជាក់លាក់ណាមួយ ពាក់ព័ន្ធនឹងកិច្ចពិភាក្សាអំពីបញ្ហាសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនឡើយ និងថាលោកត្រាំនិងលោកពូទីន បានជជែកពិភាក្សាគ្នាកាលពីសប្តាហ៍មុន ដោយលោកពូទីន បើកផ្លូវឲ្យមានកិច្ចចរចារជាមួយនឹងលោកខាងលិច ពីបញ្ហាសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន តែភាគីអឺរ៉ុប នៅមិនបានឆ្លើយតបយ៉ាងណានៅឡើយ។
គួរបញ្ជាក់ថា នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោត លោកត្រាំ ដែលបានជាប់ឆ្នោតម្តងទៀត និងដែលត្រូវចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ មករា ឆ្នាំ២០២៥ តែងបានលើកជារឿយៗ ពីការបិទបញ្ចប់សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ក្នុងរយៈពេលតែ២៤ម៉ោង ដោយមិនបានបញ្ជាប់ពីផែនការលម្អិតអ្វីឡើយ។
N.0055