កូរ៉េខាងត្បូង ដាក់ពិន័យលើក្រុមហ៊ុនអាមេរិក Meta ពីបទល្មើសប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ដោយខុសច្បាប់
កូរ៉េខាងត្បូង បានផាកពិន័យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Meta ជាទឹកប្រាក់សរុប ប្រមាណជាង ១៤លានអឺរ៉ូ ចំពោះ បទល្មើស ប្រមូលនិងចែកចាយព័ត៌មាន របស់អ្នកប្រើប្រាស់ ចំនួនប្រហែល ១ លាននាក់។ ព័ត៌មាន ខ្លះ ជា រឿង រសើប តួយ៉ាង ពាក់ព័ន្ធនឹងការស្រឡាញ់ភេទដូចគ្នាជាដើម ។ នេះបើយោងតាមស្ថាប័នទទួលបន្ទុកការ
ពារទិន្នន័យផ្ទាល់ខ្លួនរបស់ កូរ៉េខាងត្បូង ប្រកាសផ្សាយ នៅថ្ងៃអង្គារ ទី៥ វិច្ឆិកា។
ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Meta ជាក្រុមហ៊ុនមេគ្រប់គ្រង បណ្តាញសង្គម Facebook និង Instagram បានរំលោភបំពានច្បាប់កូរ៉េខាងត្បូង ដែល ហាមឃាត់មិនឲ្យប្រើប្រាស់ព័ត៌មាន ពាក់ព័ន្ធនឹងការបញ្ចេញមតិផ្នែកនយោបាយ ជំនឿសាសនា និងជីវិតផ្លូវភេទរបស់អ្នកប្រើប្រាស់ ដោយ គ្មាន ការអនុញ្ញាត។ នេះបើ តាមគណៈកម្មការទទួលបន្ទុកការពារទិន្ន័យផ្ទាល់ខ្លួនកូរ៉េខាងត្បូង ដែល ប្រកាស នៅក្នុងសន្និសីទកាសែត នៅក្រុង សេអ៊ូល ។ តាមស្ថាប័នកូរ៉េខាងត្បូងដដែលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះ បានវិភាគទិន្ន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ជាពិសេសទំព័រផ្ទាំងផ្សាយពាណិជ្ជកម្មនៅលើ Facebook ដើម្បីបង្កើតការផ្សាយពាណិជ្ជកម្ម ដោយផ្តោតលើព័ត៌មានរសើប ដែលទាក់ទិន នឹងការផ្សព្វផ្សាយអំពីការស្រឡាញ់ភេទដូចគ្នា និងការរត់គេចខ្លួនរបស់ជនជាតិកូរ៉េខាងជើង។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Meta ក៏ បានប្រមូលទិន្នន័យលម្អិតអំពីជំនឿសាសនា ឬចំណង់ ចំណូលចិត្តខាង ផ្លូវភេទរបស់ជនជាតិកូរ៉េខាងត្បូង ប្រមាណ ១លាននាក់ ហើយបានផ្តល់ព័ត៌មានរសើបរបស់អ្នកប្រើប្រាស់ ចំនួន ៤ ០០០នាក់ ដល់អ្នកផ្សព្វផ្សាយពាណិជ្ជកម្ម។ ជាវិធានា ការ ចំពោះមុខ អាជ្ញាធរ កូរ៉េ ខាងត្បូង ដដែលនេះ បានសម្រេច ផាកពិន័យក្រុមហ៊ុន Meta ជាទឹកប្រាក់សរុប ចំនួន ១៤លាន
៣សែន ដុល្លារ។
គណៈកម្មការទទួលបន្ទុកការពារទិន្ន័យផ្ទាល់ខ្លួនកូរ៉េខាងត្បូង ក៏បានបញ្ជាក្រុមហ៊ុន Meta ឲ្យបង្កើតទិន្នន័យស្របច្បាប់សម្រាប់ការត្រួតពិនិត្យព័ត៌មានរសើបរបស់អ្នកប្រើប្រាស់ ដើម្បីអនុវត្ត វិធានការសុវត្ថិភាព និងឆ្លើយតប នឹងសំណើចូលប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។ ការសម្រេចចិត្តនេះ មានសារៈសំខាន់ ដើម្បីធានាថា ក្រុមហ៊ុនបរទេសខ្នាតអន្តរជាតិទាំងអស់ ត្រូវតែគោរពច្បាប់របស់កូរ៉េខាងត្បូង។
ឆ្លើយតបនឹងការផាកពិន័យនេះ ក្រុមហ៊ុន Meta បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថាក្រុមហ៊ុននឹងពិនិត្យដោយយកចិត្តទុកដាក់ នៅពេលទទួលបានឯកសារសំណុំរឿង ពី គណៈកម្មការទទួលបន្ទុកការពារទិន្ន័យផ្ទាល់ខ្លួនកូរ៉េខាងត្បូង។
ដោយឡែក លោក Vladimir Tikhonov សាស្រ្តាចារ្យនៅសាកលវិទ្យាល័យអូស្លូ នៃប្រទេសន័រវេស បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា សព្វថ្ងៃនេះ បើទោះជាមានឧបសគ្គផ្លូវច្បាប់ ចំពោះអ្នកស្រឡាញ់ភេទដូចគ្នា នៅកូរ៉េខាងត្បូង ក៏ពួកគេទទួលបានការយកចិត្ត ទុកដាក់ នៅក្នុងសង្គម។ ទន្ទឹម នឹង គ្នា នេះ លោកសាស្រ្តាចារ្យ បានបន្តទៀត ថា គួរតែបង្កើនការផ្សព្វផ្សាយពីការស្រឡាញ់ភេទដូចគ្នា នៅកូរ៉េខាងត្បូង។
នៅកូរ៉េខាងត្បូង អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា មិនទាន់ទទួលស្គាល់ស្របច្បាប់នៅឡើយទេ។ សកម្មជនអ្នកស្រឡាញ់ភេទដូចគ្នា បានលើកឡើងតាំងយូរ មកម្លេះ ថាចាំបាច់គួរតែមានច្បាប់ហាមឃាត់មិនឲ្យរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នា៕
N.0023